ព័ត៌មាន

ប៉ូលិសរ៉ូម៉ានីចាប់ខ្លួនមនុស្ស ៥ នាក់ពីការចែកចាយមេរោគ CTB Locker និង Cerber Ransomware

ប៉ូលិសរ៉ូម៉ានីចាប់ខ្លួនមនុស្ស ៥ នាក់ដោយជាប់សង្ស័យថាចែករំលែកនូវមេរោគទៅកាន់កុំព្យូទ័ររាប់ម៉ឺនគ្រឿងនៅទូទាំងទ្វីបអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកនៅក្នុងប៉ុន្មានឆ្នាំឆ្នានេះតាមរយៈការចែកចាយមេរោគដ៏ល្បីឈ្មោះចំនួនពីរគឺ Cerber និង CTB Locker ។ នៅក្រោមប្រតិបត្តិការរបស់ Bakovia— ដែលជាប្រតិបត្តិការប៉ូលិសដ៏ធំមួយធ្វើឡើងដោយ Europol ប៉ូលិស FBI និងទីភ្នាក់ងារអនុវត្តន៍ច្បាប់មកពីរ៉ូម៉ានី ហូឡង់ និងចក្រភពអង់គ្លេសវាយឆ្មក់ទៅលើផ្ទះចំនួន ៦ កន្លែងនៅភាគខាងកើតនៃរ៉ូម៉ានី និងចាប់ខ្លួនមនុស្ស ៥ នាក់នេះបើតាមការបញ្ជាក់របស់ Europol នៅថ្ងៃពុធនេះ។

image

អាជ្ញាធររឹបអូសនូវ Hard Drives, External Storages, Laptops, Cryptocurrency Mining Devices ឯកសារជាច្រើនទៀត និងស៊ីមកាតរាប់រយនៅក្នុងអំឡុងពេលនៃការវាយឆ្មក់នេះ។ រឿងមួយដែលសំខាន់នេះគឺថា ជនសង្ស័យទាំង ៥ នាក់នេះមិនមែនឃាត់ខ្លួនសម្រាប់ការអភិវឌ្ឍ និងការគំរាមកំហែងតាមរយៈមេរោគនោះទេ ប៉ុន្តែជនទាំងនេះត្រូវចោទប្រកាន់ពីការចែកចាយមេរោគ CTB Locker និង Cerber ។ ផ្អែកទៅលើ CryptoLocker, CTB Locker, aka Critroni គឺជាប្រភេទមេរោគដែលរីករាលដាលខ្លាំងបំផុតនៅក្នុងឆ្នាំ ២០១៦ ហើយវាគឺជាមេរោគដំបូងបំផុតដែលប្រើប្រាស់នូវបណ្តាញអនាមិក Tor ដើម្បីធ្វើការលាក់នូវពាក្យបញ្ជា និងការគ្រប់គ្រងទៅលើ Servers ។

កាលពីខែមីនា ឆ្នាំ​២០១៦ មេរោគ Cerber ដំណើរការទៅលើសេវាកម្ម ransomware-as-a-service (RaaS) ដើម្បីជួយវាក្នុងការចែកចាយនូវមេរោគនេះ ហើយវាអនុញ្ញាតឱ្យហេគឃ័រធ្វើការចែកចាយមេរោគជាថ្នូរនឹងការបង់ប្រាក់ ៤០% នៃទឹកប្រាក់លោះនីមួយៗ។ ខណៈពេលដែលមេរោគ CTB Locker ជួយជនល្មើសរកប្រាក់បានដល់ទៅ ២៧ លានដុល្លារអាមេរិក មេរោគ Cerber ត្រូវចាត់ចំណាត់ថ្នាក់ដោយក្រុមហ៊ុន Google ជាមេរោគសម្រាប់ការលួចបន្លំប្រាក់ចំណូលខ្ពស់បំផុតរហូតដល់ទៅ ៦.៩ លានដុល្លារអាមេរិកនៅក្នុងខែកក្កដា ឆ្នាំ ២០១៧ នេះ។ ដូចគ្នាទៅនឹងមេរោគជាច្រើនទៀត ការចែកចាយមេរោគ CTB Locker និង Cerber គឺប្រើប្រាស់នូវការវាយប្រហារតាមរយៈ Phishing Emails និង Exploit Kits៕