បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយពីគម្រោងរបស់ក្រុមហ៊ុន Apple ក្នុងការផលិតទូរស័ព្ទទំនើប iPhones ជាមួយនឹងអេក្រង់ដែលមានទំហំធំ ពេលនេះយើងទើបទទួលបាននូវសេចក្ដីរាយការណ៍មួយចេញពីប្រទេសចិន ដែលអាចជួយបំភ្លឺកាន់តែច្បាស់ពីព័ត៌មាននេះ ។
យោងតាមសេចក្ដីរាយការណ៍ចេញពីប្រភព CTechnology បានឲ្យដឹងថា ពេលនេះក្រុមហ៊ុន Apple កំពុងសាកល្បងទៅលើគំរូដើមរបស់ iPhone 6 ថ្មីដែលមានអេក្រង់ទំហំ 4.9-inch ។ ដោយឡែកប្រភពដដែលក៏បានឲ្យដឹងផងដែរថា ចំពោះទូរស័ព្ទទំនើប iPhone មួយម៉ូដែលទៀតដែលកាត់ចេញពី iPhone 5C ក៏អាចនឹងមានបំពាក់ដោយអេក្រង់ទំហំធំផងដែរ ប៉ុន្តែគេនៅមិនទាន់ដឹងថា អាចនឹងមានទំហំ 4.9-inch ឬយ៉ាងណានោះទេ ។
សូមបញ្ជាក់ថា នេះមិនមែនជាសេចក្ដីរាយការណ៍ដំបូងដែលបានអះអាងថា Apple នឹងផលិតទូរស័ព្ទទំនើប iPhones ជំនាន់ថ្មីជាមួយនឹងអេក្រង់ទំហំធំនោះទេ ថ្មីៗនេះយើងក៏ធ្លាប់ទទួលព័ត៌មានពីប្រភព Bloomberg ផងដែរថា ក្រុមហ៊ុន Apple នឹងប្រកាសចេញនូវទូរស័ព្ទទំនើប iPhones ចំនួនពីរម៉ូដែលផ្សេងគ្នាសម្រាប់ឆ្នាំខាងមុខនេះ (២០១៤) ដែលមានបំពាក់ដោយអេក្រង់ទំហំចាប់ពី 4.7-inch ទៅដល់ 5.5-inch ។ ដោយឡែកប្រភព Wall Street Journal ក៏ធ្លាប់បានចេញផ្សាយកាលពីខែកញ្ញាផងដែរថា Apple កំពុងសាកល្បងលើ iPhones ដែលអេក្រង់អាចនឹងមានទំហំដល់ទៅ 6.-inch ឯណោះ (Phablet) ។ យ៉ាងណាមិញតាមការវិភាគរបស់លោក Ming-Chi Kuo ដែលចេញពី KGI Securities បានជំទាស់ទាំងស្រុងទៅនឹង iPhone 6 ដែលនឹងមានបំពាក់អេក្រង់ទំហំ 6-inch ហើយថា ទូរស័ព្ទថ្មីនេះអាចនឹងមានអេក្រង់ទំហំចាប់ពី 4.5-inch ទៅ 5-inch ប៉ុណ្ណោះ ។