ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងចាប់ផ្តើមធ្វើការផលិតស្មាតហ្វូនដែលអាចបត់បានចំនួន ១ លានគ្រឿង

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបង្ហាញនូវស្មាតហ្វូនដែលមានអេក្រង់អាចបត់របស់ខ្លួននៅក្នុងសន្និសីទ SDC 2018 ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះក៏ទម្លានូវអេក្រង់ស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ នៅក្នុងប៉ុន្មានខែខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការផលិតទ្រង់ទ្រាយធំសម្រាប់ស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននេះ។

 image

នៅថ្ងៃនេះប្រភពមួយចេញពីប្រទេសកូរ៉េ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងធ្វើការផលិតស្មាតហ្វូនបានចំនួន ១ លានគ្រឿងសម្រាប់ស្មាតហ្វូនដែលមានអេក្រង់បត់បាននេះ។ នេះប្រហែលជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនដែលមិនចង់ធ្វើការចំណាយទៅលើការវិនិយោគច្រើននោះទេ ហើយពួកគេរង់ចាំមើលលទ្ធផលនៅក្នុងជំហានដំបូងសិន។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បញ្ជាក់អំពីតម្លៃ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយទេ។ នៅក្នុងពេលនេះ លោក DJ Koh បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung សហការគ្នាជាមួយនឹងក្រុមហ៊ុន Google ក្នុងការបង្កើតនូវ Version ថ្មីសម្រាប់ស្មាតហ្វូនដែលមានអេក្រង់បត់បាននេះ។ ក្រុមហ៊ុន Google ក៏បង្ហាញនូវការទ្រទ្រង់ Android សម្រាប់ស្មាតហ្វូនដែលមានអេក្រង់បត់បាននេះសម្រាប់ឆ្នាំក្រោយផងដែរ។ យើងរំពឹងថា ស្មាតហ្វូនដែលអាចបត់បាននេះនឹងបង្ហាញខ្លួននៅដើមឆ្នាំ ២០១៩ នេះ៕