ព័ត៌មាន

Apple អាចនឹងប្រកាសពី ផ្នែកទន់ថ្មី សំរាប់គេហដ្ឋានឆ្លាតវៃ នាព្រឹត្តិការណ៍ WWDC ខាងមុខនេះ

បើតាម ប្រភពពី The Financial Times ក្រុមហ៊ុន Apple អាចនឹងបញ្ចេញ ផ្នែកទន់ថ្មីមួយ នាព្រឹត្តិការណ៍ WWDC 2014 ដើមខែក្រោយ ដែលអាច អោយលោកអ្នក បញ្ជារ ពន្លឺ, ប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ក្នុង គេហដ្ឋានផ្សេងទៀត តាមរយៈ iPhone របស់លោកអ្នក។ ប្រភពបានបន្តអោយ ដឹងថា Apple នឹងក្លាយជា អ្នកលេងសំខាន់ម្នាក់ នៅក្នុង “បច្ចេកវិទ្យា គេហដ្ឋានវៃឆ្លាត” ហើយក្រុមហ៊ុននេះ នឹងសហការណ៍ ជាមួយ ក្រុមហ៊ុន ផលិត គ្រឿងអេឡិចត្រូនិកកំសាន្តក្នុងគេហដ្ឋាន គ្រឿងបរិក្ខារ និងឧបករណ៍ ក្នុងគេហដ្ឋាន ដទៃទៀត ដើម្បីអោយ ពួកគេ បញ្ចេញ ផលិតផល ដែលអាចប្រើបាន ជាមួយ iPhone (“Made for iPhone”)។ ក្រៅពីនេះ​ Apple នឹងជួយ ឆែកមើល គុណភាព ព្រមទាំង សុវត្ថិភាព ផលិតផល ដើម្បីការពារ ការវាយលុក ដោយពួកបំបែកកូដ ទៀតផង។

image

ប្រភព បានបន្តទៀតថា គំរោងនេះ​ អាចនឹងមាន ការផ្លាស់ប្តូរ ប៉ុន្តែ គេ ឃើញថា នេះ គឺជា ទំនោរដែល Apple នឹងធ្វើដំណើរឆ្ពោះទៅ ព្រោះ គេ ឃើញ ក្រុមហ៊ុននេះ បានងាកទៅ លុកចូល ទីផ្សារផ្សេងៗ ដូចជា បច្ចេកវិទ្យារថយន្តវៃឆ្លាត ជាមួយ CarPlay, ហាងទំនិញទំនើប ជាមួយ iBeacon និង បច្ចេកវិទ្យា នាឡិកាឆ្លាតវៃ ជាមួយ iWatch ជាដើម។ គោលបំណង របស់ Apple គឺចង់ពង្រីក ការប្រើការ របស់ iPhone ទៅក្នុង ជីវិតប្រចាំថ្ងៃ របស់ អ្នកប្រើប្រាស់។

គួររំលឹកថា នៅក្នុង ហាងទំនិញ Apple Store ក្រុមហ៊ុននេះ​ មានលក់ ឧបករណ៍អេឡិចត្រូនិក សំរាប់គេហដ្ឋានឆ្លាតវៃ រួចទៅហើយ ដូចជា ឧបករណ៍គ្រប់គ្រងសីតុណ្ហភាព Nest Thermostat និង អំពូលភ្លើង Philips Hue Lightbulb ជាដើម៕
ប្រភព: The Financial Times