ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បញ្ជាក់ថា អតិថិជនជាង ៤០,០០០ នាក់រងគ្រោះដោយសារតែការបែកធ្លាយព័ត៌មានកាតឥណទាន

នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus បញ្ជាក់ថា ប្រព័ន្ធទូទាត់តាមប្រព័ន្ធអនឡាញរបស់ខ្លួនត្រូវទទួលរងការរំលោភបំពានបន្ទាប់ពីមានពាក្យបណ្តឹងជាច្រើនអំពីប្រតិបត្តិការទៅលើកាតឥណទានក្លែងបន្លំរបស់អតិថិជនដែលធ្វើការទិញទំនិញដោយផ្ទាល់ចេញពីវេបសាយផ្លូវការរបស់ក្រុមហ៊ុន។

image

នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិននេះអះអាងថា កាតឥណទានដែលជាកម្មសិទ្ធិរបស់អតិថិជនរបស់ខ្លួនចំនួន 40,000 នាក់ត្រូវបានលួចដោយហេគឃ័រដែលគេមិនស្គាល់ឈ្មោះនៅចន្លោះពាក់កណ្តាលខែវិច្ឆិកាឆ្នាំ ២០១៧ និងថ្ងៃទី​១១ ខែមករាឆ្នាំ ២០១៨ នេះ។

យោងតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ហេគឃ័រមានគោលដៅមួយក្នុងការវាយប្រហារ និងបញ្ចូលនូវ Script មេរោគចូលទៅក្នុងទំព័រនៃការទូទាត់ប្រាក់ដើម្បីធ្វើការក្លែងបន្លំព័ត៌មាននៃកាតឥណទានរបស់អ្នកប្រើប្រាស់តាមរយៈការវាយបញ្ចូលនូវព័ត៌មានរបស់អ្នកប្រើប្រាស់នៅកន្លែងទូទាត់ប្រាក់នោះ។

សម្រាប់កូដមេរោគ Script នេះអាចធ្វើការថតជាប់នូវព័ត៌មាននៃកាតឥណទានទាំងអស់ដូចជាលេខកាត ថ្ងៃផុតកំណត់ និងលេខសុវត្ថិភាពចេញពី Browser Windows របស់អតិថិជនតែម្តង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះជឿជាក់ថា អ្នកប្រើប្រាស់ជាច្រើនដែលទិញទំនិញនៅលើវេបសាយនេះប្រើប្រាស់នូវកាតឥណទានដែលពួកគេបានរក្សាទុក ហើយការប្រើប្រាស់គណនី PayPal គឺមិនមានរងនូវការរំលោភបំពាននោះទេ។

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus នៅតែធ្វើការស៊ើបអង្កេតទៅលើគ្រោះថ្នាក់នេះ និងប្តេជ្ញាធ្វើការត្រួតពិនិត្យទៅលើសុវត្ថិភាពដើម្បីកំណត់នូវវិធីដែលអ្នកវាយប្រហារធ្វើការបញ្ចូលនូវមេរោគ Script ចូលទៅក្នុង Servers នេះ។ ទន្ទឹមនឹងនេះផងដែរ ការទូទាត់តាមកាតឥណទាននេះនៅតែធ្វើការផ្អាកសិននៅលើ OnePlus.net store រហូតទាល់តែការស៊ើបអង្កេតបានបញ្ចប់ ប៉ុន្តែអ្នកប្រើប្រាស់អាចធ្វើការកម្មង់ទិញតាមរយៈ PayPal បានដដែល។

ក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ក៏ធ្វើការជូនដំណឹងទៅកាន់អតិថិជនដែលរងនូវការរំលោភបំពាននេះតាមរយៈអ៊ីម៉ែល និងជូនដំណឹងអោយពួកគេតាមដាននូវគណនីធនាគាររបស់គាត់ប្រសិនបើមានការក្លែងបន្លំណាមួយទៅលើការទូទាត់តាមកាតឥណទាននេះ៕