ព័ត៌មាន

សហរដ្ឋអាមេរិកចោទប្រកាន់ទៅលើជនជាតិអ៊ឺរ៉ង់ ៩ នាក់ក្នុងការហេគទៅកាន់សាកលវិទ្យាល័យជាច្រើនដើម្បីលួចទិន្នន័យស្រាវជ្រាវ

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកប្រកាសអំពីការចោទប្រកាន់ទៅលើបទព្រហ្មទណ្ឌ និងការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងជនជាតិអ៊ឺរ៉ង់ចំនួន ៩ នាក់ដែលពាក់ព័ន្ធទៅនឹងការហេគចូលទៅកាន់សាកលវិទ្យាល័យជាច្រើន ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន និងស្ថាប័នរដ្ឋាភិបាលជាច្រើននៅជុំវិញពិភពលោកដើម្បីលួចនូវធនធានស្រាវជ្រាវវិទ្យាសាស្រ្ត និងឯកសារសិក្សាជាច្រើនទៀតនោះ។

image

យោងតាមមន្ត្រីរបស់ FBI អោយដឹងថា បុគ្គលទាំងនោះភ្ជាប់ទៅនឹងវិទ្យាស្ថាន Mabna ដែលជាក្រុមហ៊ុនអ៊ីរ៉ង់មួយបង្កើតឡើងក្នុងឆ្នាំ 2013 ដែលសមាជិករបស់ពួកគេត្រូវគេចោទប្រកាន់ថាបានជួលដោយរដ្ឋាភិបាលអ៊ីរ៉ង់ដើម្បីប្រមូលព័ត៌មានសម្ងាត់នោះ។ ទោះបីជាខ្លឹមសារនៃឯកសារមិនទាន់ត្រូវគេដឹងនៅឡើយក៏ដោយ ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថាវាអាចជួយអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ឱ្យអភិវឌ្ឍនុយក្លេអ៊ែរបាន។

ក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះ ក្រុមហេគឃ័រដែលឧបត្ថម្ភដោយរដ្ឋត្រូវគេចោទប្រកាន់ថាជ្រៀតចូលសាកលវិទ្យាល័យជាង 320 កន្លែងនៅក្នុង 22 ប្រទេសដែលក្នុងនោះមាន 144 នៅក្នុងសហរដ្ឋអាមេរិក និងលួចទិន្នន័យការសិក្សា និងទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញាលើសពី 30 TB ថែមទៀត។ ក្រុមនេះប្រើការវាយប្រហារលួចបន្លំដើម្បីកំណត់គោលដៅលើគណនីអ៊ីម៉ែល និងប្រព័ន្ធកុំព្យូទ័រជាង 100.000 របស់សាស្រ្តាចារ្យនៅជុំវិញពិភពលោក ហើយទទួលជោគជ័យក្នុងការគ្រប់គ្រងទៅលើគណនីចំនួន 7998 រហូតដល់ចុងខែធ្នូ – ខណៈពេលដែលគណនី 3768 គឺស្ថិតនៅក្នុងសាកលវិទ្យាល័យជាច្រើននៅសហរដ្ឋអាមេរិកនោះ។

 image

ភ្នាក់ងារ FBI ដែលស៊ើបអង្កេតករណីនេះនិយាយថា “គោលដៅចម្បងរបស់ពួកគេគឺដើម្បីទទួលបានឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់សម្រាប់គណនីរបស់សាស្រ្តាចារ្យដូច្នេះពួកគេអាចទទួលបាននូវការចូលដោយគ្មានការអនុញ្ញាត និងលួចយកព័ត៌មានអំពីកម្មសិទ្ធបញ្ញាដែលពួកគេអាចទទួលបាន” ។

យោងតាមការចោទប្រកាន់ដែលមិនបានបង្ហាញនៅថ្ងៃនេះនៅក្នុងតុលាការសហព័ន្ធនៅទីក្រុងម៉ាន់ហាតាន់ (Manhattan) វិទ្យាស្ថាន Mabna Institute ចែករំលែកព័ត៌មានសម្ងាត់ជាមួយនឹងកងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) ដែលជាសាខារបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ដែលទទួលខុសត្រូវក្នុងការប្រមូលព័ត៌មានសម្ងាត់។

បន្ទាប់មកក្រុមនេះបង្កើនទិន្នន័យសិក្សា ហើយលក់មាតិការតាមរយៈគេហទំព័រ Megapaper.ir និង Gigapaper.ir ដែលជាគេហទំព័ររបស់អ៊ីរ៉ង់ដែលអតិថិជនអាចចូលប្រព័ន្ធបណ្ណាល័យតាមប្រព័ន្ធអ៊ីនធឺណែតនៃសាកលវិទ្យាល័យជាច្រើនដែលត្រូវហេគនោះ។

ខាងក្រោមនេះគឺជាឈ្មោះនិងតួនាទីរបស់ជនជាតិអ៊ីរ៉ង់ទាំង 9 នាក់ដែលត្រូវចោទប្រកាន់ដោយតុលាការសហព័ន្ធអាមេរិក:

១. Gholamreza Rafatnejad – ម្នាក់ក្នុងចំណោមសមាជិកស្ថាបនិកនៃវិទ្យាស្ថាន Mabna ។

២. Ehsan Mohammadi – សមាជិកស្ថាបនិកមួយរូបនៃវិទ្យាស្ថាន Mabna ហើយទទួលខុសត្រូវក្នុងការរៀបចំយុទ្ធនាការលួចចូលរួមជាមួយ Rafatnejad ។

៣. Seyed Ali Mirkarimi – ហេគឃ័រដែលចូលរួមនៅក្នុងការបង្កើត និងផ្ញើអ៊ីម៉ែលបន្លំលួចដើម្បីលួចអត្តសញ្ញាណដែលជាកម្មសិទ្ធិរបស់សាស្រ្តាចារ្យសាកលវិទ្យាល័យនោះ។

៤. Mostafa Sadeghi – ហេគឃ័រម្នាក់ទៀតដែលធ្វើការនៅក្នុងវិទ្យាស្ថាន Mabna ដែលត្រូវគេចោទប្រកាន់ថាចូលទៅហេគគណនីច្រើនជាង 1 ពាន់នាក់នៃសាស្រ្តាចារ្យសាកលវិទ្យាល័យ និងផ្លាស់ប្តូរព័ត៌មានរបស់ពួកគេជាមួយដៃគូអ៊ីរ៉ង់។

៥. Sajjad Tahmasebi – អ្នកមើលថែរក្សាបញ្ជីឈ្មោះព័ត៌មានដែលលួច ហើយជួយពួកហេគឃ័រ ដទៃទៀតក្នុងដំណើរការឈ្លបយកការណ៍ដើម្បីរៀបចំបញ្ជីឈ្មោះសាកលវិទ្យាល័យ និងសាស្រ្តាចារ្យដើម្បីជួយសម្រួលដល់យុទ្ធនាការឆបោក Phishing នោះ។

៦. Abdollah Karima – អ្នកជំនួញម្នាក់ដែលជាម្ចាស់ និងដំណើរការវេបសាយដើម្បីលក់សម្ភារៈសិក្សាដែលលួចតាមអ៊ីនធឺរណិត។

៧. Abuzar Gohari Moqadam – សាស្រ្តាចារ្យអ៊ីរ៉ង់ម្នាក់ដែលផ្លាស់ប្តូរអត្តសញ្ញាណទិន្នន័យដែលលួចបានជាមួយនឹងគណនីស្ថាបនិកនៅវិទ្យាស្ថាន Mabna ។

៨. Roozbeh Sabahi – អ្នករៀបចំកុងត្រា (Contractor) នៅវិទ្យាស្ថាន Mabna ។

៩. Mohammed Reza Sabahi – អ្នករៀបចំកុងត្រា (Contractor) នៅវិទ្យាស្ថាន Mabna ដែលជួយក្នុងការធ្វើបញ្ជីរាយនាមសាស្រ្តាចារ្យសាកលវិទ្យាល័យ និងមូលដ្ឋានទិន្នន័យសិក្សា។

ប្រទេសគោលដៅរួមមានប្រទេសជប៉ុន ចិន អូស្ត្រាលី កាណាដា ដាណឺម៉ាក ហ្វាំងឡង់ អាល្លឺម៉ង់ អ៊ីតាលី ម៉ាឡេស៊ី ហូឡង់ ន័រវ៉េ ប៉ូឡូញ សិង្ហបុរី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត ស្វ៊ីស ទួរគី និងចក្រភពអង់គ្លេស៕