ព័ត៌មាន

ប្រទេសឥណ្ឌាហាមឃាត់កម្មវិធីរបស់ចិនចំនួន៥៩កម្មវិធី ក្នុងនោះមានទាំងកម្មវិធី TikTok កម្មវីធី UC Browser កម្មវិធី SHAREit

រដ្ឋាភិបាលឥណ្ឌាចាត់វិធានការណ៍មួយកម្រិតទៀតកាន់តែខ្លាំងក្នុងការប្រឆាំងនឹងឥទ្ធិពល   បច្ចេកវិទ្យារបស់ប្រទេសចិននៅក្នុងប្រទេសឥណ្ឌា។ ប្រទេសឥណ្ឌាថែមទាំងបានហាមឃាត់កម្មវិធីចិនចំនួន ៥៩ ដោយក្នុងនោះរួមមានកម្មវិធីល្បីៗមួយចំនួនរបស់ប្រទេសចិនដូចជាកម្មវិធី TikTok កម្មវិធី UC Browser កម្មវិធី Shareit កម្មវិធីអ្នកបោសសំអាតមេរោគ Virus Cleaner កម្មវិធី UC News កម្មវិធី ES File Explorer និងកម្មវិធីជាច្រើនទៀត។

 image

ជំហានមួយចំនួនត្រូវបានអនុវត្តដើម្បីធានាសន្តិសុខជាតិ និងការពារភាពឯកជនរបស់ប្រជាជនឥណ្ឌាចំនួនរាប់ពាន់លាននាក់ និងដើម្បីបញ្ឈប់សកម្មភាពប្រមូលទិន្នន័យសំខាន់ពីទូរស័ព្ទដៃចំនួនរាប់ពាន់លានគ្រឿងនៅក្នុងប្រទេសឥណ្ឌា។ សេចក្តីថ្លែងការណ៍ចេញដោយរដ្ឋាភិបាលឥណ្ឌាមានសេចក្តីថា៖

“ដោយមើលឃើញពីលក្ខណៈនៃការគម្រាមកំហែងដែលកើតឡើងជាយថាហេតុរដ្ឋាភិបាលបានសម្រេចចិត្តបិទកម្មវិធីចំនួន ៥៩កម្មវិធី។ ការចាប់ផ្តើមបិទកម្មវិធីទាំងនេះធ្វើឡើងក្រោយពីមានព័ត៌មានអំពីសកម្មភាពពាក់ព័ន្ធនឹងអធិបតេយ្យភាព និងបូរណភាពទឹកដី សណ្តាប់ធ្នាប់សាធារណៈ និងរដ្ឋរបស់ប្រទេសឥណ្ឌា។ 

image

សេចក្តីថ្លែងការណ៍របស់ក្រសួងអេឡិចត្រូនិក និងព័ត៌មានវិទ្យាមានសេចក្តីថា “ក្រសួងព័ត៌មានបានទទួលពាក្យបណ្តឹងជាច្រើនពីប្រភពផ្សេងៗគ្នារាប់បញ្ចូលទាំងការប្រើប្រាស់កម្មវិធីទូរស័ព្ទមិនត្រឹមត្រូវ ដែលមាននៅលើប្រព័ន្ធប្រតិបត្តិការ Android និងប្រព័ន្ធប្រតិបត្តិការ iOS ទាក់ទងទៅនឹងករណីលួច និងបញ្ជូនទិន្នន័យរបស់អ្នកប្រើប្រាស់ផ្ញើទៅខាងក្រៅប្រទេសឥណ្ឌា។” អ្នកនាំពាក្យអោយក្រុមហ៊ុន ByteDance ម្ចាស់ក្រុមហ៊ុន TikTok និង Helo និង Alibaba និងម្ចាស់កម្មវិធី UC Browser បាននិយាយថា ពួកគេមិនអាចធ្វើអត្ថាធិប្បាយបានភ្លាមៗទេ៕