ព័ត៌មាន

គណនី Apple ID នៅ អូស្ត្រាលីមានការហែក

មានអតិថិជន Apple ជាច្រើននាក់នៅប្រទេសអូស្ត្រាលី បានត្អូញត្អែរ នៅលើ ទំព័រទ្រទ្រង់សហគមន៍ របស់ Apple ថា ឧបករណ៍របស់ពួកគេត្រូវបានគេចាក់សោរតាមរយៈ Find My iPhone។ ពួកគេជឿថា មានគេហែកគណនី Apple ID របស់ពួកគេ ហើយអ្នកបំបែកកូដ (Hacker) បានចូលទៅ វិបសាយ iCloud ដាក់ ម៉ាស៊ីនរបស់ពួកគេ ក្នុង Lost Mode រួចធ្វើការ ចាក់សោរអេក្រង់ (Passcode) លើឧបករណ៍ iPhone, iPad និង ម៉ាស៊ីន Mac របស់ពួកគេ។

image

ក្នុងករណីខ្លះ សារមួយ បានផ្ញើតាម Find My iPhone ប្រាប់ថា “Device hacked by Oleg Pliss. For unlock device, you need send voucher code by 100 usd/eur (Moneypack/Ukash/PaySafeCard) to email:lock404@hotmail.com for unlock.” ដែលមានន័យថា ឧបករណ៍របស់លោកអ្នក ត្រូវបានហែកកូដ ដោយ Oleg Pliss ហើយបើចង់ដោះវា ត្រូវបង់លុយពី $50 ទៅ $100″។ ការបង់លុយ ត្រូវបង់តាម រយៈ PayPal ទៅកាន់ អ៊ីម៉ែលមួយ ឈ្មោះ lock404@hotmail.com។

អតិថិជន ម្នាក់បាន និយាយថា គាត់ មិនដែលបាន ចែករំលែក លេខកូដសំងាត់ របស់គាត់ ទៅអ្នកណា នោះទេ ហើយវា ជារឿង គួរអោយឆ្ងល់ ដែល ពួក អ្នកបំបែកកូដ អាចស្គាល់ពី លេខសំងាត់ និងគណនី Apple ID របស់គាត់។

ចំណែក PayPal វិញ បានប្រាប់ថា ខ្លួនបាន ដឹងពីរឿងនេះហើយ ហើយថា គណនី PayPal ឈ្មោះ lock404 នេះ មិនមែន ជាអ្នកប្រើប្រាស់ គណនី PayPal នោះទេ ដូចនេះ​ អ្នកដែលបាន ផ្ញើប្រាក់ទៅកាន់ គណនីនេះ​ នឹងត្រូវបាន គេបង្វិលលុយ ត្រឡប់មកវិញ។

ដោយឡែក ក្រុមហ៊ុន Apple វិញ បានចេញមកបកស្រាយថា Server iCloud របស់ខ្លួន មានការរិតត្បិត ប្រព័ន្ធសុវត្ថិភាព ហើយមិនមាន ការវាយលុក លួចទិន្នន័យ នោះទេ។ Apple បានណែនាំ អោយអ្នកប្រើប្រាស់ ដែលជួបបញ្ហានេះ ផ្លាស់ប្តូរ លេខកូដ សំងាត់ របស់ខ្លួន ជាបន្ទាន់ និងជៀសវាង ប្រើ អីុម៉ែលគណនី Apple ID និងលេខសំងាត់ នេះ ដូចគ្នា នៅលើ សេវាផ្សេងទៀត។

បញ្ហានេះ ឃើញកើតមាន តែអតិថិជន Apple ដែលនៅ អូស្ត្រាលី ប៉ុណ្ណោះ ហើយ គេ មិនទាន់រក ឬសគល់របស់វា ឃើញ នៅឡើយទេ។ តែមាន ការប៉ាន់ស្មានថា ប្រហែលជា អតិថិជន ទាំងនោះ ប្រើ លេខកូដ សំងាត់ ដែលខ្សោយពេក ឬ ចាញ់បោក អ៊ីម៉ែលបោកប្រាស់ ដែលផ្ញើដោយពួក បំបែកកូដ បន្លំខ្លួនជា អីុម៉ែលផ្ញើមកពី ក្រុមហ៊ុន Apple អោយ វាយលេខកូដ ចូលទៅក្នុង វិបសាយបន្លំរបស់ពួកគេ។

ចំណែកដំណោះស្រាយ គឺ ត្រូវដូរ លេខកូដសំងាត់ចេញ ហើយបើ នៅជាប់ លេខកូដចាក់សោរអេក្រង់ ជំរើសចុងក្រោយ គឺមានតែ ធ្វើការ Restore ម៉ាស៊ីន ប៉ុណ្ណោះ។ ហើយបើនៅតែ មានបញ្ហាទៀត គឺត្រូវទាក់ទង ទៅ ផ្នែកបំរើអតិថិជន ក្រុមហ៊ុន Apple៕

ប្រភព: ViewNews