ព័ត៌មាន

កម្មវិធី Android ដែលមានការទាញយកច្រើនជាង ៤,២ ពាន់លានដងរងការលេចធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់តាមរយៈ Firebase របស់ Google

ការស្រាវជ្រាវថ្មីមួយរកឃើញថា វាមានកម្មវិធីអេនដ្រយ(Android) ចំនួន២៤, ០០០កម្មវិធី រងការលេចធ្លាយនូវទិន្នន័យសំខាន់រួមមានទាំងលេខទូរស័ព្ទ និងលេខសម្ងាត់ តាមរយៈការផ្ទុកដែលតំឡើងមិនត្រឹមត្រូវនៅលើវេទិការអភិវឌ្ឍន៍ Firebase របស់ក្រុមហ៊ុន Google។ ភាពកង្វះសន្តិសុខសំខាន់ត្រូវរកឃើញដោយក្រុមស្រាវជ្រាវនៅ Comparitech.com ដែលជាក្រុមជំនាញផ្តោតលើសន្តិសុខព័ត៌មាននិងភាពឯកជន។ វេទិកា Firebase គឺជាដំណោះស្រាយការផ្ទុកដ៏ពេញនិយមបំផុតសម្រាប់កម្មវិធី Android ដែលត្រូវប្រើស្ទើរតែមួយភាគបីនៃកម្មវិធីទាំងអស់ដែលមាននៅលើ Google Play Store ។

image

ក្រុមអ្នកស្រាវជ្រាវធ្វើត្រាប់តាមកម្មវិធីចំនួន ៥១៥, ៧៣៥ នៃកម្មវិធីដែលមានប្រហែល ១៨ ភាគរយនៃកម្មវិធីទាំងអស់ដែលមាននៅលើ Store ហើយរកឃើញថាមានកម្មវិធីច្រើនជាងចំនួន៤ ២០០ ត្រូវគេកំណត់ថា មានរចនាសម្ព័ន្ធសុវត្ថិភាពមិនត្រឹមត្រូវនៅលើ Firebase និងកំពុងលេចធ្លាយព័ត៌មានសំខាន់។

បើយោងតាមក្រុមហ៊ុន Comparitech ឱ្យដឹងថា កម្មវិធីងាយរងគ្រោះត្រូវដំឡើងចំនួន ៤,២២ពាន់លានដងដោយអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ កម្មវិធីដែលរងផលប៉ះពាល់ភាគច្រើនជាប្រភេទកម្មវិធីហ្គេម។ ផលប៉ះពាល់មានដូចជា មានការលាតត្រដាងមូលដ្ឋានទិន្នន័យជាសាធារណៈដោយមានលេខទូរស័ព្ទ  ពាក្យសម្ងាត់  សារ IP និងអាសយដ្ឋានទ្រង់ទ្រាយអត្ថបទធម្មតា កម្មវិធីខ្លះមានមូលដ្ឋានទិន្នន័យដែលរួមបញ្ចូលទាំងសិទ្ធិសរសេរផងដែរ។ ក្រៅពីការបំផ្លាញមូលដ្ឋានទិន្នន័យបែបនេះ វាក៏អាចបិទកម្មវិធីទាំងស្រុង។ អ្នកស្រាវជ្រាវនិយាយថា ភាពងាយរងគ្រោះអាចត្រូវប្រើដើម្បីបោកប្រាស់អ្នកប្រើប្រាស់កម្មវិធីមានឆ្លងមេរោគ ឬថែមទាំងបោះផ្សាយចំណងជើងក្លែងក្លាយនៅក្នុងកម្មវិធីព័ត៌មាន។

image

អនុសាសន៍សម្រាប់អ្នកប្រើប្រាស់កម្មវិធីរួមមាន ការយល់ដឹងអំពីព័ត៌មានដែលអ្នកប្រាស់បញ្ចូលក្នុងកម្មវិធី ហើយមិនត្រូវចែករំលែកព័ត៌មានផ្ទាល់ខ្លួនងាយៗដូចជាអាស័យដ្ឋាន រូបថត អត្តសញ្ញាណប័ណ្ណរបស់រដ្ឋាភិបាល និងលេខសន្តិសុខសង្គម។ ទោះជាយ៉ាងណា វាជាការពិតណាស់ដែលថា កម្មវិធីមួយចំនួនបដិសេធមិនឱ្យអ្នកបើកដំណើរការ ប្រសិនបើអ្នកប្រើប្រាស់ពុំអនុញ្ញាតិឱ្យកម្មវិធីទាំងនោះចូលទៅកាន់ទិន្ន័យលើឧបករណ៍របស់អ្នក៕