នៅថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាដើម្បីប្រមូលធាតុចូលដើម្បីរៀបចំគោលនយោបាយសម្រាប់ការបង្កើតធុរកិច្ចឌីជីថល (Start-up Policy Hack)។ សិក្ខាសាលានេះ ប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
Start-up Policy Hack គឺជាវេទិកាពិសេសមួយ ដែលផ្តល់ឱកាសដល់អ្នកចូលរួមនិងដៃគូពាក់ព័ន្ធ ធ្វើការពិភាក្សាលើបញ្ហាប្រឈមនិងផលលំបាកនានា ដែលជាការរំខានដល់ការអភិវឌ្ឍឌីជីថល ជូនដល់អ្នករៀបចំគោលនយោបាយដើម្បីកំណត់ជាវិធាន ការគាំទ្រ ការជំរុញការវិនិយោគ និងការលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងស្មោះត្រង់និងស្របច្បាប់ សម្រាប់សហគ្រិននិងអ្នកធ្វើនវានុវត្តន៍ក្នុងវិស័យឌីជីថលនេះ។ សិក្ខាសាលានេះអនុញ្ញាតឱ្យអ្នកចូលរួមនាំយកមកនូវបញ្ហាប្រឈមជាក់លាក់ ដែលពួកគេកំពុងជួបប្រទះក្នុងប្រព័ន្ធអេកូឌីជីថល និងគំនិតនៃរបៀបដោះស្រាយបញ្ហាទាំងនោះ។
បញ្ហាដែលអ្នកចូលរួមនឹងដោះស្រាយ នោះមិនមែនជាការភ្ញាក់ផ្អើលចំពោះខ្លួនឯងនោះទេ ប៉ុន្តែវាជាបញ្ហាប្រឈម ដែលត្រូវបង្ហាញទៅដល់អ្នករៀបចំគោលនយោបាយ ដូចជា ការចម្រាញ់និងការផ្ទៀងផ្ទាត់រកដំណោះស្រាយ ដែលបានលើកឡើង តាមរយៈភាពជាដៃគូររវាងរដ្ឋាភិបាលនិងវិស័យឯកជន។ ការរៀបចំសិក្ខាសាលានេះ ជាការរៀបចំលើកទី១ ដែលការរៀបចំគោលនយោបាយត្រូវបានរៀបចំក្នុងវិធីសាស្ត្រពីក្រោមមកលើ ហើយផ្តល់នូវធាតុចូលយ៉ាងសំខាន់ដល់អ្នកធ្វើគោលនយោបាយ។
ដើម្បីដោះស្រាយបញ្ហារំខានដល់ការអភិវឌ្ឍឌីជីថល (Digital Distruption) រាជរដ្ឋាភិបាលមិនអាចធ្វើគោលនយោបាយតែឯងបានទេ ហេតុនេះ Start-up Policy Hack បានអញ្ជើញអ្នកចូលរួម ដែលមានចំណាប់អារម្មណ៍លើការបង្កើតគោលនយោបាយនេះចូលរួម ដើម្បីបង្កើតជាវិធីសាស្រ្តថ្មីៗ ក្នុងទម្រង់ជាភាពជាដៃគូដែលមានលក្ខណៈ បើកចំហ សហការគ្នា និងផ្តោតលើដំណោះស្រាយដែលអាចអនុវត្តបាន។
អង្គសិក្ខាសាលាផ្តល់ឱកាសដល់អ្នកចូលរួមស្វែងយល់នូវគោលគំនិតនៃការរៀបចំគោលនយោបាយ និងបទ-ប្បញ្ញត្តិនានាដូចជា sandboxes ដែលត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនដែលកំពុងប្រឈមមុខនឹងវិវាទ និងការធ្វើបទប្បញ្ញត្តិ ក្នុងទិសដៅមានភាពមិនស៊ីសង្វាក់គ្នា ជាទូទៅកើតឡើងជាមួយនឹងឧស្សាហកម្មប្រពៃណី ដូចជា វិស័យដឹកជញ្ជូន សុខាភិបាល អប់រំ ធនាគារ ព្រមទាំងវិស័យច្រើនទៀត ទន្ទឹមគ្នានឹងការកកើតឡើង នូវបច្ចេកវិទ្យាដោយប្រើប្រាស់ឌីជីថល ដែលធ្វើនវានុវត្តន៍ដោយក្រុមហ៊ុនថ្មី។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
លោក ស៊ុន រ៉ាពីដ អនុប្រធានវិទ្យាស្ថានជាតិ NIPTICT
ទូរស័ព្ទលេខ 016 868984 អ៊ីម៉េល sun.rapid@niptict.edu.kh