ព័ត៌មាន

ការរំលោភទិន្នន័យទៅលើអ្នកប្រើប្រាស់របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ PayPal មានចំនួនដល់ទៅ ១.៦ លានគណនី

ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកសកល PayPal បង្ហាញអំពីការរំលោភបំពានដែលអាចប៉ះពាល់ទៅដល់គណនីចំនួន ១.៦ លានគណនីរបស់អតិថិជនរបស់ក្រុមហ៊ុន TIO ដែលខ្លួនទើបតែទិញនៅឆ្នាំនេះ។ ក្រុមហ៊ុន PayPal Holdings Inc. និយាយថា ការពិនិត្យមើលទៅលើក្រុមហ៊ុន TIO Networks ដែលទើបតែទិញមកនេះបង្ហាញអំពីភស្តុតាងនៃការចូលទៅកាន់បណ្តាញ Network របស់ក្រុមហ៊ុននេះដោយគ្មានការអនុញ្ញាតរួមមានផ្នែកសម្ងាត់មួយចំនួនរបស់ក្រុមហ៊ុន TIO ដែលបានរក្សាទុកនោះ។

image

ក្រុមហ៊ុន PayPal ទិញយកក្រុមហ៊ុន TIO នៅក្នុងតម្លៃ ២៣៣ លានដុល្លារអាមេរិកនៅក្នុងខែកក្កដា ឆ្នាំ ២០១៧ ហើយក្រុមហ៊ុន TIO Network គឺជាប្រព័ន្ធទូទាត់វិក័យបត្រចម្រុះនៅលើ Cloud និងជាអ្នកផ្តល់សេវាកម្មគ្រប់គ្រងដែលបម្រើចេញវិក័យបត្រសម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុន Wireless និងក្រុមហ៊ុនធំៗនៅក្នុងអាមេរិកខាងជើង។ ក្រុមហ៊ុន PayPal​ នៅមិនច្បាស់អំពីពេលណា ឬរបៀបណាដែលទិន្នន័យរបស់ខ្លួនត្រូវបំពាន ហើយក្រុមហ៊ុនក៏មិនទម្លាយទិន្នន័យប្រភេទណាខ្លះដែលត្រូវក្រុមហេគឃ័រលួចបាននោះដែរ។

ការរំលោភទិន្នន័យនៅលើបណ្តាញ​ TIO Networks ត្រូវរកឃើញជាផ្នែកមួយនៃដំណើរការស៊ើបអង្កេតសម្រាប់ការកំណត់ភាពរងគ្រោះផ្នែកសុវត្ថិភាពនៅក្នុងដំណើរការនៃការទូទាត់នេះ។ នៅពេលដែលក្រុមហ៊ុន PayPal រកឃើញអំពីការចូលទៅដំណើរការដោយគ្មានការអនុញ្ញាតនៅលើបណ្តាញរបស់ក្រុមហ៊ុន TIO ក្រុមហ៊ុន PayPal កាត់វិធានការក្នុងការស៊ើបអង្កេតទៅលើក្រុមហ៊ុន​TIO និងនាំយកអ្នកជំនាញផ្នែកអ៊ីនធើណិតដើម្បីពិនិត្យឡើងវិញនូវវិក័យបត្របង់ប្រាក់របស់ TIO ។ ក្រុមហ៊ុនក៏ចាប់ផ្តើមធ្វើការជាមួយនឹងក្រុមហ៊ុនជាច្រើនទៀតដើម្បីផ្តល់ដំណឹងទៅកាន់ជនរងគ្រោះជាច្រើនដែលរងការប៉ះពាល់នេះផងដែរ។ ក្រៅពីការជូនដំណឹងនេះ ដើម្បីការការពារទៅលើអតិថិជនជាច្រើនរបស់ខ្លួននោះ ក្រុមហ៊ុន TIO ក៏ធ្វើការផ្អាកសេវាកម្មរបស់ខ្លួនរហូតទាល់តែការស៊ើបអង្កេតបញ្ចប់ទៅលើឧបទ្ទវហេតុនេះ។ នៅក្នុងការដំណើរការទៅលើការស៊ើបអងេ្កតនេះ ក្រុមហ៊ុន PayPal នឹងទាក់ទងជាមួយនឹងអតិថិជនរបស់ក្រុមហ៊ុន TIO ដោយផ្ទាល់តែម្តង៕