ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងរួចមកហើយថា រាល់ម៉ូដែលរបស់ OPPO ដែលបានចេញលក់លើទីផ្សារ តែងតែមានភាពលេចធ្លោ និងភាពទាក់ទាញផ្សេងៗគ្នា។ សម្រាប់ម៉ូដែល OPPO R15 នេះវិញ ក៏មានលក្ខណៈពិសេស និងរូបរាង មិនចាញ់ម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុនដទៃទៀតដែរ ទំនើបទាំងបច្ចេកវិទ្យា និងការរចនារូបរាងបែបសាមញ្ញ តែបង្កប់ភាពឥតខ្ចោះ អាចនិយាយបានថានេះជាម៉ូដែលទីមួយដែល OPPO ផ្ដោតទៅលើចំណុច Clean Design។
R15 Nebula Special Edition រចនាលាយឡំពណ៌បីក្នុងសំបកតែមួយមានពណ៌ស៊ីជម្ពូ, ស្វាយ និងខៀវ គែមព័ទ្ធជុំវិញដោយអាលុយមីញ៉ូម ចំណែកឯផ្នែកខាងមុខវិញពោរពេញដោយកញ្ចក់។ ការរចនារូបរាងសាមញ្ញប្រកបដោយភាពឥតខ្ចោះលើម៉ូដែលមួយនេះ ជាការសហការគ្នារវាងក្រុមហ៊ុន OPPO និងលោក Karim Rashid អ្នកឌីហ្សាញដ៏ល្បីបំផុតមួយរូបក្នុងប្រទេសអាមេរិក ដែលអតិថិជននឹងបានឃើញរូបសញ្ញាហត្ថលេខានៅផ្នែកខ្នងក្រោយម៉ាស៊ីន តែម៉ូដែលមួយនេះ មិនមានលក់នៅក្នុងប្រទេសកម្ពុជានោះទេ។
ជាដំណឹងល្អមួយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដែលចូលចិត្តមើលវីដេអូ និងលេងហ្គេមច្រើន គឺត្រូវម៉ាច់តែម្ដង ព្រោះ OPPO R15 Pro នេះមានអេក្រង់: Super-V Display ទំហំ ៦,២៨ អ៊ីញ កម្រិត ២ ២៨០ x ១ ០៨០ ភីកសែល (មាត្រដ្ឋាន ១៩:៩)។ បន្ថែមពីនេះមួយកម្រិតថែមទៀត ការលេងហ្គេម និងដំណើរការកម្មវិធីផ្សេងៗក្នុងទូរស័ព្ទរបស់អ្នកនឹងកាន់តែមានភាពងាយស្រួលជាងមុន ដោយសារ OPPO R15 Pro ភ្ជាប់ជាមួយបន្ទះឈីប: Qualcomm Snapdragon 660 ជាមួយនឹង RAM: 6GB។
ការរក្សារទិន្នន័យក៏មិនបាច់មានការព្រួយបារម្ភច្រើនពីទំហំ Space ទៀតដែរ ដោយសារតែទូរស័ព្ទត្រកូល R ដ៏ពិសេសមួយនេះមានទំហំផ្ទុកទិន្នន័យដល់ទៅ 128GB ហើយអាចបន្ថែមបានដល់ទៅ 256 GB ឯណោះ។
អ្នកណាៗក៏ដឹងដែរថា OPPO ជាក្រុមហ៊ុនដែលផលិតទូរស័ព្ទមានកាមេរ៉ាមុខធំៗ។ OPPO R15 Pro មានកាមេរ៉ាមុខទំហំដល់ទៅ 20MP គាំទ្រមុខងារ Facial Unlock និងបច្ចេកវិទ្យា AI ផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូរសព្ទអ្នកក្នុងការ Unlock ទូរស័ព្ទ។
ចំណែកឯកាមេរ៉ាក្រោយវិញមានទំហំដល់ទៅ 20MP ឯណោះ ដោយលើកនេះ OPPO R15 Pro ដាក់កាមេរ៉ាក្រោយភ្លោះពីរគ្រាប់ 20+16MP ផ្ដល់សមត្ថភាពថតរូប ដែលអាចនិយាយបានថាស្ទើរតែមិនចាំបាច់យកកាមេរ៉ា Professional ដាក់តាមខ្លួនឡើយ ព្រោះកម្រិតនៃការចាប់យករូបភាពពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។
បញ្ហាមួយចំនួនដែលអ្នកប្រើប្រាស់ទូរសព្ទបច្ចុប្បន្ននេះមានការព្រួយបារម្ភនោះ ទូរសព្ទឆាប់អស់ថ្ម តែបញ្ហានេះនឹងលែងកើតមានទៀតហើយ ដោយសារតែ OPPO R15 Pro មានថាមពលថ្ម ៣ ៤៣០mAh អមបច្ចេកវិទ្យាសាកថ្មរហ័ស VOOC ដោយអាចសាកបាន ១០០ ភាគរយ ប្រើពេលត្រឹមតែ ៦០ នាទីតែប៉ុណ្ណោះ។
OPPO R15 Pro រូបរាងសាមញ្ញផ្ដល់ភាពឥតខ្ចោះមួយនេះ ប្រើប្រព័ន្ធប្រតិបត្តិ: Android 8.1 Oreo ស្រោបផ្ទៃកម្មវិធីដោយ ColorOS 5.0 ដែលរាល់ពេលដែលអ្នកបើកទូរសព្ទម្ដងៗ ផ្ដល់ភាពទាក់ទាញមួយនឹកស្មានមិនដល់។ ប្រិយមិត្តទាំងអស់អាចរក OPPO R15 Pro តាមបណ្ដាហាងនានាក្នុងក្រុងភ្នំពេញ៕