ព័ត៌មាន

ក្រុមហ៊ុន Uber ចំណាយទឹកប្រាក់ $100,000 ទៅកាន់ហេគឃ័រវ័យ 20 ឆ្នាំនៅ Florida ដើម្បីរក្សាទុកព័ត៌មានជាសម្ងាត់

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Uber ទទួលបានអ៊ីម៉ែលមួយចេញពីជនអានាមិកម្នាក់ដែលទាមទារប្រាក់ដើម្បីជាការដោះដូរទៅលើទិន្នន័យ Database របស់អ្នកប្រើប្រាស់ដែលគេលួចបាន។ បុរសហេគឃ័រអាយុ 20 ឆ្នាំនៅ Florida ដែលទម្លាយទិន្នន័យរបស់ Uber កាលពីឆ្នាំមុននេះត្រូវបង់លុយយ៉ាងច្រើនពីក្រុមហ៊ុននេះដើម្បីលុបចោលទិន្នន័យ និងការរក្សានូវព័ត៌មានសម្ងាត់។

image

កាលពីសប្តាហ៍មុននេះ Uber ប្រកាសថា ការរំលោភបំពានទៅលើទិន្នន័យដ៏ធំនៅក្នុងឆ្នាំ 2016 ខែតុលាដែលមានទិន្នន័យរបស់អ្នកប្រើប្រាស់ជាង 57 លាននាក់របស់អតិថិជន និងអ្នកបើកបរនោះ ក្រុមហ៊ុន Uber ក៏បង់ប្រាក់ចំនួន $100,000 ទៅកាន់ហេគឃ័រពីរនាក់ដើម្បីបំផ្លាញចោលព័ត៌មាននេះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានបង្ហាញព័ត៌មាន ឬអត្តសញ្ញាណរបស់ហេគឃ័រ ឬរបៀបបង់លុយទៅកាន់ហេគឃ័រនោះទេ។

បុគ្គលិកមួយចំនួននៅ Uber និង HackerOne ពិតជាដឹងអំពីអត្តសញ្ញាណពិតប្រាកដរបស់ហេគឃ័រនេះ។ ប្រភពជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Uber ក៏ធ្វើកោសល្យវិច្ច័យទៅលើកុំព្យូទ័ររបស់ហេគឃ័រដើម្បីធ្វើការពិនិត្យមើលថាទិន្នន័យដែលលួចនេះត្រូវបំផ្លាញចោលនោះ ហើយហេគឃ័រក៏យល់ព្រមចុះហត្ថលេខាឈប់ហេគទៀតដែរ។

ទិន្នន័យដែលត្រូវគេហេគបាននៅក្នុងខែតុលា ឆ្នាំ 2016 នេះមានឈ្មោះ និងលេខប័ណ្ណបើកបររបស់អ្នកបើកបរចំនួន 600,000 នាក់នៅសហរដ្ឋអាមេរិក និងអ្នកប្រើប្រាស់ចំនួន 57 លាននាក់ថែមទៀតរួមមានឈ្មោះ អ៊ីម៉ែល និងលេខទូរស័ព្ទ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានផ្ទាល់ខ្លួនដូចជាប្រវត្តិនៃកន្លែងដើរលេង ថ្ងៃខែឆ្នាំកំណើត លេខកាតឥណទាន លេខធនាគារ និងលេខសុវត្ថិភាពបណ្តាញសង្គមមិនទទួលរងការវាយប្រហារនោះទេ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Uber លោក Travis Kalanick ទទួលព័ត៌មានអំពីការវាយប្រហារតាមអ៊ីនធើណិតនេះនៅក្នុងខែវិច្ឆិកាឆ្នាំ 2016 ។ កាលពីសប្តាហ៍មុននេះ អ្នកគ្រប់គ្រងផ្នែកសុវត្ថិភាពកំពូលរបស់ក្រុមហ៊ុន Uber ចំនួន 3 នាក់ដាក់ពាក្យលាឈប់រួមមានលោក Pooja Ashok លោក Prithvi Rai និងលោក Jeff Jones ៕