ព័ត៌មាន

និស្សិតកម្ពុជាមានមោទភាពដែលបំរើការនៅក្រុមហ៊ុនសាមសុង

សាមសុងដែលជាក្រុមគ្រឿងអេឡិចត្រូនិចដ៏ធំមួយរបស់កូរ៉េខាងត្បួងបានចូលរួមអភិវឌ្ឍផ្នែកបច្ចេកវិទ្យានៅកម្ពុជាតាមរយៈផ្តល់ឱកាសការងារដល់និស្សិតខ្មែរនៅក្នុងមជ្ឈមណ្ឌលសេវាកម្មរបស់សាមសុងក្នុងទីក្រុងភ្នំពេញដើម្បីទទួលបានចំណេះដឹងថ្មីៗពីបុគ្គលិកជំនាញមកពីក្រៅប្រទេសនិងជាការលើកទឹកចិត្ត ដល់និស្សិតដែលកំពុងសិក្សាផ្នែកបច្ចេកវិទ្យា ខណៈពេលដែលកម្ពុជាកំពុងត្រូវការអ្នកជំនាញ ផ្នែកនេះជាច្រើននាក់។

 image

លោក ហួន ជេស្តា ដែលបំរើការនៅក្នុងមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុនសាមសុងនៅក្នុងទី ក្រុងភ្នំពេញបន្ទាប់ពីបានចូលសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលរបស់ Samsung Tech Institute កាលពីឆ្នាំ2014 បានឲ្យដឹងថា៖ «ខ្ញុំបានទទួលចំណេះដឹងទាំងរបៀបជួសជុល ការតំឡើងកម្មវិធីមូល ហេតុដែលបណ្តាលអោយគ្រឿងអេឡិចត្រូនិចខូច Softwareនឹងបច្ចេកវិទ្យា​ថ្មីៗជាច្រើន បន្ទាប់ពីបានមក ធ្វើការងារនៅទីនេះ។ កាលពីមុនយើងរៀនទ្រឹស្តីច្រើន តែនៅទីនេះយើងបានអនុវត្តន៍ច្រើន។ »

 image

មាននិស្សិតដែលរៀបចប់វគ្គសិក្សារបស់Samsung Tech Instituteជំនាន់ទី1 ចំនួន 4 នាក់ ដែលកំពុង បំរើការងារនៅមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុនសាមសុងនៅក្នុងទីក្រុងភ្នំពេញ ដែលរួមមាន លោកលី វ៉ាន់ណយ លោកទុំ បូរិទ្ទ និងលោកណេង បូរ៉ា។

 image

លោក ណេង បូរ៉ា និង លោក លីវ៉ាន់ណយ ក៏បានអោយដឹងដែរថាក្រុមគ្រួសាររបស់​លោកពិត​ជាមាន​​​ មោទនភាព​ណាស់នៅពេលដែលបានឃើញកូនរបស់ខ្លួនបានធ្វើការនៅ​ក្នុងក្រុមហ៊ុនដ៏ល្បី​ល្បាញមួយ​នេះ។​​​​​​​​​  លោក បូរ៉ា  បានបញ្ជាក់ថា៖ «អ្នកភូមិខ្ញុំបានជម្រុញឲ្យកូនៗ មករៀននៅវិទ្យស្ថានជាតិ បច្ចេកវិទ្យានៃកម្ពុជាដើម្បីបានមានឱកាសបានធ្វើការងារក្នុងក្រុមហ៊ុនធំដូចខ្ញុំ។»

វគ្គបណ្តុះបណ្តាលSamsung Tech Instituteគឺជាវគ្គបណ្តុះបណ្តាលបច្ចេកវិជ្ជាដំបូងគេបង្អស់ក្នុង ប្រទេសកម្ពុជាក្រោមការឧបត្ថម្ភនិង រៀបចំឡើង ដោយក្រុមហ៊ុន សាមសុងនិងវិទ្យាស្ថានជាតិបច្ចេកទេស កម្ពុជាតាំងពីឆ្នាំ2014 ដោយមានគោលបំណង លើកកម្ពស់គុណភាពធនធានមនុស្សលើផ្នែកបច្ចេកទេស ដើម្បីប្រាកដថាគ្រប់និស្សិតដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះនឹងអាចទទួលបានចំណេះដឹងពិតប្រាកដើម្បីទទួលបានការងារល្អដើម្បីផ្គត់ផ្គង់គ្រួសារ និងជួយដល់ ការអភិវឌ្ឍន៍សង្គមផងដែរ។ និស្សិតឆ្នើម រៀនចប់ពីវគ្គបណ្តុះបណ្តាលនេះត្រូវបានជ្រើសរើសឲ្យបំរើការងារនៅក្នុងក្រុមហ៊ុនសាមសុង។

លោក ទុំ បូរិទ្ធ ឲ្យដឹងថា៖ « ការចាប់យកជំនាញបច្ចេកវិទ្យានេះ​គឺល្អណាស់​សំរាប់យុវជនកម្ពុជា ព្រោះបច្ចុប្បន្ននេះទីផ្សារការងាមានច្រើនសំរាប់មុខជំនាញនេះហើយនៅពេល​ដែលយុវជន​កម្ពុជា យើងចេះជំនាញនេះ ច្រើនវាក៏ធ្វើអោយបច្ចេកវិទ្យានៅប្រទេសកម្ពុជាមានការរីកចំរើនដែរ។​ »

 image

ថ្មីៗនេះស្របពេលដែលប្រទេសកម្ពុជាបាននិងកំពុងធ្វើកំណែទម្រង់វិស័យអប់រំ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ក៏បានជំរុញនិងលើកទឹកចិត្តអោយនិស្សិតកម្ពុជាចាប់យក​ជំនាញសំខាន់ៗ​ដែល​មានដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វ័កកម្ម និងគណិតវិទ្យា (STEM)  ដែលសុទ្ធសឹង​ជាជំនាញដែល​ជំរុញអោយការស្ថាបនានិងការអភិវឌ្ឍន៍របស់ ប្រទេសកម្ពុជាកាន់តែមាន ការរីកចំរើន។

ក្នុងរយៈ2ឆ្នាំនេះ មាននិស្សិតប្រមាណជាង 100នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ក្នុងចំណោមនោះ និស្សិតខ្លះបានទទួលការងារនៅក្រុមហ៊ុនសាមសុង ភ្នំពេញ  ហើយមាននិស្សិត ជាច្រើននាក់ទៀតដែលបានចេញទៅបម្រើការនៅតាមស្ថាប័នផ្សេងៗទាំងក្នុងប្រទេសនិងក្រៅប្រទេស។ និស្សិតដែលទើបនឹងបញ្ចប់វគ្គបណ្តុះបណ្តាលSamsung Tech Institute ជំនាន់ទី 2 នឹងចូលមក បម្រើការងារនៅក្នុងក្រុមហ៊ុនសាមសុងនាពេលឆាប់នេះ។