ព័ត៌មាន

ស្ថាបនិកក្រុមហ៊ុន Huawei និយាយថា ការប្រកាសរបស់ប្រធានាធិបតី Trump នឹងមិនប៉ះពាល់ច្រើនដល់ក្រុមហ៊ុនទេ!

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump សន្យាថានឹងបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមហ៊ុន Huawei ដែលក្រុមហ៊ុននេះអាចទទួលបានការផ្គត់ផ្គង់បច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ប៉ុន្តែស្ថាបនិករបស់ក្រុមហ៊ុន Huawei មិនឃើញវិសាលភាពធំដុំអ្វីចេញពីការប្រកាសរបស់ Trump នោះទេ។

លោក Ren Zhengfei ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Huawei និយាយនៅក្នុងបទសម្ភាសន៍ជាមួយ FinancialTimes ថា ការប្រកាសរបស់លោកប្រធានាធិបតី Trump គឺល្អសម្រាប់ក្រុមហ៊ុនអាមេរិក ហើយក្រុមហ៊ុន Huawei មានបំណងបន្តទិញផលិតផលពីក្រុមហ៊ុនទាំងនោះ ប៉ុន្តែលោកមិនបានឃើញផលប៉ះពាល់ធំធេងពីការសម្រេចចិត្តនេះទេ។

លោក Ren Zhengfei និយាយថា សេចក្តីថ្លែងរបស់លោកប្រធានាធិបតី Trump គឺល្អសម្រាប់ក្រុមហ៊ុនអាមេរិក។ ក្រុមហ៊ុន Huawei ក៏មានបំណងបន្តការទិញផលិតផលពីក្រុមហ៊ុនអាមេរិកផងដែរ។ ប៉ុន្តែយើងមិនឃើញមានផលប៉ះពាល់ច្រើនដល់អ្វីដែលយើងកំពុងធ្វើទេ។ យើងនឹងនៅតែផ្តោតលើការធ្វើការងារផ្ទាល់ខ្លួនរបស់យើងដែលជារឿងដ៏ត្រឹមត្រូវបំផុត។

នៅខែឧសភា នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិកបន្ថែមក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មដែលរារាំងក្រុមហ៊ុននេះពីការទិញគ្រឿងបន្លាស់ និងកម្មវិធីកុំព្យូទ័រពីក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់អាមេរិក។ បន្ទាប់ពីការសម្រេចចិត្តរបស់ក្រុមហ៊ុន Google ដើម្បីបញ្ឈប់ការផ្តល់សេវាកម្មសូហ្វវែរនោះ វាក៏លើកឡើងពីការព្រួយបារម្ភជាច្រើនសម្រាប់ក្រុមហ៊ុនលក់រាយ និងដៃគូពាណិជ្ជកម្មដែលពួកគេបានឈប់ទិញស្តុកថ្មីៗក៏ដូចជាបោះបង់ចោលការបញ្ជាទិញថ្មីពីអ្នកប្រើប្រាស់ផងដែរ។

បន្ទាប់ពីនេះ នៅថ្ងៃទី 29 ខែមិថុនាលោក Trump ប្រកាសពីការលើកលែងទៅលើការដាក់កំហិតពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុន Huawei ដែលក្រុមហ៊ុននេះនឹងត្រូវបានអនុញ្ញាតឱ្យបន្តការទិញពីក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះបានបើកទ្វារថ្មីម្តងទៀតសម្រាប់ក្រុមហ៊ុន Huawei ។

លោក Ren បន្តថា “សហរដ្ឋអាមេរិកកំពុងជួយយើងក្នុងវិធីដ៏អស្ចារ្យមួយដោយផ្តល់ឱ្យយើងនូវការលំបាកទាំងនេះ។ នៅក្រោមការគាបសង្កត់ខាងក្រៅ យើងបានរួបរួមគ្នាច្រើនជាងមុន។ ប្រសិនបើយើងមិនត្រូវបានអនុញ្ញាតិអោយប្រើសមាសធាតុអាមេរិកនោះទេ យើងពិតជាមានទំនុកចិត្តលើសមត្ថភាពប្រើប្រាស់សមាសធាតុដែលផលិតនៅក្នុងប្រទេសចិន និងបណ្តាប្រទេសដទៃទៀតជាមិនខាន”។

image

image