ព័ត៌មាន

Sony ប្រកាស​ចេញ​ឧបករណ៍​ចាក់​តន្ត្រី Walkman ZX1 និង Walkman F880

ក្រុមហ៊ុន Sony ទើប​បាន​ប្រកាស​ចេញ​នូវ​ឧបករណ៍​ចាក់​តន្ត្រី​ថ្មី ​ដែល​​ស្ថិត​នៅ​ក្នុង​ស្រឡាយ Walkman media players ​​​​​និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។ ឧបករណ៍​ចាក់​តន្ត្រី​ថ្មី​របស់​ក្រុមហ៊ុន​ Sony មាន​ឈ្មោះ​ថា Walkman ZX1 និង Walkman F880 ​ដែល​ត្រូវ​បាន​បំពាក់​ដោយ​ CPU dual-core 1GHz មាន​អេក្រង់​ទំហំ 4-inch ជា​មួយ​​នឹង​កម្រិត​ភាព​ច្បាស់ 480x854pixels និង​ថែម​ទាំង​មាន​ NFC ​និង Bluetooth ផង​ដែរ ។

ជា​មួយ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1 ​ឧបករណ៍​ចាក់​តន្ត្រី​ទាំង​ពីរ Walkman ZX1 និង Walkman F880 ​មាន​​បញ្ចូល​នូវ​បច្ចេកវិទ្យា​សំឡេង​​ឮ​ច្បាស់ (192kHz/24bit high-res audio) ជា​មួយ​នឹង “S Master HX”​ ដែល​អាច​ដំណើរការ​ ​ជា​មួយ​ប្រភេទ file ដូច​ជា AIFF, ALAC, FLAC និង WAV ។

សូម​បញ្ជាក់​ថា ឧបករណ៍​ចាក់​តន្ត្រី​​​​​ Walkman ZX1 ​​ដែល​​ជា​ផលិត​​​ឆ្នើម​របស់​ក្រុមហ៊ុន Sony ​មាន​តម្លៃ​​ប្រហែល​ $760 ​​ជា​មួយ​នឹង​អង្គ​ចង​ចាំ​ទំហំ​ ​128GB ។ ​ដោយ​ឡែក​ចំពោះ Walkman F-880 ​​វិញ​ គឺ​មាន​តម្លៃ $273 សម្រាប់​ម៉ូដែល 16GB, $304 សម្រាប់​ម៉ូដែល 32GB និង $405 ​សម្រាប់​ម៉ូដែល​ 64GB ។ ​ក្រៅ​ពី​នេះ ទាំង Walkman ZX1 និង F880 ​​ក៏​មាន​ជម្រើស​ពណ៌​​ផ្សេងៗ​គ្នា​ផង​ដែរ​ដូច​ជា ស ខ្មៅ ផ្កាឈូក និង ខៀវ ​ហើយ​ចំពោះ Walkman ZX1 នឹង​ត្រូវ​ចេញ​លក់​នៅ​ក្នុង​​ប្រទេស​ជប៉ុន នា​ថ្ងៃ​ទី ៧ ខែ​ធ្នូ និង F880 ​ចេញ​លក់​នៅ​ជប៉ុន នា​ថ្ងៃ​ទី ១៩ ខែ​តុលា ​​​​មិន​​មាន​ព័ត៌មាន​លំអិត​ពី​​ទីផ្សារ​ក្រៅ​ពី​ប្រភេទ​ជប៉ុន​​ នៅ​ឡើយ​​ទេ ៕