ព័ត៌មាន

ក្រុមហ៊ុន Vodafone របស់ចក្រភពអង់គ្លេសចង់បន្ថែមស្មាតហ្វូន Mate 20 X 5G ទៅក្នុងបញ្ជីរបស់ក្រុមហ៊ុនខ្លួន

ក្រុមហ៊ុន Vodafone ចាប់ផ្តើមសេវាកម្ម 5G របស់ខ្លួននៅក្នុងចក្រភពអង់គ្លេស ហើយឥឡូវនេះក្រុមហ៊ុនកំពុងស្វែងរកការបន្ថែមស្មាតហ្វូន 5G របស់ក្រុមហ៊ុន Huawei នៅក្នុងបញ្ជីស្មាតហ្វូនរបស់ខ្លួនបន្ទាប់ពីការរឹតបន្តឹងរបស់ក្រុមហ៊ុនអាមេរិកត្រូវដកចេញវិញសម្រាប់ក្រុមហ៊ុន Huawei នោះ។

លោក Nick Jeffery នាយកប្រតិបត្តិក្រុមហ៊ុន Vodafone នៅចក្រភពអង់គ្លេសនិយាយថា ប្រតិបត្តិករទូរស័ព្ទចល័តនេះចង់បន្ថែមស្មាតហ្វូន Huawei Mate 20 X 5G ទៅក្នុងបញ្ជីស្មាតហ្វូន 5G របស់ខ្លួននាពេលបច្ចុប្បន្ននេះ នេះបើយោងតាម ​​TheTelegraph ។

លោក Jeffery និយាយថា “យើងតែងតែគោរពតាមការណែនាំ និងដំបូន្មានរបស់រដ្ឋាភិបាល និងច្បាប់ដែលពាក់ព័ន្ធ ប៉ុន្តែប្រសិនបើវាអាចទៅរួចសម្រាប់យើងក្នុងការលក់ឧបករណ៍ 5G ធំជាងមុនហើយជាពិសេសក្រុមហ៊ុន Huawei នោះ យើងនឹងធ្វើវាភ្លាម”។

យោងតាមការរឹតបន្តឹងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Vodafone និង EE ធ្លាប់ដកចេញស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន Huawei ចេញពីបញ្ជីរបស់ខ្លួនដោយរាយការណ៏ពីការព្រួយបារម្ភលើការសង្ស័យថា ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei នឹងមិនទទួលបានការធ្វើបច្ចុប្បន្នភាពកម្មវិធីនិងការថែរក្សាសុវត្ថិភាពពី Google នោះទេ។

បន្ទាប់ពីរឿងនេះ នៅថ្ងៃទី 29 ខែមិថុនាលោក Trump ប្រកាសពីការដកការដាក់កំហិតពាណិជ្ជកម្មចំពោះក្រុមហ៊ុន Huawei ដែលក្រុមហ៊ុននេះនឹងត្រូវបានអនុញ្ញាតឱ្យបន្តការទិញពីក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់អាមេរិកវិញបាន។ ការសម្រេចចិត្តនេះបើកទ្វារសារជាថ្មីម្តងទៀតសម្រាប់ក្រុមហ៊ុន Huawei ៕

image

image