ព័ត៌មាន

Apple នឹងរៀបចំព្រឹត្តិការណ៍ WWDC 2019 នៅចន្លោះថ្ងៃទី 3 ដល់ទី 7 ខែមិថុនាខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានប្រកាសថា ខ្លួននឹងជាអ្នករៀបចំសន្និសីទអ្នកអភិវឌ្ឍន៍កម្មវិធីទូទាំងពិភពលោក (Worldwide Developers Conference) នៅទីក្រុង San Jose នៅរដ្ឋ California ចាប់ពីថ្ងៃទី 3 ខែមិថុនាដល់ថ្ងៃទី 7 ខែមិថុនាខាងមុខនេះ។

 image

ជាធម្មតា ក្រុមហ៊ុននឹងមានវគ្គជាច្រើន ការពិគ្រោះយោបល់ និងការអនុវត្តជាក់ស្តែងសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីដើម្បីស្វែងយល់អំពីកម្មវិធីថ្មីទាំងអស់ដែលនឹងត្រូវប្រកាស ហើយក៏ដើម្បីស្វែងយល់បន្ថែមអំពីផលិតផលដែលមានស្រាប់ផងដែរ។ ការចូលរួមជាមួយអ្នកអភិវឌ្ឍន៍កម្មវិធីនឹងទទួលបានការចំណាយពេលវេលាជាមួយអ្នកអភិវឌ្ឍកម្មវិធីដទៃទៀតក៏ដូចជាក្រុមការងារផ្នែកទន់ និងផ្នែករឹងរបស់ក្រុមហ៊ុន Apple ក្នុងអំឡុងពេលនេះ។

image

សំបុត្រនឹងត្រូវបានដាក់លក់ក្នុងតម្លៃ $ 1599 ហើយអ្នកអភិវឌ្ឍន៍កម្មវិធីនឹងត្រូវបានជ្រើសរើសជារៀងរាល់ថ្ងៃ។ វាក៏មានអាហារូបករណ៍សម្រាប់សិស្សនិស្សិត និងសមាជិករបស់ STEM ដើម្បីទទួលបានសំបុត្រដោយឥតគិតថ្លៃ រួមជាមួយនឹងកាតសមាជិកមួយឆ្នាំរបស់ Apple Developer Program ថែមទៀត។

ជាការពិតណាស់ ចំពោះយើងអ្វីដែលគួរអោយចាប់អារម្មណ៍បន្ថែមទៀតនោះគឺថាជាធម្មតា Apple នឹងប្រកាសកំណែថ្មីរបស់ iOS, MacOS, watchOS និង tvOS ។ ក្នុងចំណោមកម្មវិធីសូហ្វវែរទាំងនេះក៏អាចមានព័ត៌មានផ្នែករឹងមួយចំនួនផងដែរដែលក្នុងនោះ វាអាចមានការប្រកាសអំពីកុំព្យូទ័រ Mac Pro ស៊េរីថ្មីផងដែរ៕