ព័ត៌មាន

ក្រុមហ៊ុន Huawei បរិច្ចាគថវិកា $200 000 ដល់កាកបាទក្រហមកម្ពុជាក្នុងឆ្នាំ 2015

ភ្នំពេញ ថ្ងៃ​ទី​ 08 ខែ ឧសភា ឆ្នាំ 2015 ៖ ក្រុមហ៊ុន Huawei កម្ពុជា បានបរិច្ចាគថវិកាចំនួន 200.000 ដុល្លារអាមេរិក​ ដល់កាកបាទក្រហមកម្ពុជា ដែលជាផ្នែកមួយនៃការគាំទ្រ ក្នុងនាមជាដៃគូអភិវឌ្ឍន៍ និងបង្ហាញពី​​​ការប្ដេជ្ញាចិត្តជួយរាជរដ្ឋាភិបាលកម្ពុជា​ក្នុងការពព្រឹងវិស័យអប់រំ និងកាត់បន្ថយភាពក្រីក្រ។ ការបរិច្ចាគនេះក៏បានស្ដែងឲ្យឃើញ ពីទស្សនវិស័យនៃការវិនិយោគយូរអង្វែងរបស់ក្រុមហ៊ុន Huawei ក្នុងប្រទេស​កម្ពុជាផងដែរ។ លោក DiaXaing​ ប្រធានទទួលបន្ទុកប្រតិបត្តិករក្រុមហ៊ុន Huawei ជាអ្នក​តំណាង​របស់​ក្រុមហ៊ុនក្នុងការប្រគល់ថវិកា $200 000 ដល់កាកបាទក្រហមកម្ពុជាក្នុងទិវាខួប​លើក​ទី​១៥២​ទិវា​ពិភពលោក​​កាកបាទក្រហម​ អឌ្ឍ​ចន្ទ​ក្រហម​ ០៨ ​ឧសភា​ ២០១៥ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

 image

 ក្រុម​ហ៊ុន​ Huawei គឺជាក្រុមហ៊ុនឈានមុខគេ​មួយ​ខាងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) និងជាក្រុមហ៊ុនស្មាតហ្វូនដ៏ធំលំដាប់លេខ 3 ក្នុងពិភពលោក។ នៅក្នុងឆ្នាំ 2014 ប្រាក់ចំណូលផ្នែកលក់ របស់ក្រុមហ៊ុន Huawei មាន​ចំនួន​ 46,5 ពាន់លានដុល្លារអាមេរិក​ កើនឡើងប្រមាណ 20,6% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញ​ផ្នែក​ប្រតិបត្តិការមានចំនួន​ប្រហែល​ 5,5 ពាន់លានដុល្លារអាមេរិក​ ជាមួយនឹងអត្រាចំណេញប្រមាណ​ 11,9% ។ ក្រុម​ហ៊ុន​ Huawei មាន​ការិយាល័យកណ្តាលប្រចាំតំបន់ផ្សេងៗ​ចំនួន​ 14 កន្លែង​ មជ្ឈមណ្ឌល​​​ស្រាវជ្រាវ និងអភិវឌ្ឍន៍ 16 កន្លែង មជ្ឈមណ្ឌលឆ្នៃប្រឌិត និងបង្កើត​ថ្មី​​ 31 កន្លែង  និងមជ្ឈមណ្ឌលហ្វឹកហ្វឺន​ 45 កន្លែង នៅទូទាំងពិភពលោក។ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ត្រូវបានទទួលស្គាល់ និងពេញនិយមប្រើប្រាស់ក្នុង 170 ប្រទេសទូទាំងពិភពលោក។

image

 ក្រុមហ៊ុន Huawei កម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1999។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិកសញ្ជាតិខ្មែរ​ប្រមាណ 200 នាក់ ហើយ​ 70% នៃបុគ្គលិកសញ្ជាតិខ្មែរទាំងនោះ គឺជាវិស្វករ និងអ្នកបច្ចេកទេសជំនាញផ្នែកបណ្តាញទូរគមនាគមន៍     បម្រើការក្នុងវិស័យព័ត៌មានវិទ្យា និងទូរស័ព្ទស្មាតហ្វូន។ ក្រុមហ៊ុន Huawei ជាអ្នកផ្ដល់សេវាកម្ម និងដំណោះស្រាយផ្សេងៗផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT)  ទៅដល់ក្រុមហ៊ុនបម្រើទូរគមនាគមន៍នៅកម្ពុជាស្ទើរតែទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានបង្កើតឱកាសការងារ និងបណ្ដុះបណ្តាលធនធានមនុស្សដល់ប្រជាជនខ្មែរប្រមាណជាង​ 1.000 នាក់ទៀតផង។ ដំណោះស្រាយផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ទាំងនេះ ផ្តោតទៅលើបច្ចេកវិទ្យាមួយចំនួនដូចជា  GSM (2G), UMTS (3G), LTE (4G), CDMA និង​ទូរស័ព្ទស្មាតហ្វូន​ ក៏ដូចជាការផ្ដល់សេវាកម្មខាងផ្នែកបច្ចេកវិទ្យាចម្បងៗមួយចំនួនទៀត​។ ក្រុមហ៊ុន Huawei ក៏បានកំពុងតែ​ផ្តល់នូវ​ដំណោះស្រាយ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និង​ទូរគមនាគមន៍(ICT) ​ទំនើប​ចុង​ក្រោយ​បំផុត​ ដល់​ប្រតិបត្តិករ រាជរដ្ឋាភិបាល និងក្រុមហ៊ុន​ដៃ​គូ​នានា​ជាច្រើន​។ ​លើសពីនេះទៅទៀត ក្រុម​ហ៊ុន​ Huawei បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ និង​ផ្តល់​​ដំណោះស្រាយ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និង​ទូរគមនាគមន៍(ICT) លំដាប់​លេខ 1 នៅកម្ពុជា។

image

 លោក Cary Yang នាយកប្រតិបត្តិក្រុម​ហ៊ុន​ Huawei Technologies (Cambodia) Co., Ltd បាន​ឲ្យ​ដឹង​ថា ចាប់តាំងពីឆ្នាំ 2008 ដល់ 2014 ក្រុមហ៊ុន Huawei បានបន្ថែមជំនួយផ្នែក​បច្ចេក​ទេស​ និងថវិកា ក៏ដូចជា​ឧបករណ៍ និងហេដ្ឋារចនាសម័ន្ធគមនាគមន៍ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួង និង មន្ទីរនានា ព្រមទាំងកាកបាទក្រហមកម្ពុជាដែលមានទឹកប្រាក់សរុបប្រមាណជាង 6.000.000 ដុល្លារអាមេរិក។ ក្រុមហ៊ុននឹងបន្តការប្តេជ្ញាចិត្តដ៏ម៉ឺង​ម៉ាត់​របស់ខ្លួនក្នុង​ការលើកកម្ពស់​ការ​អភិវឌ្ឍ​សង្គមកម្ពុជា និង​សហគមន៍នីមួយៗ​ទូទាំងប្រទេស។ លោក​បាន​បន្ថែមថា៖ “ថវិកាចំនួន​ 200.000 ដុល្លារអាមេរិក ដែល​ក្រុមហ៊ុន Huawei បានបរិច្ចាគជូន​កាកបាទក្រហមកម្ពុជានៅថ្ងៃនេះ គឺជា​ផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Huawei​ និងជាការប្តេជ្ញាចិត្តឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់សហគមន៍ ប្រជាជន សេដ្ឋ​កិច្ច និងបរិស្ថានក្នុងប្រទេសកម្ពុជា។”