ព័ត៌មាន

អ្នកស្រាវជ្រាវរបស់ Google បញ្ចេញនូវចំណុចរងគ្រោះរបស់ iOS ដែលអាចធ្វើការ Jailbreak នៅលើ iOS 11

ដូចអ្វីដែលសន្យាកាលពីសប្តាហ៍មុននេះ អ្នកស្រាវជ្រាវឈ្មោះថា Ian Beer របស់គម្រោង Project Zero របស់ក្រុមហ៊ុនបច្ចេកវិទ្យា Google បញ្ចេញនូវចំណុចខ្សោយមួយដែលស្ទើរតែដំនើរការនៅគ្រប់ Apple Devices 64-bits ទាំងអស់ដែលដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 11.1.2 ឬកំណែមុននេះដែលអាចធ្វើការ Jailbreak iOS បានដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដំណើរការកម្មវិធីជាច្រើនដែលមិនមានជារបស់ Apple ។

image

កាលពីព្រលឹមថ្ងៃច័ន្ទនេះ លោក Beer ចែករំលែកនូវព័ត៌មានលម្អិតអំពីចំណុចរងគ្រោះនេះឈ្មោះថា “tfp0,” ដែលរងគ្រោះទៅលើ Kernel ដែលជាស្នូលនៃប្រព័ន្ធប្រតិបត្តិការនេះ។ នៅក្នុង “tfp0” ដំណាងអោយពាក្យថា “task for pid 0” ឬ kernel task port— ដែលផ្តល់នូវការគ្រប់គ្រងពេញលេញទៅលើស្នូលនៃប្រព័ន្ធប្រតិបត្តិការនេះ។ អ្នកស្រាវជ្រាវគម្រោង Project Zero នេះរាយការណ៍ថា ចំណុចរងគ្រោះនេះក៏បញ្ចូនទៅកាន់ក្រុមហ៊ុន Apple នៅក្នុងខែតុលាដែលក្រុមហ៊ុនបញ្ចេញនូវ Patch ជាមួយនឹងការបញ្ចេញនូវកំណែ iOS 11.2 នៅថ្ងៃទី 2 ខែធ្នូខាងមុខនេះ។

ខណៈពេលដែលលោក Beer និយាយថា លោកធ្វើតេស្តដោយជោគជ័យទៅលើចំណុចរងគ្រោះនៃ iPhone 6s និង 7 និង iPod Touch 6G ហើយលោកជឿជាក់ថា ចំណុចរងគ្រោះនេះគួរតែដំណើរការនៅលើគ្រប់ Apple Devices 64-bits ទាំងអស់។ ក្រុមអ្នកស្រាវជ្រាវម្នាក់ទៀតបញ្ជាក់ថា ចំណុចរងគ្រោះនេះក៏មាននៅលើ Apple TvOS 11.x និង TV 4K ដែលកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការ iOS 11.1.2 ។

លោក Beer ក៏និយាយថា លោកក៏ធ្វើតេស្តជោគជ័យទៅលើចំណុចរងគ្រោះរបស់ macOS 10.13 នៅលើ MacBook Air 5.2 ផងដែរ។ ប្រសិនបើលោកអ្នកប្រើប្រាស់នូវ  iOS 11.1.2 jailbreak លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពទៅកាន់ iOS 11.2 ៕