ព័ត៌មាន

ចំណែកទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei កើនឡើង 20% នៅក្នុងប្រទេសថៃ

ក្រុមហ៊ុន Huawei និយាយថាចំណែកទីផ្សារស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសថៃនៅតែស្ថិតលើផ្លូវដ៏ល្អមួយ បើទោះបីជាក្រុមហ៊ុន​Huawei ត្រូវស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិកក៏ដោយ។លោក Ingmar Wang នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសថៃនិយាយថាក្រុមហ៊ុន Huawei នឹងបង្កើនថវិកាទីផ្សារនៅក្នុងប្រទេសថៃចំនួន 30 ភាគរយនៅឆ្នាំនេះព្រោះប្រទេសនេះជាទីផ្សារយុទ្ធសាស្ត្រនៅក្នុងតំបន់។

លោកបន្ថែមថាចំណែកទីផ្សាររបស់ក្រុមហ៊ុននៅក្នុងប្រទេសថៃកើនឡើងក្នុងរយៈពេល 5 ខែដំបូងនៃឆ្នាំ 2019 ដល់ 20% ចេញពី 15% ក្នុងឆ្នាំ 2018 ។ ក្នុងខែឧសភា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកធ្វើការរឹតបណ្តឹងពាណិជ្ជកម្មទៅលើក្រុមហ៊ុន Huawei ហើយហាមឃាត់ក្រុមហ៊ុនពីការទិញគ្រឿងបន្លាស់និងសេវាកម្មផ្នែកទន់ពីក្រុមហ៊ុនជាច្រើននៅអាមេរិក។

បន្ទាប់ពីការដាក់បញ្ចូលនៅក្នុងបញ្ជីខ្មៅរួចហើយនោះ លោក Donald Trump បង្ខំឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនហាមឃាត់ក្រុមហ៊ុន Huawei ពីការកសាងហេដ្ឋារចនាសម្ព័ន្ធជំនាន់ថ្មីនៅលើទឹកដីរបស់ពួកគេផងដែរ។ លោកនិយាយថា “និយាយឱ្យស្មោះត្រង់ ស្ថានភាពអាចផ្លាស់ប្តូររាល់ថ្ងៃ ប៉ុន្តែអតិថិជនអាចជឿជាក់ថាអាជីវកម្មរបស់ក្រុមហ៊ុន Huawei នឹងបន្តរីកចម្រើនទៅមុខ” ។

លោក Wang លើកឡើងផងដែរថាក្រុមហ៊ុន Huawei មានគម្រោងវិនិយោគទឹកប្រាក់ចំនួន 160 លានបាត (5,1 លានដុល្លារអាមេរិក) នៅក្នុងគម្រោងសាកល្បង 5G នៅក្នុងប្រទេសថៃ និងចំនួនទឹកប្រាក់ចំនួន 700 លានបាត (22,7 លានដុល្លារអាមេរិក) នៅក្នុងសេវា Cloud។ថ្មីៗនេះ ក្រុមហ៊ុនចែកចាយក្នុងស្រុកដូចជា Synnex, Jaymart, TG, Com7 និង CSC ក៏ដូចជាក្រុមហ៊ុនប្រតិបត្តិករធំៗពីរទៀត (AIS និង True) បង្ហាញពីការគាំទ្រដល់ក្រុមហ៊ុន Huawei តាមរយៈការប្រកាសយុទ្ធនាការធានាជាមួយនឹងការសងប្រាក់ពេញពីរឆ្នាំសម្រាប់អតិថិជនថ្មីរបស់ក្រុមហ៊ុន Huawei ផងដែរ៕

image

image