ព័ត៌មាន

Grab ធ្វើការណែនាំប៊ូតុងសុវត្ថិភាពថ្មីមួយទៀតគឺ «Emergency» ជាស្តង់ដារផ្តល់សុវត្ថិភាពខ្ពស់ជាងមុន

ថ្ងៃនេះក្រុមហ៊ុន Grab បានប្រកាសពី មុខងារបង្កើតចុងក្រោយថ្មីមួយទៀតដើម្បីពង្រឹងសុវត្ថិភាពជូនអ្នកដំណើរ នោះគឺប៊ូតុង «Emergency» ឬ ប៊ូតុងជំនួយបន្ទាន់។ ប៊ូតុង​ ​«​Emergency​»​ ​នេះ អនុញ្ញាតឲ្យអ្នកដំណើរផ្តល់ដំណឹងភ្លាមៗ ទៅក្រុមគ្រួសារនិងអ្នកជាទីស្រលាញ់ ឬ អាជ្ញាធរ នៅពេលមានហេតុការណ៍បន្ទាន់​ណាមួយកើតឡើង។ អ្នកដំណើរក៏អាច បើកប្រព័ន្ធ «Auto-alert»​ ​ដើម្បី​ធ្វើការ​ផ្តល់​ដំណឹង​ដោយ​ស្វ័យ​​ប្រវត្តិទៅ​កាន់​ ទំនាក់ទំនងជំនួយបន្ទាន់ ​«​Emergency ​Contacts» នៅពេលដែលកម្មវិធី រក​ឃើញសញ្ញាណមិនប្រក្រតីណាមួយកើតឡើងពេលកំពុងធ្វើដំណើរ។

image

ក្រៅពីការហៅទូរស័ព្ទទៅកាន់នរណាម្នាក់ ឬ ផ្ញើសារនៅពេលមានហេតុការណ៍មិនប្រក្រតីណាមួយកើតឡើង អ្នកដំណើរនៃគ្រប់មធ្យោបាយធ្វើដំណើររបស់ Grab​ ទាំងអស់​ អាចបញ្ចូល​លេខ​ទូរស័ព្ទ​ទំនាក់ទំនងជំនួយបន្ទាន់ចំនួនបី​នៅក្នុងកម្មវិធីទូរស័ព្ទ ​Grab​ ​និងអាចផ្តល់ដំណឹងឲ្យពួកគេក្នុងពេលតែមួយដោយគ្រាន់តែចុចលើប៊ូតុងតែមួយប៉ុណ្ណោះ។ សារផ្តល់ដំណឹងនឹងត្រូវបានផ្ញើទៅកាន់លេខទំនាក់ទំនងជំនួយបន្ទាន់ទាំងនោះ ជាមួយនឹងទីតាំង GPS របស់ពួកគេ​​ នៅខណៈពេលដែលផ្ញើសារនោះចេញទៅ។

មុខងារសុវត្ថិភាពថ្មីរបស់ Grab នេះ ជាការព្យាយាមបង្កើននូវសុវត្ថិភាពជូនអតិថិជន។​ ប្រសិនបើពួកគេជ្រើសរើសយកការផ្តល់ដំណឹងទៅលេខទំនាក់ទំនងជំនួយបន្ទាន់ ការផ្ដល់ដំណឹងនោះនឹងមិនត្រូវបានផ្តល់ទៅប៉ូលីសឡើយ​។​ ​ប៉ុន្តែ​ ​មិត្តភក្តិ ឬក្រុមគ្រួសារដែលបានទទួលដំណឹងអាចធ្វើការត្រួតពិនិត្យជាមួយអ្នកដំណើរ ប្រសិនបើមានការសង្ស័យ​ ត្រូវផ្តល់ដំណឹងភ្លាមៗទៅកងកម្លាំងសន្តិសុខក្នុងតំបន់។ ជម្រើសមួយទៀត អ្នកប្រើប្រាស់អាចជ្រើសរើសយកការផ្តល់ដំណឹងទៅអាជ្ញាធរក្នុងតំបន់ដោយផ្ទាល់។

 ជាមួយគ្នានេះដែរ អ្នកប្រើប្រាស់ក៏អាចបើកមុខងារសាកល្បងមួយទៀតគឺ «Auto-alert» ដែលអ្នកជាទំនាក់ទំនងជំនួយបន្ទាន់អាចទទួលបានសារដោយស្វ័យប្រវត្តិ ប្រសិនបើកម្មវិធី Grab រកឃើញ​ថា​អ្នក​ធ្វើដំណើរ​កំ​ពុង​ស្ថិត​នៅក្នុង​ដំណើរមិនប្រក្រតី ដូចជាធ្វើដំណើរទៅកន្លែងដាច់ស្រយាលពេលយប់ជ្រៅជាដើម។

រាល់មុខងារសុវត្ថិភាពនៅក្នុងកម្មវិធី Grab ទាំងអស់ ​បង្ហាញឲ្យឃើញពីបេសកកម្មរបស់ក្រុមហ៊ុនក្នុងការធ្វើឲ្យការធ្វើដំណើរមានសុវត្ថិភាពជាងមុន នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈពេលដែលសុវត្ថិភាពគឺជាចំណុចសំខាន់នៃចក្ខុវិស័យរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Grab ផ្តោតសំខាន់ទៅលើការបង្កើតថ្មី ជាពិសេសគឺការផ្តល់សុវត្ថិភាព។ ក្រុមហ៊ុនឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍​ ​ក្នុងការតភ្ជាប់អ៊ីនធឺណេតទៅក្រៅបណ្តាញ(O2O) កំពុងធ្វើការលើការអភិវឌ្ឍថ្មី ឬ កំពុងពង្រីកមុខងារ​សុវត្ថិភាព​​លើ​គ្រប់​សេវាកម្ម​។​

 ដំណើរការរបស់ប៊ូតុងថ្មី «Emergency»

អ្នកប្រើប្រាស់ Grab អាចបញ្ចូលលេខទូរស័ព្ទ និងឈ្មោះអ្នកទំនាក់ទំនងជំនួយបន្ទាន់ រហូតដល់៣នាក់។ នៅពេល ដែលប៊ូតុង «Emergency» ត្រូវបានចុចនៅពេលកំពុងធ្វើដំណើរ សារផ្តល់ដំណឹងមួយនឹងត្រូវបានផ្ញើទៅកាន់លេខទំនាក់ទំនងជំនួយបន្ទាន់ទាំងនោះ។ សារផ្តល់ដំណឹងនោះនឹងមាន តំណភ្ជាប់(URL) GPS អនុញ្ញាតឲ្យពួកគេបើកមើលទីតាំងដែលអ្នកដំណើរកំពុងស្ថិតនៅ។

ប៊ូតុង «Emergency» អាចដំណើរការបានទាំងនៅពេលកំពុងធ្វើដំណើរជាមួយ Grab​​ ​និង​ ​ពេល​មិន​ធ្វើដំណើរ។ ទោះបីជាពេលមិនធ្វើដំណើរជាមួយ Grab​ អ្នកប្រើប្រាស់ទាំងអស់ដែលបានដំឡើងកម្មវិធី Grab នៅលើទូរស័ព្ទដៃរបស់ពួកគេ​ នៅតែអាចផ្តល់ដំណឹងដល់អ្នកជាទីស្រលាញ់បាន នៅពេលមានភាពអាសន្នណាមួយកើតឡើង។ ក្រុមគ្រួសាររបស់ពួកគេនឹងនៅតែទទួលបានសារជូនដំណឹងដដែល ប៉ុន្តែនឹងពុំមានតំណភ្ជាប់ដើម្បីបើកមើលទីតាំងដែលពួកគេកំពុងស្ថិតនៅនោះទេ ដោយសារតែប្រព័ន្ធ GPS មានដំណើរការតែពេលកំពុង​ធ្វើដំណើរជាមួយ Grab តែប៉ុណ្ណោះ។

 មុខងារទាំងនេះ មិនត្រឹមតែប្រតិបត្តិការនៅក្នុងប្រទេសកំណើតរបស់អ្នកប្រើប្រាស់ ឬ ប្រទេសដែលលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ចុះឈ្មោះនោះទេ ប៉ុន្តែនៅគ្រប់ទីកន្លែងដែល Grab កំពុងដំណើរការ។ ក្រុមគ្រួសាររបស់ពួកគេនឹងនៅតែអាចទទួលបានសារផ្តល់ដំណឹងដដែល ទោះបីពួកគេនៅក្រៅប្រទេស ដរាបណាពួកគេមានលេខទូរស័ព្ទត្រឹមត្រូវ និងមានអ៊ីនធឺណេតដើម្បីប្រើប្រាស់កម្មវិធី​ Grab បាន។

សម្រាប់ព័ត៌មានបន្ថែមអំពី Grab សូមចូលទៅកាន់:https://www.grab.com/kh/