ព័ត៌មាន

គម្រោងសាងសង់ការិយាល័យរបស់ Apple ថ្មី

Apple គឺជាក្រុមហ៊ុនបង្កើតឧបករណ៍អេឡិច​ត្រូនិច​ដ៏​ធំមួយ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​ខ្លួន​ឈាន​មុខ​គេ​ក្នុង​ការ​បង្កើត​ស្មាតហ្វូន ថេប្លេត កុំព្យូទ័រ និង​ឧបករណ៍​កំសាន្ត​មួយ​ចំនួន​ទៀត។ ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្កើត​ឧបករណ៍​អេឡិច​ត្រូនិច​ទាំង​អស់ ​នេះ​ហើយ Apple ក៏​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ការ​លំអរ​ទីតាំង​លក់​ផលិត​ផល និង​ការិយា​ល័យ​របស់​ខ្លួន​ផង​ដែរ។ នា ​ពេល​បច្ចុប្បន្ន​នេះ ការិយា​ល័យ​ដ៏​ធំ​របស់ Apple នោះ​គឺ​នៅ​ទីក្រុង Cupertino ដែល​វា​មាន​ផ្ទៃ​ក្រឡា​ដល់​ទៅ 130,000 ម៉ែត្រ​ការ៉េ​ឯ​ណោះ និង​បាន​សាង​សង់​រួច​រាល់​ក្នុង​ឆ្នាំ 1997។

image

កាលពីឆ្នាំ 2006 លោក Steve Jobs អតីត​នាយក​ប្រតិបត្តិ​របស់ Apple ធ្លាប់​បាន​រំលឹក​ពី​គម្រោង​បង្កើត​ការិយា​ល័យ​ដ៏​ធំ​ស្កឹម​ស្កៃ​មួយ​ម្តង​ រួច​ទៅ​ហើយ។ Apple នឹង​មិន​ពង្រីក​ទីតាំង​ការិយា​ល័យ​បច្ចុប្បន្ន​អោយ​ធំ​ជាង​មុន​នោះ​ទេ ប៉ុន្តែ Apple នឹង​ស្វែង​រក​ទីតាំង​ដ៏​ពិសេស​មួយ​ទៀត​នៅ​ឯ​ទីក្រុង Cupertino នេះ​ដដែល ហើយ​វា​នឹង​មាន​ទីតាំង​កាន់​តែ​ធំ​ជាង​មុន​ទៅ​ទៀត​ដែល​មាន​ក្រឡា​ផ្ទៃ​សរុប 260,000 ម៉ែត្រ​ការ៉េ​ឯ​ណោះ។ គម្រូ​ប្លង់​នៃ​ទីតាំង​ការិយា​ល័យ​ដ៏​ធំ​របស់ Apple នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​កាល​ពី​ឆ្នាំ 2013 ម្តង​រួច​ទៅ​ហើយ ដែល​វា​បង្ហាញ​អោយ​យើង​ឃើញ​ពី​អាគារ​ពិសេសៗ​របស់ Apple នឹង​រចនា​សម្ព័ន្ធ​នានា​គួរ​អោយ​ស្ញប់​ស្ញែង​បំផុត។ Apple នឹង​មិន​បង្កើត​អាគារ​ការិយា​ល័យ​ខ្លួន​អោយ​ខ្ពស់​ស្កឹម​ស្កៃ​នោះ​ទេ ប៉ុន្តែ​ខ្លួន​នឹង​បង្កើត​វា​អោយ​មាន​ផ្ទៃ​ក្រឡា​ធំ​នៅ​ចំ​កណ្តាល​ទីតាំង។ ការិយា​ល័យ​ដ៏​ធំ​មាន​រាង​មួល ហើយ​កញ្ចក់​ដែល​នឹង​ប្រើ​ប្រាស់​គឺ​មាន​សណ្ឋាន​កោង​ទាំង​អស់។

imageimage

ក្រៅពីមានការិយាល័យដ៏ធំនៅចំកណ្តាលហើយ Apple នឹង​បង្កើត​អាគារ​ពិសេសៗ​ជា​ច្រើន​ទៀត​ដែល​មាន​ដូច​ជា​អាគារ សិក្សា​ស្រាវ​ជ្រាវ (Research and Development) រោង​សិល្បៈ កន្លែង​ចត​រថយន្ត​ក្រោម​ដី, តំបន់​ទេសភាព​នានា និង​ផ្ទាំង​កញ្ចក់​ចាប់​យក​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដ៏​ធំ។ ប៉ែត​សិប​ភាគ​រយ​នៃ​ផ្ទៃ​ដី​តំបន់​នេះ​នឹង​គ្រប់​ដណ្តប់​ទៅ​ដោយ​រុក្ខជាតិ​ បៃ​តង ដូច្នេះ​បរិស្ថាន​នៅ​តំបន់​នេះ​នឹង​ស្រស់​បំព្រង​រៀង​រាល់​ពេល និង​គ្រប់​រដូវ​កាល​ទាំង​អស់។

ដំណើរការនៃការបង្កើតតំបន់ពិសេសនេះ គ្រោងថានឹង​សម្ភោធ​នៅ​ឆ្នាំ 2013 ហើយ​ចាប់​ផលិត​នៅ​ឆ្នាំ 2015 ប៉ុន្តែ​វា​បាន​ពន្យារ​ពេល​ដល់​ឆ្នាំ 2014 ហើយ​ដំណើរ​ផលិត​ប្រហែល​ជា​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ឆ្នាំ 2016 ឯ​ណោះ។

image

យើងក៏មានខ្សែវីដេអូមួយដែរ ស្តីពីគម្រោងបង្កើតការិយាល័យដ៏​ធំ​របស់ Apple នេះ ដែល​មាន​ការ​ចួល​រួម​ពី​បុគ្កលិក Apple ពិសេសៗ​ជា​ច្រើន​ដែល​មាន​ដូច​ជា​លោក Johny Ive ជា​ដើម។ ខ្សែ​វីដេអូ​នេះ​បាន​បង្ហោះ​ឡើង​ដោយ​គណនី​ Apple មិន​ជា​ផ្លូវ​ការ​មួយ ដូច្នេះ​វា​អាច​នឹង​ត្រូវ​លុប​ចេញ​នៅ​ថ្ងៃ​ណា​មួយ​ក៏​ថា​បាន។

Apple នឹងផ្តល់ព៌តមានលំអិតបន្ថែមទៀតពីគម្រោង​សាង​សង់​ការិយា​ល័យ​ដ៏​ធំ​ធេង និង​មាន​ទេសភាព​ដ៏​ស្រស់​បំព្រង​នេះ​នា​ពេល​ឆាប់ៗ​នេះ។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​យើង​ស្ញប់​ស្ញែង និង​កោត​សរសើរ​ពី​គំរូ​អាគារ​នោះ​គឺ​វា​ពោរ​ពេញ​ទៅ​ដោយ​រុក្ខជាតិ​ជុំ​វិញ​ អាគារ ហើយ​វា​ក៏​បាន​ប្រើ​ប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ផង​ដែរ ដែល​វា​មាន​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​តិច​តួច​បំផុត។