ព័ត៌មាន

ក្រុមហ៊ុន Huawei លក់ចេញស្មាតហ្វូនជាង 100 លានដើមក្នុងឆ្នាំ 2015

ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ 3 ពិភពលោក Huawei បានប្រកាសនាពេលថ្មីៗនេះថា ស្មាតហ្វូន Huawei លក់ដាច់ជាង 100 លានដើមទូទាំងពិភពលោកក្នុងឆ្នាំ 2015 នេះ។ ការប្រកាសនេះធ្វើឡើងនៅក្នុងទំព័រ Weibo របស់ Huawei កាលពីថ្ងៃសុក្រ ទី18 ខែធ្នូ ឆ្នាំ 2015 កន្លងទៅ។ Huawei គឺជាក្រុមហ៊ុនមួយទៀត ដែលមានចំនួនលក់ចេញស្មាតហ្វួន 100 លានដើមក្រៅពីក្រុមហ៊ុនស្មាតហ្វូនធំៗពីរផ្សេងទៀត។

image

លទ្ធផលនៃស្មាតហ្វូនត្រូវបានប្រកាសជាផ្លូវការឡើង ក្រោយរយៈពេលប្រហែល 5 ខែមុន នៅពេលដែលក្រុមហ៊ុនស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធ Android លំដាប់លេខ 2 ពិភពលោកបានប្រកាសជាមុនថា Huawei នឹងលក់ចេញស្មាតហ្វូនឲ្យបាន 100 លានដើមមុនបំណាច់ឆ្នាំ។

ថ្មីៗនេះក្រុមហ៊ុន Huawei សម្ពោធកំពួលស្មាតហ្វូនស៊េរីថ្មី Huawei Mate 8 នៅក្នុងប្រទេសចិន ហើយ Mate 8 ទទួលការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ ឆ្នាំ 2016 នឹងក្លាយជាឆ្នាំដ៏វិសេសវិសាលមួយ ពីព្រោះក្រុមហ៊ុន Huawei គ្រោងនឹងចាប់ផ្ដើមលក់ស្មាតហ្វូនរបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិក ហើយការប្រកាសស្ដីការគម្រោងការលក់នៅក្នុងទីផ្សារអាមេរិកនេះនឹងត្រូវបានប្រកាសនៅក្នុងកម្មវិធី CES ក្នុងខែមករា ឆ្នាំ 2016 ខាងមុខ។

image

បើយោងតាមរបាយការណ៍ថ្មីៗរបស់ Wall Street Journal ស្មាតហ្វូនម៉ូដែល Huawei Mate 8 និង Huawei GR5 នឹងក្លាយជាស្មាតហ្វូន Huawei ដំបូងបំផុតដាក់លក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ហើយ Huawei ក៏នឹងសម្ពោធនាឡិកាវៃឆ្លាត (Smart Watch) របស់ខ្លួននៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 2016 ផងដែរ។