ព័ត៌មាន

ក្រសួង​ប្រៃសណីយ៍ បង្កើត​មូលនិធិ​ ២ ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​បង់​ភាគរយ​នៃ​ប្រាក់​ចំណូល​ដុល​ប្រចាំ​ឆ្នាំរបស់ខ្លួនចូល​ក្នុង​គណនី​របស់រដ្ឋ

នៅក្នុង​សន្និសីទសារ​ព័ត៌មាន ដែលរៀបចំដោយក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ បានឲ្យដឹងថា​ ច្បាប់​ទូរគមនាគមន៍​ឆ្នាំ​២០១៦ បាន​បង្កើត​មូលនិធិចំនួន​ ២ ដែល​នឹងតម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​នី​មួយៗនៅ​កម្ពុជា ​ត្រូវ​បង់ភាគរយ​នៃ​ប្រាក់​ចំណូល​ដុល​ប្រចាំ​ឆ្នាំ​របស់​ខ្លួនចូល​ក្នុង​គណនីរបស់​រដ្ឋាភិបាល​

មូលនិធិ ២នេះ មានមូលនិធិ​នៃ​ការ​កសាង​សមត្ថភាព និង​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​ (CBRD) ​និង​មូលនិធិ​កាតព្វកិច្ច​សកល​ទូរគមនាគមន៍​ (USO)

image

មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព និង​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន​ (CBRD) ​និង​តម្រូវ​ឲ្យ​បង់​ ១ ​ភាគរយ​នៃ​ប្រាក់​ចំណូល​ដុល​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ទាំងអស់​។ ដោយ​ឡែក​មូលនិធិ​កាតព្វកិច្ច​សកល​ទូរគមនាគមន៍​ (USO) ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បង់​ ២ ​ភាគរយ​នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ដុល​របស់​ខ្លួន​។

គោលបំណង​នៃ​មូលនិធិ​ទាំង​ ២ ​នេះ​ គឺ​ដើម្បីលើក​កម្ពស់​ ដល់​ការ​អភិវឌ្ឍ​វិស័យបច្ចេកវិទ្យាគមនាគមន៍ និង​អាជីវកម្មថ្មី ក្នុងសម័យសេដ្ឋកិច្ចឌីជីថល ពីតំបន់ទីក្រុង ទៅដល់​តំបន់​ជនបទ​​។

image

មកដល់ពេលនេះ មាន​តែ​ក្រុមហ៊ុន​ ១១ ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ក្រុមហ៊ុន​ ៣៣ ​ដែល​បាន​ផ្តល់​ប្រាក់​ ១ ​ភាគរយ​ពី​ចំណូល​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០១៧។ ចំនួនក្រុមហ៊ុននៅសល់ ​ក្រសួង​នឹង​មាន​វិធានការ​បើ​ក្រុមហ៊ុន​ទាំង​នោះ​មិន​ព្រម​បង់​ ១ ​ភាគរយ​នេះ​។ ឯកឧត្តម ជុន វ៉ាត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ICT ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​មូលនិធិ CBRD បាន​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​មូលនិធិ CBRD ​នេះ ​ប្រមូល​បាន​ប្រាក់​​ ១,៧ ​លាន​ដុល្លារ ហើយរំពឹង​ថា​នឹង​ទទួល​បាន​ ៧,១៥ ​លាន​ដុល្លារ​នៅ​ពេល​ប្រតិបត្តិករ​ទាំងអស់​បង់​ប្រាក់​នេះ​។

ដោយឡែកឯកឧត្តម តុល ញ៉ក់ អគ្គនាយក​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ USO បានឲ្យដឹងថា មូលនិធិ USO ​នេះ ​ប្រមូល​បាន​ប្រាក់​ ២,៥ ​លាន​ដុល្លារ ហើយ​រំពឹង​ថា​នឹង​មាន​ជាង​ ១០ ​លាន​ដុល្លារនៅ​ត្រឹម​ចុង​ខែ​នេះ​។

គួរបញ្ជាក់ថា ច្បាប់​ទូរគមនាគមន៍​ ចែង​ថា ​ការ​រំលោភ​ណា​មួយ​លើ​ច្បាប់​នេះ​អាច​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ការ​ផ្អាក ឬ​ការ​ដកហូត​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ។ ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាម ក្រសួង​នឹង​អនុម័ត​វិធានការ​ដាក់​វិន័យ ​យោង​តាម​ច្បាប់​នេះ​ប្រសិន​បើ​ចាំបាច់​