ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy S7 ជួយសង្គ្រោះជីវិតក្រុមអ្នកស្ទូចត្រីនៅក្នុងសមុទ្រដ៏ធំមួយក្នុងទីក្រុង Melbourne

វាហាក់ដូចជារឿងនឹកស្មានមិនដល់មួយដែលបានកើតឡើតនៅក្នុងសមុទ្រដ៏ធំមួយនៅក្នុងទីក្រុង Melbourne ដែលទូរស័ព្ទ Samsung Galaxy S7 អាចជួយសង្គ្រោះជីវិតរបស់ក្រុមអ្នកស្ទូចត្រីដែលបានលិចនៅក្នុងសមុទ្រដ៏ធំមួយដោយសារតែកម្លាំងខ្យល់បក់ខ្លាំងបណ្តាលឱ្យទូករបស់ពួកគេលិច ហើយវាក៏ជាព័ត៌មានអស្ចារ្យមួយសម្រាប់ក្រុមហ៊ុន Samsung ផងដែរ។

លោក Nick ដែលមានអាយុ 29 ឆ្នាំគឺជាជាងជួសជុលម៉ាស៊ីនដែលរស់នៅក្នុងទីក្រុង Melbourne បានសម្រេចចិត្តចេញទៅស្ទួចត្រីកម្សាន្តជាមួយនឹងមិត្តភកិ្ត 3 នាក់ផ្សេងទៀត។ ដោយមិនបានដឹងអំពីការជូនដំណឹងនៃអាកាសធាតុមិនល្អ ក្រុមអ្នកស្ទូចត្រីបានចាកចេញពី Lang Lang ទៅកាន់ឈូងសមុទ្រ Western Port Bay នៅក្នុងទីក្រុង Victoria ។ ពួកគេបានចាកចេញទៅដោយមិនបានរៀបចំសម្ភារៈអ្វីដើម្បីការពារខ្លួននោះទេ។

image

Nick រួមនឹងមិត្តភក្តិរបស់គាត់បានចេញទៅស្ទូចត្រីនៅជិតកោះ French Island តែដោយសារការមើលឃើញធាតុអាកាសមិនល្អពួកគេក៏សម្រេចចិត្តវិលត្រលប់មកកាន់កំពង់ផែវិញ។ ប៉ុន្តែអ្វីគ្រប់យ៉ាងកើតឡើងលឿនពេកធាតុអាកាសបានប្រែប្រួលទៅជាអាក្រក់មួយរំពេច។ ទូកតូចមួយរបស់គាត់ចាប់ផ្តើមចូលទឹក ហើយទូកមួយនេះជិតលិចផងដែរ។ ពួកគេបានសម្រេចចិត្តលោតចូលទៅក្នុងទឹកនៅក្នុង Western Port Bay ។

Nick ហើយនឹងមិត្តភក្តិរបស់គាត់មិនបានត្រៀមអ្វីនោះទេ ពួកគេមិនមានសូម្បីតែពោងសុវត្ថិភាព វិទ្យុទាក់ទងឬឧបករណ៍សម្រាប់ប្រកាសអាសន្នមកជាមួយនោះទេ។ វាពិតជាអស់សង្ឃឹមមែនទែនដែលគាត់មិនមានអាវពោងសុវត្ថិភាពដែលអាចជួយគាត់ឱ្យអណ្តែតនៅលើទឹកបាន គាត់គ្មានវិទ្យុទាក់ទង និងគ្មានអ្នកណាបានដឹងអំពីពួកគាត់នោះទេដែលទិដ្ឋភាពពេលនោះគឺពោរពេញដោយក្តីក្រៀមក្រំ និងការអស់សង្ឃឹមយ៉ាងខ្លាំង។

មួយសន្ទុះក្រោយមក Nick នៅចាំបានថាគាត់មានទូរស័ព្ទដៃមួយគ្រឿងដែលមិនចូលទឹក Samsung Galaxy S7 ដែលគាត់ទើបតែទិញប៉ុន្មានខែមុននេះ។ គាត់បានទាញវាចេញមកក្រៅ ហើយរកឃើញថាវានៅតែដំណើរការល្អជាធម្មតាហើយគាត់បានចាប់ផ្តើមទូរស័ព្ទទៅកាន់ក្រុមជួយសង្គ្រោះ Victoria Police ។ ដោយសារតែទូរស័ព្ទ Galaxy S7 នេះហើយទើប Nick អាចធ្វើការទាក់ទងជាមួយនឹងក្រុមជួយសង្គ្រោះបាននឹងស្វែងរកទីតាំងរបស់ពួកគេបាន ហើយមួយម៉ោងក្រោយមកក្រុមជួយសង្គ្រោះបានរកឃើញពួកគេ និងសង្គ្រោះជីវិតរបស់ពួកគេបាន។

នេះគឺជារឿងពិតរបស់ទូរស័ព្ទ Samsung Galaxy S7 ដែលអាចប្រើប្រាស់បាននៅក្នុងស្ថានភាពទឹកប្រៃនៅក្នុងមហាសមុទ្របាន ហើយវាអាចប្រើប្រាស់សម្រាប់ធ្វើការទំនាក់ទំនងជាមួយនឹងក្រុមសង្គ្រោះដើម្បីជួយជីវិតរបស់ពួកគេថែមទៀតផង។ ប្រសិនបើពួកគេមិនមានទូរស័ព្ទនោះទេ សាច់រឿងនេះប្រហែលជាចប់ទៅនៅក្នុងទិដ្ឋភាពផ្សេងមួយទៀតហើយមិនអាចបញ្ចប់ទៅល្អបែបនេះនោះទេ។ ទូរស័ព្ទ Samsung Galaxy S7 បំពាក់នូវមុខងារមិនជ្រាបទឹក IP68 ហើយដោយសារតែទូរស័ព្ទនេះហើយទើបជីវិតរបស់ក្រុមស្ទូចត្រីនៅមាន។ ទូរស័ព្ទនេះពិតជាគួរឱ្យស្ងប់ស្ងែងជាទីបំផុត៕

ប្រភព៖ Ausdroid.net