ព័ត៌មាន

ហេគឃ័រវ័យក្មេងដែលចូលទៅហេគបណ្តាញ Network នៅក្នុងពន្ធនាគារដើម្បីឱ្យមិត្តភក្តិរបស់គាត់ចេញលឿននោះប្រឈមមុខនឹងការជាប់ពន្ធនាគារ

បុរសវ័យ ២៧ ឆ្នាំម្នាក់មកពីរដ្ឋ Michigan​ ដែលហេគចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលនៅក្នុងពន្ធនាគារ Washtenaw County Jail ដើម្បីផ្លាស់ប្តូរទៅលើកំណត់ត្រាអ្នកទោស និងការដោះលែងមិត្តភកិ្តរបស់គាត់លឿនជាងកាលកំណត់នោះឥឡូវនេះត្រូវទទួលរងការចោទប្រកាន់ពីសហព័ន្ធបន្ទាប់ពីបុរសម្នាក់នេះត្រូវចាប់ខ្លួនបាន។

កាលពីសប្តាហ៍មុននេះ លោក Konrads Voits មកពីតំបន់ Ann Arbor, Michigan ត្រូវចោទប្រកាន់ថាមានទោសពីតុលាកាសហព័ន្ធសម្រាប់ការហេគចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាល Washtenaw នៅដើមឆ្នាំនេះដោយប្រើប្រាស់មេរោគ ការក្លែងបន្លំ Phishing នៅក្នុងការប៉ុនប៉ងមួយដើម្បីជួយមិត្តភកិ្តរបស់គាត់ឱ្យចេញពីពន្ធនាគារលឿន។

image

ព្រះរាជអាជ្ញានិយាយថា លោក  Voits ប្រើប្រាស់នូវទូរស័ព្ទដៃជាច្រើនខលទៅកាន់មន្រ្តីនៅពន្ធនាគារដោយអះអាងថាគាត់គឺជាអ្នកគ្រប់គ្រងនៅនាយកដ្ឋានព័ត៌មានវិទ្យានៅពន្ធនាគារ County Jail និងបោកបញ្ឆោតពួកគេឱ្យធ្វើការទាញយក និងដំណើរការមេរោគនៅលើកុំព្យូទ័រជាច្រើនរបស់ពួកគេដោយចូលទៅកាន់គេហទំព័រក្លែងបន្លំ  “ewashtenavv.org” ខណៈពេលដែលគេហទំព័រពិតប្រាកដរបស់  Washtenaw គឺ “ewashtenaw.org” ។

លោក Voit ក្រោយមកក៏ចូលទៅធ្វើការ Login ទៅលើមន្ត្រីនៅពន្ធនាគារ និងប្រើប្រាស់ព័ត៌មាននេះដើម្បីធ្វើការតម្លើងមេរោគ Malware នៅលើបណ្តាញរបស់ County និងការចូលទៅដំណើរការទៅលើប្រព័ន្ធ XJail system របស់ County នៅក្នុងខែមីនា ឆ្នាំនេះ។ ការចូលទៅដំណើរការទៅក្នុងប្រព័ន្ធនេះអនុញ្ញាតឱ្យលោក Voits អាចលួចទិន្នន័យក្នុងពន្ធនាគាររបស់អ្នកទោសជាច្រើនដូចជាលេខសម្ងាត់ ឈ្មោះអ្នកប្រើប្រាស់ និងអាស័យអ៊ីម៉ែលរបស់បុគ្គលិកច្រើនជាង ១៦០០ នាក់រួមជាមួយនឹងការផ្លាស់ប្តូរទៅលើទិន្នន័យអេឡិចត្រូនិករបស់អ្នកទោស។ មិនមានអ្នកទោសណាម្នាក់ដែលត្រូវដោះលែងនោះទេ។ ហេតុការណ៍នេះកើតឡើងនៅចន្លោះថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៧ និងថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧ ​ហើយវាចំណាយឱ្យ Washtenaw County ច្រើនជាង $235,000 ដើម្បីជួសជុលទៅលើភាពរញ៉េរញ៉ៃសិនមុនពេលដែលអាជ្ញាធរចាប់ខ្លួនលោក Voits ។ លោក Voits ត្រូវចាប់ខ្លួនដោយអាជ្ញាធរជាច្រើនមួយខែក្រោយមក និងចោទប្រកាន់ថាប្រព្រឹត្តិកំហុសកាលពីសប្តាហ៍មុននេះ។ ពេលនេះ លោកប្រឈមមុខនឹងការពិន័យទឹកប្រាក់  $250,000 និងការកាត់ទោសជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ។ លោក Voits ក៏យល់ព្រមក្នុងការអោយកុំព្យូទ័ររបស់គាត់ ទូរស័ព្ទ ៤ គ្រឿង ហើយលោកប្រឈមមុខនឹងការកាត់ទោសជាផ្លូវការនៅថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ៕