ព័ត៌មាន

ក្រុម​ហ៊ុន​ Champagne កម្ពុជាឈ្នះ​មេដាយ​មាស១ មេដាយ​ប្រាក់២​​ ពាន​រង្វាន់​ Communicator Awards ​លើក​ទី​២១នៅ​សហរដ្ឋអាមេរិក

ក្រុម​ហ៊ុន Champagne Communications ដែល​ជា​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយពាណិជ្ជកម្ម​​បាន​​ និង​កំពុង​រីក​ចម្រើន​យ៉ាងឆាប់រហ័សនោះ​ ថ្មីៗ​នេះ​បាន​ឈ្នះ​ពាន​រង្វាន់​មេដាយ​មាស​ជា​លើក​​ដំបូង ​ក៏ដូចជាមេ​ដាយ​​​ប្រាក់ពីរ​​បន្ថែម​ទៀត ​សម្រាប់​រង្វាន់​ច្នៃ​ប្រឌិតល្អ​បំផុត​ប្រចាំ​ឆ្នាំ​​ ដែល​បានប្រារព្ធ​ធ្វើនៅ​​ក្នុង​កម្មវិធីប្រគល់ពានរង្វាន់ Communicator Awards​ប្រចាំ​​ឆ្នាំ​ លើកទី២១​ នៅ​សហរដ្ឋអាមេរិក។ ការទទួលស្គាល់​ប្រកប​ដោយ​កិត្យានុភាព​នេះ ​រួម​​មាន ​ពាន​​​រង្វាន់ឆ្នើម​(មាស) សម្រាប់ការ​ផ្សព្វ​ផ្សាយ​អំពី​ការសន្សំ​ប្រាក់ «តក់ៗ​ពេញ​បំពង់​» របស់​ធនាគារ ABA ឆ្នាំ ២០១៤ ពានរង្វាន់កិត្តិយស(ប្រាក់) សម្រាប់ការ​ផ្សព្វ​ផ្សាយ​​អំពី​​កម្ចីប្រាក់ “Farm”  របស់ធនាគារ ABA និងពានរង្វាន់កិត្តិយស​​​​​​​​​​​(ប្រាក់)មួយ​ទៀត​ សម្រាប់ការ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជកម្ម​ទូរទស្សន៍ “Alphabet” របស់​ផលិត​ផល​អំពូល​សូឡា​​​ Total Awango ។

 image

លោក អ៊ុង ដានិត ​នាយកគ្រប់គ្រងក្រុម​ហ៊ុន​ បានឱ្យដឹងថា ជោគ​ជ័យ​លើក​នេះ​​​​គឺ​ជា​សញ្ញា​​វិជ្ជ​មាន​មួយ​ ដែល​​បង្ហាញ​នូវ​កម្លាំង​ចលករ​​ ប្រកប​ដោយ​ឧត្តម​ភាព​របស់​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយដ៏​​ថ្មីសន្លាង​​មួយ​នេះ ​ដ្បិត​ក្រុម​ហ៊ុន​​ទើប​តែចាប់​ផ្តើម​​ប្រតិបត្តិការ​របស់​ខ្លួន​​នៅ​ក្នុង​ឆ្នាំ​២០១២។​​ លោក​បាន​បន្ថែម​​ទៀត​ថា៖ «តាំង​ពី​ចាប់​ផ្តើម​ដំបូង ​យើង​តែង​តែ​​នាំ​យក​​​នូវ​​មោទនភាព ប្រកប​ដោយ​កិត្យានុភាព​ដ៏​ធំធេង ​មក​បំពេញ​មហិច្ឆតា​របស់​​ក្រុម​ការងារ​ដើម្បី​បង្កើត​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី ​ខុស​ប្លែក​ពីគេ មាន​លក្ខណៈ​ជាតិ និង​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ខ្ពស់​។ ការ​ទទួល​ស្គាល់​ពីពានរង្វាន់ទំនាក់ទំនងល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ក៏​ដូចជាការ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម​​ហ៊ុន​​ផ្សព្វ​ផ្សាយ​​ល្អ​​បំផុត​ប្រចាំ​ឆ្នាំ ​របស់​ទីភ្នាក់​ងារ​ Campaign Asia-Pacific ជាសក្ខី​ភាព​​បញ្ជាក់​ថា យើងគឺជាក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ដ៏​មាន​ឥទ្ធិពល​មួយ​ ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​ ដែល​​ក្រុម​ហ៊ុន​អតិថិជន​នានា​មិន​គួរ​មើល​រំលង»។

 image

ពានរង្វាន់ទំនាក់ទំនងល្អ​បំផុត​ប្រចាំ​ឆ្នាំ (The Communicator Awards)​ គឺ​ជា​កម្ម​វិធី​ប្រគល់​ពាន​រង្វាន់​អន្តរជាតិ​ដ៏​ឈាន​មុខ​គេមួយ​ ដែល​ទទួលស្គាល់នូវ​​គំនិតច្នៃ​ប្រឌិត​ខ្ពស់​​ក្នុង​ផ្នែក​​ទីផ្សារ និងទំនាក់ទំនង។ ពាន​រង្វាន់​នេះ ​ផ្តោត​សំខាន់​លើកិត្យានុភាព និង​ឧត្តម​ភាព​​​ការងារ ដែល​ពោរ​ពេញ​ដោយ​ការច្នៃប្រឌិតខ្ពស់​​ និង​​ភាព​​ប៉ិន​ប្រសប់​ក្នុង​វិជ្ជាជីវៈ​ ដែល​​មាន​ឥទ្ធិពល​យូរអង្វែង ​ហើយ​​ផ្តល់​នូវ​ឱកាស​ឈ្នះស្មើៗ​​គ្នា ​ដល់​ក្រុម​ហ៊ុន​ចូលរួម​ទាំង​អស់​ ដោយ​មិនគិតពី​វិសាលភាព​របស់​ក្រុមហ៊ុន និង​ថវិការបស់​​គម្រោងនីមួយៗ​​។ ពានរង្វាន់​ទំនាក់​ទំនង​នេះ ​បង្កើតឡើងក្នុងឆ្នាំ១៩៩៥​ ដោយ​ទទួល​បាន​​ការ​ចូលរួម​ពី​បណ្តា​ក្រុម​ហ៊ុន និង​ទី​ភ្នាក់ងារ​នានា​ទូទាំង​ពិភព​លោក​ទាំង​តូច​ទាំ​ង​ធំ​ ជាង៦០០០​ក្រុម​ហ៊ុន​ ដែល​ធ្វើ​ឱ្យពាន​រង្វាន់​នេះ ​ក្លាយ​ជា​ពាន​រង្វាន់​ដ៏ធំបំផុត​មួយ​ នៅ​ក្នុង​ពិភព​លោក។ សូម​បញ្ជាក់ថា ក្រុម​ហ៊ុន Champagne បាន​ទទួលពានរង្វាន់មាស​នេះ ក្នុង​ចំណោម​​​ ក្រុម​ហ៊ុន​​ផ្សព្វផ្សាយពាណិជ្ជកម្មធំៗដទៃ​ទៀត​ ​មកពី ​សហរដ្ឋអាមេរិក អង់គ្លេស និង​អាល្លឺម៉ង់។

លោក អ៊ុង​ ដានិត បានឱ្យដឹងទៀត​​​ថា៖ «សម្រាប់ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​របស់​​កម្ពុជា​​ដ៏​​​តូច​មួយនេះ ​ត្រូវ​បាន​ទទួល​ស្គាល់ក្នុង​ចំណោម​​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ធំៗ​មកពីទីក្រុង​ញូវយ៉ក ទី​ក្រុងឡុងដ៍ និងទីក្រុង Hamburg គឺ​ជា​មហា​​កិត្តិយស​​ដ៏​អស្ចារ្យ ​និងជាសញ្ញា​មួយ​បញ្ជាក់​ថា ​ការងារ​ប្រកប​ដោយគំនិត​​ច្នៃ​ប្រឌិត ​របស់​​យើង​ បាន​​លេច​មុខ​មាត់​នៅទីនោះ ជាមួយការ​បង្កើត​ថ្មី​ដ៏​ល្អឥត​ខ្ចោះ​​នៅ​ក្នុង​ពិភព​លោក»។

 ចាប់តាំងពីចាប់​ផ្តើម​ប្រតិបត្តិការនៅឆ្នាំ ២០១២ ក្រុម​ហ៊ុន Champagne បាន​រីកចម្រើន​​នៅក្រោម​លក្ខខណ្ឌរបស់អតិថិជន និងបុគ្គលិក ដែល​បាន​អភិវឌ្ឍ និង​រីកចម្រើន​​យ៉ាង​ឆាប់​រហ័ស។ ជា​ការ​កត់​សម្គាល់​ ក្រុម​ហ៊ុន​បាន​ចុះ​កិច្ចសន្យាការងាររយៈ​ពេល​មួយឆ្នាំ ជា​មួយ​ក្រុម​ហ៊ុន​ស្រាបៀរ​ Ganzberg ។ ចំណែក​ក្រុម​ហ៊ុន​ដែល​មាន​ទំនាក់​ទំនង​ការងារ​​និង​សហ​ប្រតិបត្តិការ​យូរ​អង្វែង​ជាមួយ​គ្នា មាន​ដូចជា៖ ​ធនាគារ ហុង លីអុង ក្រុមហ៊ុន Huawei មន្ទីរពេទ្យបំរុងរ៉ាត់​  ក្រុម​ហ៊ុនតូយ៉ូតា ​ក្រុម​ហ៊ុន DKSH និង​ក្រុមហ៊ុន Abbott ជា​ដើម៕