ព័ត៌មាន

គណនីអ្នកនយោបាយ វិនិយោគិនចំនួន១០ពាន់គណនីត្រូវបានហេគដោយក្រុមហ៊ុនព័ត៌មានវិទ្យាមកពីប្រទេសឥណ្ឌា

កាលពីថ្ងៃអង្គារ ទី០៩ ខែមិថុនា ភ្នាក់ងារសារព័ត៌មានដកស្រង់សម្តីអតីតបុគ្គលិករបស់     ក្រុមហ៊ុនមួយថា ក្រុមហ៊ុនព័ត៌មានបច្ចេកវិទ្យាមកពីប្រទេសឥណ្ឌាមានឈ្មោះ BellTroX InfoTech Services បានផ្តល់នូវសេវាកម្មហេគឃ័រ និងជួយអតិថិជនរបស់ខ្លួនក្នុងការលួចយកអ៊ីម៉ែលរបស់អ្នកនយោបាយ និងវិនិយោគិនមានចំនួនច្រើនជាង១ម៉ឺននាក់នៅជុំវិញពិភពលោកក្នុងរយៈពេល៧ឆ្នាំមកនេះ។ 

 image

ក្រុមហ៊ុននោះបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៣ ។ អស់រយៈពេល៧ឆ្នាំមកនេះ ក្រុមហ៊ុនបានលួចមើលគណនីរបស់មន្រ្តីរដ្ឋាភិបាលតាមបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិកឡាទីន។ វិនិយោគិនអាមេរិក និងក្រុមសិទ្ធិមនុស្សក៏ដូចជាអ្នកតំណាងប្រព័ន្ធតុលាការនៃប្រទេសបារាំង និងអាហ្វ្រិកខាងត្បូង។ នៅក្នុងដំណើរការបោកប្រាស់ក្រុមហ៊ុននោះបានផ្ញើអ៊ីម៉ែលបោកប្រាស់ដល់ជនរងគ្រោះ ដោយពួកគេបានដើរតួធ្វើជាសហសេវិក ឬសាច់ញាតិរបស់ជនរងគ្រោះ ដើម្បីជាលេសស្វែងរកពាក្យសម្ងាត់របស់ជនរងគ្រោះទាំងនោះ។

image

ភ្នាក់ងារព័ត៌មានមិនអាចស្វែងរកឈ្មោះអតិថិជនរបស់ក្រុមហ៊ុន ឬកំណត់ថាតើការលួចចូលបានជោគជ័យប៉ុន្មាននោះទេ។ នាយកប្រតិបត្តិក្រុមហ៊ុនលោក Sumit Gupta បានប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនមិនចូលរួមក្នុងសកម្មភាពខុសច្បាប់ទេ។ លោក ​​Gupta បន្ថែមថា ក្រុមហ៊ុន BellTrox ផ្តល់ជំនួយបច្ចេកទេសដល់អ្នកស៊ើបអង្កេតឯកជន ដែលពួកគេផ្តល់ព័ត៌មានផ្ទាល់ខ្លួនដើម្បីចូលប្រើគណនីរបស់អ្នកដទៃ។

ទាក់ទិនទៅនឹងករណីនេះ គួរបញ្ជាក់ផងដែរថា មន្ត្រីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតលើសកម្មភាពរបស់ក្រុមហ៊ុននេះចាប់ពីឆ្នាំ២០១៥ ហើយសហរដ្ឋអាមេរិកថែមទាំងបានធ្វើការចោទប្រកាន់លើក្រុមហ៊ុន BellTrox ពីការវាយប្រហាររបស់ក្រុមហេគឃ័រ ក្រោយពីក្រុមហ៊ុនវិនិយោគអាមេរិកចំនួន២បានសារភាពថា ពួកគេបានប្រើប្រាស់សេវាកម្មរបស់ខ្លួនដើម្បីហេគលើគណនីអ្នកជំនាញផ្នែកទីផ្សារ។ នៅអំឡុងពេលនោះលោក Gupta ត្រូវបានគេចាត់ទុកថាជាជនរត់គេចខ្លួន។ ក្រសួងយុត្តិធម៌អាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីស្ថានភាពបច្ចុប្បន្នលើករណីនេះទេ៕