ព័ត៌មាន

ក្រុមហ៊ុន Apple កំពុងចរចារទិញយកក្រុមហ៊ុនផលិតកាសស្តាប់ត្រចៀក Beats

បើតាមរបាយការណ៍ពី MacRumors, Bloomberg, WSJ និង The New York Times បានឲ្យដឹងថាក្រុមហ៊ុន Apple កំពុងចរចារទិញយកក្រុមហ៊ុនអេឡិចត្រូនិក Beats នាពេលឆាប់ៗនេះហើយ ។ តំលៃចរចារទិញយក គឺមានចំនួន $3.2 ពាន់លានដុល្លារហើយបើសំរេចការទិញនេះគឺជាការទិញយកធំបំផុតរបស់ក្រុមហ៊ុន Apple បន្ទាប់ពីការទិញយកក្រុមហ៊ុន Next ក្នុងតំលៃប្រមាណ $400 លានដុល្លារ។

image

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន Beats ត្រូវបានបង្កើតឡើងដោយអ្នកចំរៀង Rap និង ផលិតករតន្ត្រី Dr. Dre និង លោក Jimmy Iovine។ ក្រៅពីផលិតកាសស្តាប់ត្រចៀក និងឧបករណ៍បំពងសម្លេងដ៏ល្បីល្បាញ Beats ហើយ ក្រុមហ៊ុននេះ ក៏មានសេវាចាក់ស្តាប់ចំរៀងអនឡាញដែលអាចស្តាប់ចំរៀងតាមតំរូវការនៅលើ iPhone និង Android ដោយគ្រាន់តែបង់ប្រាក់ប្រចាំខែ $9.99 ប៉ុណ្ណោះ។

 image

នាយកប្រតិបត្តិ Apple លោក Tim Cook ធ្លាប់និយាយម្តងហើយថា Apple មានទឹកប្រាក់ក្នុងដៃ $150 ពាន់លានដុល្លារ ហើយវានឹងជារឿងគ្មានបញ្ហានោះទេ ក្នុងការចំណាយលុយ 10 ខ្ទង់ ដើម្បីទិញយកក្រុមហ៊ុនដ៏ល្អមួយ ហើយនឹងចំណេញដល់ប្រយោជន៍រយៈពេលវែងរបស់ក្រុមហ៊ុន Apple។ ការទិញយកក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា ដើម្បីស្រោចស្រង់ឡើងវិញនូវការធ្លាក់ចុះការលក់បទចំរៀង នៅលើ iTunes ហើយក្រុមហ៊ុន Apple យល់ឃើញថា សេវាបង់លុយស្តាប់បទចំរៀងតាមតំរូវការ (On Demand Music Service) ដូចជា Spotify, Pandora និង Beats Music គឺជាអ្វីដែលខ្លួននៅខ្វះខាត។ ជាជាងការបង្កើតសេវានេះដោយខ្លួនឯង ក្រុមហ៊ុន Apple ប្រហែលជា គិតថា ការទិញយក គឺងាយស្រួលជាង នឹងឆាប់វាយយកទីផ្សារជាង៕
ប្រភព: MacRumors