ព័ត៌មាន

Google ផ្អាកសេវាជូនដំណឹងតាម email នៅ New Zealand បន្ទាប់ពីការបែកធ្លាយឈ្មោះឃាតករជាជនសង្ស័យ

ក្រុមហ៊ុនបច្ចេកវិទ្យា Google កំពុងតែព្យួរសេវាកម្មផ្តល់ដំណឹងជាមុនរបស់ខ្លួនក្នុងប្រទេស New Zealand  ក្រោយពីក្រុមហ៊ុនរងការរិះគន់យ៉ាងខ្លាំងចំពោះការចេញផ្សាយឈ្មោះជនសង្ស័យក្នុងការធ្វើឃាតកម្មអ្នកដំណើរវ័យក្មេងជនជាតិអង់គ្លេស។ នៅខែធ្នូកន្លងទៅនេះ សេវាកម្មផ្តល់ដំណឹងដោយស្វ័យប្រវត្តិរបស់ Google បញ្ជូនឈ្មោះបុរសដែលគេចោទប្រកាន់ពីបទសម្លាប់លោក Grace Millane អាយុ២២ ឆ្នាំនៅក្នុងបណ្តាញអ៊ីម៉ែលទៅអ្នកប្រើប្រាស់ចំនួនរាប់ពាន់នាក់។

ឈ្មោះនេះត្រូវតុលាការការពារដើម្បីជួយធានាដល់ការជំនុំជម្រះដោយយុត្តិធម៌។ ក្រោយពីបាត់ខ្លួននៅថ្ងៃទី១ ខែធ្នូ (ខណៈពេលធ្វើដំណើរក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ) ប៉ូលិសរកឃើញសាកសពរបស់លោក Millane នៅតំបន់ព្រៃមួយនៅពាក់កណ្តាលកោះ។ ឃាតកម្មដ៏រន្ធត់នេះធ្វើឱ្យមានចំណងជើងព័ត៌មាននៅទូទាំងប្រទេស New Zealand ។

មន្រ្តីរដ្ឋាភិបាលជាច្រើនរួមទាំងនាយករដ្ឋមន្ត្រី New Zealand លោក Jacinda Ardern សម្តែងកំហឹងជុំវិញស្ថានភាពនោះ។ រដ្ឋមន្រ្តីយុត្តិធម៌លោក Andrew Little មានប្រសាសន៍ថា ក្រុមហ៊ុននេះ (Google ) បង្ហាញការមើលងាយច្បាប់របស់ប្រទេស និងគ្រួសារជនរងគ្រោះ។ អ្នកនាំពាក្យក្រុមហ៊ុន Google ឆ្លើយតបនៅថ្ងៃសុក្រដោយប្រកាសថា ក្រុមហ៊ុននឹងបញ្ឈប់ប្រព័ន្ធជូនដំណឹងតាមអ៊ីម៉ែល ដែលបណ្តាលឱ្យឈ្មោះនោះលេចធ្លាយ។

ការសម្រេចចិត្តនេះធ្វើឡើងនៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា និងបណ្តាញសង្គមកំពុងតែស្ថិតនៅក្រោមការគាបសង្កត់កាន់តែខ្លាំងឡើងដើម្បីទទួលយកច្បាប់ថ្មីៗស្តីពីច្បាប់នៅក្នុងស្រុក។ បញ្ហានេះជាបញ្ហាថ្មីបំផុតនៅប្រទេស New Zealand ដោយគេហទំព័រ Google, YouTube និង Facebook ប្រឈមមុខនិងមានប្រតិកម្មខឹងសម្បារក្រោយពីក្រុមហ៊ុនរបស់ពួកគេទទួលបរាជ័យក្នុងការបង្ហោះរូបភាពអំពីរការបាញ់សម្លាប់នៅព្រះវិហារ Christchurch ។

image

image