ព័ត៌មាន

ប្រទេសរុស្សីគំរាមក្នុងការបិទចោលកម្មវិធីបណ្តាញសង្គម Facebook

កម្មវិធីបណ្តាញសង្គម Facebook អាចនឹងដល់ទីបញ្ចប់នៅក្នុងឆ្នាំ 2018 នេះដើម្បីអនុលោមទៅតាមច្បាប់នៃការផ្ទុកទិន្នន័យរបស់ប្រទេសរុស្សី ឬវាក៏អាចនឹងត្រូវបានបិទដូចកម្មវិធីផ្ញើសារ Telegram ឬបណ្តាញសង្គមសម្រាប់ស្វែងរកការងារ LinkedIn ជាដើម។

image

ច្បាប់នេះទាមទារអោយបណ្តាញសង្គមទាំងអស់ធ្វើការផ្លាស់ប្តូរទិន្នន័យរបស់អ្នកប្រើប្រាស់ដែលជាជនជាតិរុស្សីទៅកាន់ប្រទេសរុស្សី។ ក្រុមហ៊ុនបច្ចេកវិទ្យា Facebook ក៏មានកាតព្វកិច្ចក្នុងការលុបចោលនូវព័ត៌មានទាំងអស់ដែលប្រទេសរុស្សីហាមឃាត់ផងដែរ នេះបើតាមការបញ្ជាក់របស់ប្រធានផ្នែកឃ្លាំមើលបណ្តាញអ៊ីនធើណិតនៅក្នុងប្រទេសរុស្សី Roskomnadzor, Aleksandr Zharov ។

លោក Zharov និយាយថា “ប្រសិនបើគ្មានជំហានណាមួយដែលក្រុមហ៊ុន Facebook អនុវត្តនោះទេ នោះប្រទេសរុស្សីនឹងធ្វើការបិទចោល។” គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តាញសង្គមស្វែងរកការងារ LinkedIn ក៏ទើបតែបិទចោលនៅក្នុងប្រទេសរុស្សីបន្ទាប់ពីប្រឆាំងទៅនឹងច្បាប់នេះ។ កម្មវិធីផ្ញើសារ Telegram ដ៏ពេញនិយមក៏ទើបតែបិទចោលនៅក្នុងប្រទេសរុស្សីបន្ទាប់ពីបដិសេធមិនផ្តល់នូវ Keys សម្រាប់ Decrypted ទៅលើសារជាច្រើនរបស់ខ្លួនទៅកាន់សេវាកម្មសន្តិសុខសហព័ន្ធ FSB នោះ។

FSB បញ្ជាក់ថា កម្មវិធីផ្ញើសារ Telegram គឺប្រើប្រាស់យ៉ាងទូលំទូលាយរបស់ក្រុមភេរវករ។ ក្រុមហ៊ុន Amazon និង​Google នៅក្នុងប្រទេសរុស្សីក៏ស្ថិតនៅក្នុងរឿងនេះ ដោយសារតែកម្មវិធី Telegram ប្រើប្រាស់នូវ Cloud Servers របស់ក្រុមហ៊ុនទាំងពីរនេះនោះ នេះបើតាមការបញ្ជាក់របស់លោក Zharov ។

Roskomnadzor ធ្វើការបិទទៅលើ IP addresses ចំនួន 16 លាននាក់ដែលប្រើប្រាស់នៅលើកម្មវិធី Telegram ដែលក្រុមហ៊ុន Google និង​ Amazon ជាអ្នកផ្តល់អោយនោះ។ សកម្មភាពរបស់ភ្នាក់ងារឃ្លាំមើលនេះបង្ករនូវការរំខានយ៉ាងធ្ងន់ធ្ងរនៅក្នុងបណ្តាញអ៊ីនធើណិតនៅក្នុងប្រទេសរុស្សី ហើយវេបសាយជាច្រើនទៀតដែលធ្វើការ Hosting ជាមួយនឹង Amazon ក៏ត្រូវបិទដោយចៃដន្យផងដែរ។​

Zharov បដិសេធចំពោះរឿងនេះដោយនិយាយថា 99.9% នៃវេបសាយដែលគ្មានជាប់ពាក់ព័ន្ធគឺមិនប៉ះពាល់នោះទេ។ សម្រាប់បញ្ហានៃវេបសាយជាច្រើនដែល Host នៅលើ Amazon នោះគឺដោយសារតែអ្នកប្រើប្រាស់នោះមិនព្រមបង់ប្រាក់ $5 សម្រាប់ IP addresses ជាលក្ខណៈ Unique ដោយជ្រើសរើសនូវការប្រើប្រាស់ IP addresses ជាលក្ខណៈ Public ដែលចំណាយតិចជាងនោះ៕