ព័ត៌មាន

អ្នកផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកនិយាយថាការដាក់បញ្ជីខ្មៅទៅលើក្រុមហ៊ុន Huawei ធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មជាមួយអតិថិជនជាច្រើន

ដោយសារតែបញ្ជីខ្មៅនៅអាមេរិកនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei មិនអាចដាក់ការបញ្ជាទិញថ្មីណាមួយដល់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើននៅអាមេរិក។ Huawei គឺជាក្រុមហ៊ុនដែលទិញឧបករណ៍អេឡិចត្រូនិក semiconductor ច្រើនជាងគេ ហើយការរឹតបន្តឹងនេះមិនត្រឹមតែធ្វើឱ្យក្រុមហ៊ុន Huawei ខូចខាតនោះទេប៉ុន្តែវាថែមទាំងនាំមកនូវការបាត់បង់ដៃគូជំនួញរបស់ខ្លួនថែមទៀតផង។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា ក្រុមហ៊ុន Cohu Inc និយាយកាលពីថ្ងៃចន្ទនេះថា ការរឹតបន្តឹងទៅលើក្រុមហ៊ុន Huawei ពីសហរដ្ឋអាមេរិកនេះកំពុងតែធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់អតិថិជនជាច្រើន។

កាលពីខែឧសភានេះ នាយកដ្ឋានពាណិជ្ជកម្មអាមេរិកបន្ថែមក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅដែលរារាំងក្រុមហ៊ុននេះមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិកជាច្រើនទៀតដែលរួមទាំងបច្ចេកវិទ្យាទៅលើផ្នែករឹង និងសូហ្វវែរផងដែរ។

លើសពីនេះទៅទៀតនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិច Donald Trump អំពាវនាវប្រទេសសម្ព័ន្ធមិត្តឱ្យបោះបង់ក្រុមហ៊ុន Huawei ពីការអភិវឌ្ឍបណ្តាញ 5G ព្រោះវាអាចប្រើឧបករណ៍នេះដើម្បីឈ្លបយកការណ៍លើអ្នកប្រើប្រាស់បាន។ ការចោទប្រកាន់ទាំងនេះត្រូវបានបដិសេធដោយក្រុមហ៊ុនម្តងហើយម្តងទៀត៕

image

image