ព័ត៌មាន

ក្រុមហ៊ុន Huawei និងក្រុមហ៊ុន China Unicom Shanghai សហការគ្នាដាក់ពង្រាយបណ្តាញ 4.5G LTE-M ផ្អែកលើមូលដ្ឋានបច្ចេកវិទ្យា CIoT

[ទីក្រុងស៊ាងហៃ, ប្រទេសចិន] ថ្ងៃទី ១៣ កក្កដា ឆ្នាំ 2015​៖ ក្រុមហ៊ុន ​Huawei , វិទ្យាស្ថានស្រាវជ្រាវ China Unicom Research Institute និងក្រុមហ៊ុន China Unicom Shanghai បានចាប់ផ្តើមសហការគ្នាក្នុងការដាក់ពង្រាយបច្ចេកវិទ្យាថ្មី CIoT (Cellular Internet of Things) ដោយធ្វើការសាកល្បងទៅលើមូលដ្ឋានគ្រឹះ 4.5G LTE-M នៅក្នុងទីក្រុងស៊ាងហៃស្របទៅតាមការលើកឡើងនៅក្នុងសមាជទូរស័ព្ទពិភពលោកឆ្នាំ 2015 (Mobile World Congress 2015) ។

 image

ក្រុមហ៊ុន China Unicom Shanghai បានសាកល្បងទៅលើប្រព័ន្ធចតរថយន្តឆ្លាតវៃ (Smart Parking) ដោយចាប់ផ្តើមធ្វើពាណិជ្ជកម្មទៅលើបច្ចេកវិទ្យាបណ្តាញ LTE-M ដោយមានមូលដ្ឋានគ្រឹះមកពី CIoT ហើយបណ្តាញ LTE-M នឹងជួយឲ្យក្រុមហ៊ុន China Unicom ពន្លឿននូវសក្តានុពលរបស់ខ្លួន និងក្រសោបយកនូវបច្វេកវិទ្យា IoT (Internet of Things) ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តថ្នាក់ជាតិ “Internet Plus” ។

 image

បណ្តាញ LTE-M ជាលក្ខណៈពិសេសមួយរបស់បច្ចេកវិទ្យា 4.5G និងបច្ចេកវិទ្យា CIoT ចុងក្រោយបង្អស់នៃបណ្តាញ LTE ។ បើប្រៀបធៀបជាមួយនឹងបណ្តាញ LTE គេសង្កេតឃើញថា បណ្តាញ LTE-M អាចបង្កើនការគ្របដណ្តប់ធំជាងដល់ទៅ 100 ដង ហើយចំនួននៃការតភ្ជាប់គឺច្រើនជាងរហូតទៅដល់ 1,000 ដង។ វាពិតជាអស្ចារ្យមែនទែន។​

បណ្តាញ LTE-M ទាមទារឲ្យមាន Spectral Resource ត្រឹមតែ 200KHz ហើយអាចប្រើប្រាស់នៅលើបណ្តាញដែលមានស្រាប់ ដែលធ្វើឲ្យក្រុមហ៊ុននេះអាចអនុវត្តការសាងសង់បានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធិភាពបំផុតទៅលើបណ្តាញបច្ចេកវិទ្យា LTE-M ។

 image

ប្រព័ន្ធការចតរថយន្ត (Smart Parking System) បានសាកល្បងនៅក្នុងទីក្រុងស៊ាងហៃដោយប្រើប្រាស់នូវបណ្តាញ LTE-M ។ អ្នកបើកបរអាចធ្វើការស្វែងរកកន្លែងចតឡាននៅទីកន្លែងណាមួយនៅក្នុងទីក្រុងបានគ្រប់ពេលវេលាដោយប្រើប្រាស់នៅលើកម្មវិធីនៅលើទូរស័ព្ទដៃរបស់ពួកគេ។ ប្រព័ន្ធនេះតំណាងឲ្យផ្នែកមួយនៃគម្រោងយុទ្ធសាស្រ្ត Internet Plus ដែលផ្តល់នូវភាពងាយស្រួលនៃការប្រតិបត្តិការងារប្រចាំថ្ងៃ។

 image

លោក William Wang ដែលជាប្រធានក្រុមហ៊ុន Huawei Wireless FDD Product Line បានមានប្រសាសន៍ថា “ក្រុមហ៊ុន Huawei នឹងបន្តរការគាំទ្រដល់កិច្ចប្រឹងប្រែងដើម្បីយកឈ្នះនូវឧបសគ្គដល់បណ្តាក្រុមហ៊ុនឧស្សាហកម្មបច្ចេកទេស ដើម្បីជួយពួកគេចាប់ឱកាស និងពង្រីកសក្តានុពលដ៏ធំធេង។ បណ្តាញ LTE-M នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការទូទាំងពិភពលោកនៅឆ្នាំ 2016 ។ ពិសេសជាងនេះទៀត យើងបានសហការយ៉ាងទូលំទូលាយជាមួយនឹងបណ្តាក្រុមហ៊ុនធំៗនៅប្រទេសចិន តំបន់អ៊ឺរ៉ុប មជ្ឍឹមបូព៌ា និងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕

សម្រួលអត្ថបទ៖ សុផា