ព័ត៌មាន

ក្រុមហ៊ុនជាច្រើនអាចប្រឈមនឹងការផាកពិន័យ ២ ភាគរយចំពោះការបំពានច្បាប់សន្តិសុខអ៊ីនធឺរណិត

ក្រុមហ៊ុនថាមពល ដឹកជញ្ជូន និងហិរញ្ញវត្ថុធំៗក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ឌីជីថល និងក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្រ្ត និងកុំព្យូទ័រអាចត្រូវបានពិន័យជាប្រាក់រហូតដល់ទៅ ២ ភាគរយនៃចំណូលទូទាំងពិភពលោករបស់ពួកគេចំពោះការរំលោភបំពានលើច្បាប់អ៊ីនធឺរណិតក្រោមសំណើរបស់គណៈកម្មការរបស់អឺរ៉ុប។ ការព្រួយបារម្ភអំពីសុវត្ថិភាពសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណិតបានកើតមាននៅក្នុងប៉ុន្មានខែថ្មីៗនេះ ជាពិសេសទៅលើការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតដោយតួអង្គរបស់រដ្ឋាភិបាល និងអ្នកវាយប្រហារជាច្រើនទៀត។

ទីភ្នាក់ងារសហព័ន្ធជាច្រើនរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនជាច្រើនទៀតកំពុងស៊ើបអង្កេតយុទ្ធនាការនៃការលួចស្តាប់ដែលក្រុមមន្រ្តីជាច្រើនសង្ស័យថាដឹកនាំដោយរដ្ឋាភិបាលរ​បស់ប្រទេសរុស្ស៊ី។ ទីភ្នាក់ងារវេជ្ជសាស្រ្តអឺរ៉ុបក៏ត្រូវបានគេកំណត់គោលដៅផងដែរកាលពីដើមខែនេះ។

ខណៈពេលដែលបុគ្គលិកពីរនាក់ក្នុងចំណោមបុគ្គលិក ៥ នាក់នៅអឺរ៉ុបធ្វើការនៅតាមផ្ទះដោយសារតែគ្រោះមហន្តរាយនៃមេរោគកូវីដ ១៩ រួមជាមួយនឹងអាជីវកម្មមួយក្នុងចំនោមអាជីវកម្មចំនួន ៨ ក៏ទទួលរងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺរណិតផងដែរ។ នាយកប្រតិបត្តិសហភាពអ៊ឺរ៉ុបនិយាយថា សំណើររបស់ខ្លួនគឺដើម្បីពង្រឹងភាពខ្លាំងរបស់សហគមន៍អឺរ៉ុបក្នុងការប្រឆាំងនឹងការគំរាមកំហែងតាមអ៊ីនធឺរណិត។

សំណើរនេះរួមបញ្ចូលទាំងការពង្រឹងច្បាប់សន្តិសុខតាមអ៊ីនធឺរណិតរបស់សហភាពអ៊ឺរ៉ុបឆ្នាំ ២០១៦ ជាមួយនឹងការដាក់ទណ្ឌកម្ម និងពង្រីកវិសាលភាពរបស់ខ្លួនដើម្បីគ្របដណ្តប់ក្រុមហ៊ុនខ្នាតមធ្យម និងធំទាំងអស់នៅក្នុងវិស័យសំខាន់ៗចំនួន ១០ គឺវិស័យថាមពល ដឹកជញ្ជូន ធនាគារ ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ ហិរញ្ញវត្ថុ សុខភាព ទឹកស្អាត ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលសាធារណៈ និងលំហរផងដែរ។ គួរបញ្ជាក់ផងដែរថា សំណើនេះនឹងត្រូវមានការយល់ព្រមពីរដ្ឋសមាជិកសហភាពអឺរ៉ុប និងសភាអ៊ឺរ៉ុប ហើយមុនពេលវាចូលជាធរមាននោះ វាអាចនឹងចំណាយពេលច្រើនឆ្នាំផងដែរ៕

image