ព័ត៌មាន

បន្ទាប់ពីការកាត់ទោស ២៧ ឆ្នាំ ហេគឃ័រជនជាតិរុស្សីម្នាក់ប្រឈមមុខនឹងការជាប់ពន្ធនាគារ ១៤ ឆ្នាំទៀត

Roman Valerevich Seleznev គឺជាកូនប្រុសរបស់សមាជិកសភារុស្សីដ៏ល្បីល្បាញម្នាក់ដែលប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំនៅក្នុងសហរដ្ឋអាមេរិកនឹងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំបន្ថែមទៀតដោយសារតែតូនាទីរបស់គាត់នៅក្នុងការរៀបចំឧក្រិដ្ឋកម្មតាមអ៊ីនធើណិតដែលបណ្តាលឱ្យខូចខាតទឹកប្រាក់ ៥៩ លានដុល្លារអាមេរិកនៅទូទាំងសហរដ្ឋអាមេរិក។

image

នៅក្នុងខែមេសា ឆ្នាំនេះ លោក Seleznev ដែលមានអាយុ ៣៣ ឆ្នាំត្រូវជាកូនប្រុសរបស់សមាជិកសភារុស្សីនៅក្នុងគណបក្សប្រជាធិបតេយ្យសេរីនិយម Liberal Democratic Party (LDPR) ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំនៅក្នុងការក្លែងបន្លំកាតដែលធ្វើឱ្យខូចខាតទឹកប្រាក់ដល់ទៅ ១៧០ លានដុល្លារអាមេរិកនៅក្នុងអាជីវកម្មខ្នាតតូច និងស្ថាប័នហិរញ្ញវត្ថុជាច្រើននៅសហរដ្ឋអាមេរិកនោះ។

ការកាត់ទោសនេះមិនធ្លាប់មាននោះទេនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ករណីទាក់ទងទៅនឹងការលួចបន្លំនេះ។ ឥឡូវនេះ បន្ទាប់ពីការប្តឹងទៅលើពីរករណីនេះដោយសារតែការហេគនៅក្នុងខែកញ្ញា លោក Seleznev ត្រូវទទួលការកាត់ទោសបន្ថែមចំនួន ១៤ ឆ្នាំនៅក្នុងរដ្ឋ Nevada និងការកាត់ទោសរយៈពេល ១៤ ឆ្នាំទៀតនៅក្នុងការឃុបឃិតក្នុងការក្លែងបន្លំទៅលើធនាគារនៅក្នុងរដ្ឋ Georgia ។ ការកាត់ទោសនេះនឹងដំណើរការស្របគ្នាទៅនឹងការកាត់ទោសរយៈពេល ២៧ ឆ្នាំមុននេះជាមួយនឹងការលួចបន្លំកាតចំនួន ៣៨ ករណីទៅលើការបន្លំកាត និងការលួចអត្តសញ្ញាណថែមទៀតផង។ ក្រៅពីការជាប់ពន្ធនាគារនេះ លោក Seleznev ក៏ត្រូវបង្គាប់ឱ្យបង់ប្រាក់ចំនួន ៥១ លានដុល្លារអាមេរិកនៅក្នុងករណីនៅរដ្ឋ Nevada និងច្រើនជាង ២.១ លានដុល្លារអាមេរិកនៅក្នុងរដ្ឋ Georgia ។

នាយកដ្ឋានយុត្តិធម៌និយាយថា លោក Seleznev សារភាពថាពិតជាជួយការក្លែងបន្លំអត្តសញ្ញាណ និងការក្លែងបន្លំកាតឥណទានតាមរយៈគេហទំព័រ Carder.su ពិតមែន។ នៅក្នុងករណីនៅរដ្ឋ Nevada លោក Seleznev សារភាពថាកំពុងតែអភិវឌ្ឍទៅលើគេហទំព័រមួយដែលអនុញ្ញាតឱ្យអ្នកលួចទិន្នន័យ និងឧក្រិដ្ឋជនអ៊ីនធើណិតងាយស្រួលក្នុងការទិញនូវកាតឥណទានក្នុងតម្លៃប្រហែលជា ២០ ដុល្លារអាមេរិកក្នុងមួយគណនី និងផ្សព្វផ្សាយគេហទំព័រ Carder.su ផងដែរ៕