ព័ត៌មាន

Huawei ដំណើរការសាកល្បងគម្រោង 5G ជាមួយក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសរុស្ស៊ី

ទោះបីជាស្ថិតនៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ពេលនេះក៏ប្រកាសពីកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណេត និងទូរស័ព្ទឈានមុខគេមួយរបស់រុស្ស៊ីដើម្បីអភិវឌ្ឍបណ្តាញ 5G នៅក្នុងប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Mitsubishi និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងជួយក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS នៅក្នុង “ការដំណើរការសាកល្បងនៃបណ្តាញ Network ជំនាន់ទីប្រាំនេះនៅឆ្នាំ 2019 និងឆ្នាំ 2020” ។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅវិមានក្រឹមឡាំងកាលពីថ្ងៃពុធនេះ។ ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីន (Vladimir Putin) និងសមភាគីចិនរបស់លោកគឺលោក ស៊ីជីនពីង (Xi Jinping) ក៏ចូលរួមក្នុងពិធីនេះផងដែរក្នុងដំណើរទស្សនកិច្ចផ្លូវការបីថ្ងៃនេះ។ ផែនទីបង្ហាញផ្លូវសម្រាប់ឆ្នាំក្រោយនេះបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងអនុវត្តបច្ចេកវិទ្យា 5G និង IoT ដោយផ្អែកលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន MTS ដែលមានស្រាប់ និងបង្កើនបណ្តាញ LTE របស់ក្រុមហ៊ុនថែមទៀតផង។

ក្រុមហ៊ុន Huawei កំពុងបោះជំហានចូលក្នុងទីផ្សារ 5G របស់រុស្ស៊ីបើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យានេះត្រូវបានហាមឃាត់មិនឱ្យបង្កើតបណ្តាញ Network ជំនាន់ទី 5 នៅក្នុងសហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងនូវែលសេឡង់ក៏ដោយ។  កាលពីខែឧសភានេះ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទធំមួយនៅប្រទេសរុស្ស៊ី Beeline និយាយថាខ្លួននឹងប្រើឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដើម្បីធ្វើទំនើបកម្មបណ្តាញទូរគមនាគមន៍របស់ខ្លួននៅក្នុងទីក្រុងម៉ូស្គូ។

ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោកនិងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេលំដាប់ទីពីររបស់ពិភពលោកកំពុងប្រឈមនឹងប្រតិកម្មប្រឆាំងពីសហរដ្ឋអាមេរិក និងលោកខាងលិចដទៃទៀតចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មបានកើតឡើងរវាងក្រុងវ៉ាស៊ីនតោន និងប៉េកាំងនៅឆ្នាំ 2018 ។ រដ្ឋបាល Trump ចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យានេះថាបង្កើតនូវ Backdoor សម្រាប់ធ្វើចារកម្មទៅលើផលិតផលជាច្រើនរបស់ក្រុមហ៊ុនជាមួយរដ្ឋាភិបាលចិន។ ការចោទប្រកាន់នេះត្រូវក្រុមហ៊ុនបដិសេធទាំងស្រុង៕

image

image