ព័ត៌មាន

សហរដ្ឋអាមេរិកផ្តល់សង្វាន់៥លានដុល្លារសម្រាប់ព័ត៌មានពីហេគឃ័រកូរ៉េ

ភ្នាក់ងារសហរដ្ឋអាមេរិកចេញសេចក្តីណែនាំរួមគ្នាមួយព្រមានដល់ពិភពលោកអំពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺរណិតចំពោះស្ថាប័នធនាគារ និងហិរញ្ញវត្ថុពិភពលោក​ដែលបង្កឡើងដោយក្រុមហេគឃ័រដែលទទួលបានការបត្ថម្ភពីរដ្ឋកូរ៉េខាងជើង។ក្រសួងការបរទេស ក្រសួងរតនាគារ និងសន្តិសុខមាតុភូមិ និងFBI មានមគ្គុទេសទូលំទូលាយក្នុងគោលបំណងជួយសហគមន៍អន្តរជាតិ ឧស្សាហកម្ម និងរដ្ឋាភិបាលដទៃទៀតការពារប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង។

 image

គួរកត់សម្គាល់ផងដែរថា ឥឡូវនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងផ្តល់រង្វាន់ជាទឹកប្រាក់ដល់ទៅចំនួន ៥លានដុល្លារដល់ជនណាដែលអាចចែកចាយព័ត៌មានអំពីសកម្មភាពខុសច្បាប់របស់ប្រទេសកូរ៉េខាងជើងនៅក្នុងវិស័យអ៊ីនធឺរណិត រួមទាំងប្រតិបត្តិការហេគកន្លងមកឬសកម្មភាពដែលពួកគេកំពុងបន្ត។ ក្រុមហេគឃ័រកូរ៉េខាងជើងល្បីឈ្មោះជាងគេគឺក្រុម Lazarus ដែលគេស្គាល់ថា Hidden Cobra និង Guardians of Peace មានពាក់ព័ន្ធជាមួយនឹងការវាយប្រហារ និងអំពើរចារកម្មតាមបណ្តាញអ៊ីនធឺរណិត។ របាយការណ៍រាយរៀបរាប់តាមលំដាប់នៃសកម្មភាពបទល្មើសតាមអ៊ីនធឺរណិត ដែលផ្តោតលើស្ថាប័នហិរញ្ញវត្ថុដោយកូរ៉េខាងជើងជាអ្នករកចំណូលបានខណៈពេលកូរ៉េឆ្លងកាត់ការដាក់ទណ្ឌកម្មពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

image

របាយការណ៍សកម្មភាពលើអ៊ីនធឺរណិតមានរាយដូចខាងក្រោម៖

  • សកម្មភាពអ៊ីនធឺរណិតដើម្បីលួចលុយពីស្ថាប័នហិរញ្ញវត្ថុនិងការប្តូររូបិយប័ណ្ណឌីជីថល

  • ការប្រើប្រាស់មធ្យោបាយឌីជីថលដើម្បីលាងមូលនិធិខុសច្បាប់តាមរយៈមធ្យោបាយ

  • ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតដើម្បីធ្វើយុទ្ធនាការជំរិតទារប្រាក់ប្រឆាំងនឹងប្រទេសទីបី

  • ការប្រើប្រាស់កម្មវិធី Cryptojacking ប្រឆាំងនឹងជនរងគ្រោះពីប្រទេសផ្សេងៗ និងប្រើប្រព័ន្ធរបស់ពួកគេបំពានលើរូបិយប័ណ្ណឌីជីថល។

យោងតាមប្រភពព័ត៌មានពីសហរដ្ឋអាមេរិក កូរ៉េខាងជើងបានព្យាយាមលួចលុយចំនួន ២ ពាន់លានដុល្លារតាមរយៈសកម្មភាពលើអ៊ិនធឺរណិត។ នៅខែកញ្ញាឆ្នាំមុន ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុម ហេគឃ័រកូរ៉េខាងជើងចំនួន ៣នាក់ពីបទធ្វើសកម្មភាពវាយប្រហារតាមអ៊ីនធឺរណិតដែលបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់សហរដ្ឋអាមេរិកជាច្រើន។ បញ្ជីរាយពីការវាយប្រហារតាមអ៊ីនធឺរណិតដែលត្រូវបានគេសន្មតជាសាធារណៈថាជាអ្នកវាយប្រហាររដ្ឋរបស់កូរ៉េខាងជើងរួមមាន៖

-ការវាយប្រហារលើក្រុមហ៊ុន Sony Pictures ឆ្នាំ២០១៤

-ការហេគលុយចំនួន ៨១ លានដុល្លាររបស់ធនាគារបង់ក្លាដែស

-ការផ្ទុះឡើងនូវមេរោគ WannaCry ចាំឆ្នាំ ២០១៧

– FASTCash គ្រោងការណ៍បន្លំដកប្រាក់ពីអេធីអឹម

– ចោរកម្មចំនួន ២៥០លានដុល្លារពីការដោះដូរ cryptocurrency

សរុបមក សហរដ្ឋអាមេរិកជឿជាក់ថា កូរ៉េខាងជើងបានបង្កើតសមត្ថភាពប្រតិបត្តិការវាយប្រហារតាមអ៊ីនធឺរណិតបែបយោធាដែលរឹងមាំ និងអាចធ្វើការវាយប្រហារកាន់តែខ្លាំង ឬអាចបំផ្លិចបំផ្លាញប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អាមេរិក៕