ព័ត៌មាន

បក្ខពួក ​Hackers​ ដែល​ត្រូវបាន​ចាប់ខ្លួន ព្រមាន​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា

ក្រុម​ បក្ខពួក​ Hackers ​ដែល​ត្រូវបាន​ចាប់ខ្លួន បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ដោយ​ព្រមាន​ផ្តួលរំលំ​រដ្ឋា​ ភិបាល​កម្ពុជា ប្រសិន​បើ​មិន​មាន​ការដោះលែង​ក្រុម​របស់​គេ​២​នាក់​។​

​ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​នៃ​ ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៤ បាន​ឃាត់ខ្លួន​ក្រុម ​Hackers ​កម្ពុជា​ចំនួន​០២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​មក​លើ​បណ្តាញ​បច្ចេកវិទ្យា​ ព័ត៌មាន​របស់​ស្ថាប័ន​ជាតិ​សំខាន់ៗ នា​ពេលកន្លងមក​។ អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ រួមមាន​ឈ្មោះ ប៊ុន ឃី​ង​មង្គល​បញ្ញា ហៅ Sexmachine ​ឬ ​Blackcyber ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ ជូ សុង​ហេង ហៅ​Zoro ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​០៣ នៅ​សាកលវិទ្យាល័យ SETEC​។​

imageimage

​ ក្រុម​Hackers បាន​បង្ហោះ​នៅ​ទំព័រ​ដែល​មាន​អ្នក​ចុច ​Likes ​ជាង ៤០០០​នាក់ កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ នឹង​ចាប់ផ្តើម​នៅពេលដែល​មាន​អ្នកគាំទ្រ​ពួក​យើង​ច្រើន ដើម្បី​ជួយ​ដល់​ការដោះលែង​សមាជិក​របស់​គេ​២​នាក់ ។ ក្រុម​នោះ ព្រមាន​ថា​ក្រុម​អនាមិក​ទូទាំង​ពិភពលោក នឹង​ចូល​មក​រួម​ដៃ​ជាមួយ​ពួក​យើង​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ក្រុម​អនាមិក សរសេរថា​«​ពួក​ពុករលួយ​ខ្លាច​យើង ពួក​ស្មោះត្រង់​គាំទ្រ​យើង ពួក​អ្នកតស៊ូ​ចូលរួម​ជាមួយ​យើង ពួក​យើង​មិន​អភ័យទោស ពួក​យើង​មិន​បំភ្លេចចោល​….»​។ ពួក​Hackers​បន្តថា អ្នក​ចាប់​ពួកគេ​ត្រឹមតែ​២​នាក់ ប៉ុន្តែ​ប​ពួកគេ នៅតែ​អាច​បន្ត​ការងារ ហើយ​នឹង​ចាប់ផ្តើម​ឲ្យ​ខ្លាំង​ជាង​មុន​១០​ដង ១០០០​ដង ១០០០០​ដង និង​គ្មាន​ទីប​បញ្ចប់​ចាប់ពី​ពេលនេះ​តទៅ​។​

គេហទំព័រ ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យដឹងថា ក្រុម​Hackers​អនាមិក​កម្ពុជា បានធ្វើ​សកម្មភាព វាយប្រហារ​ធ្វើឲ្យ​រអាក់រអួ​លមិន​ដំណើរការគេហ​ទំព័រ​ (DDos) ជ្រៀតចូល​បណ្តាញ​ព័ត៌មានវិទ្យា​ដោយ​ខុសច្បាប់ លួច​ទិន្នន័យ​សម្ងាត់​ជាតិ​ពី​ប្រព័ន្ធ​ព័ត៌មាន និង​ការកែ​ទំព័រ​ដើម​នៃ​គេហទំព័រ ទៅលើ​ស្ថាន​ប័ន​ជាតិ​សំខាន់ៗ ប្រមាណ​៣០ និង​ស្ថាប័នឯកជន​មួយចំនួនទៀត ចាប់តាំងពី​មុន​ការបោះឆ្នោត​ជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ ក្នុងនោះ​មានដូចជា គេហទំព័រ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងការបរទេស ក្រសួង​ការពារជាតិ និង​សាលា​រាជធានី​ភ្នំពេញ ជាដើម​។​

​ បើតាម​គេហទំព័រ​ដដែល បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នេះ ត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ យោងតាម​មាត្រា ៤២៧, ៤២៨, ៤២៩ នៃ​ក្រម​ព្រហ្មទណ្ឌ ជនសង្ស័យ ត្រូវ​ប្រឈម​នឹង​ការពិន័យ​ជា​ប្រាក់​ពី ១០០ ០០០រៀល ដល់ ៤០០០ ០០០រៀល និង​អាច​ជាប់ពន្ធនាគា​ពី​០១​ខែ រហូតដល់​០២​ឆ្នាំ​។​

​ ថ្មីៗ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បង្ហាញ​សេចក្តីព្រាងច្បាប់​របស់​រដ្ឋាភិបាល​ក្នុង​គ្រប់គ្រង​លើ​ប្រព័ន្ធ​ អ៊ី​ន​ធើ​ណែ​ត ដោយ​សេចក្តីព្រាងច្បាប់​នេះ រឹតបន្តឹង​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន និង​គេហទំព័រ ដែល​អាច​ឈាន​ដល់​ការ​ជាប់ពន្ធនាគារ និង​ការផាកពិន័យ​ជា​ទឹកប្រាក់​។​

​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​ផៃ ស៊ីផា​ន មានប្រសាសន៍ថា ច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ការពិភាក្សា​សម្ងាត់ ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល ហើយ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ទេ​។ លោក​ប្រតិកម្ម​ទៅ​នឹង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ចេញផ្សាយ​សេចក្ដីព្រាងច្បាប់​នេះ​៕

ប្រភពវីដេអូពី៖ Youtube

ប្រភពពី vodhotnews.com