ព័ត៌មាន

សហរដ្ឋអាមេរិកនឹងចេញអាជ្ញាប័ណ្ណលើការលក់បច្ចេកវិទ្យាជាច្រើនឱ្យក្រុមហ៊ុន Huawei ឆាប់ៗនេះ

រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រកាសថាខ្លួននឹងចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុននានាក្នុងការធ្វើជំនួញជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei ឡើងវិញ។ ថ្លែងនៅក្នុងសន្និសីទមួយនៅក្នុងទីក្រុងវ៉ាស៊ីនតោនលោក Wilbur Ross រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិយាយថាក្រុមហ៊ុននានានឹងត្រូវបានអនុញ្ញាតឱ្យលក់បច្ចេកវិទ្យាជាច្រើនដែលអាចប្រើប្រាស់យ៉ាងទូលំទូលាយ និងមិនគំរាមកំហែងដល់សន្តិសុខជាតិនោះ។

លោកក៏បញ្ជាក់ផងដែរថាក្រុមហ៊ុន Huawei នឹងនៅតែស្ថិតនៅក្នុងបញ្ជី Entity List មានន័យថាសំណើសុំអាជ្ញាប័ណ្ណលក់ផលិតផលឱ្យក្រុមហ៊ុន Huawei ត្រូវឆ្លងកាត់ការត្រួតពិនិត្យកម្រិតខ្ពស់ជាមុនសិន។ យ៉ាងណាមិញ គាត់មិនបញ្ជាក់ថាតើរឿងណាមួយអនុញ្ញាត និងរឿងណាខ្លះដែលត្រូវបដិសេធនោះទេ។

នៅក្នុងខែឧសភាក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបន្ថែមក្រុមហ៊ុន Huawei នៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មហើយបញ្ជាអោយក្រុមហ៊ុនជាច្រើនរបស់អាមេរិកបោះបង់អាជីវកម្មជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ។ ប៉ុន្មានថ្ងៃក្រោយមក ក្រសួងពាណិជ្ជកម្មប្រកាសអាជ្ញាប័ណ្ណបណ្ដោះអាសន្នរយៈពេល 90 ថ្ងៃដើម្បីគ្រប់គ្រងអតិថិជនដែលមានស្រាប់របស់ខ្លួនដែលនឹងផុតកំណត់នៅថ្ងៃទី 19 ខែសីហា ឆ្នាំ ២០១៩ នេះ។

បន្ទាប់ពីនេះមក នៅថ្ងៃទី 29 ខែមិថុនាលោកប្រធានាធិបតីអាមេរិក Donald Trump ប្រកាសថាក្រុមហ៊ុន Huawei អាចបន្តទិញបច្ចេកវិទ្យាពីអាមេរិកបាន។ សម្រាប់ពេលនេះក្រុមហ៊ុន Huawei កំពុងរង់ចាំការអនុម័តលើការបន្តប្រតិបត្តិការប្រព័ន្ធប្រតិបត្តិការ Android និង Windows និងសមាសភាគផ្នែករឹង រួមទាំងបន្ទះឈីបផងដែរ៕

image

image