ព័ត៌មាន

GoDaddy សូមអភ័យទោសចំពោះការសាកល្បងអ៊ីម៉ែលមួយជាមួយនឹងការសន្យាផ្តល់ប្រាក់រង្វាន់នៅថ្ងៃបុណ្យណូអែលដល់បុគ្គលិករបស់ខ្លួន

ក្រុមហ៊ុនគេហទំព័រ GoDaddy របស់អាមេរិកបានសុំទោសកាលពីថ្ងៃព្រហស្បតិ៍ ទី ២៥ ខែធ្នូនេះ បន្ទាប់ពីអ៊ីម៉ែលមួយដែលខ្លួនបានផ្ញើជាមួយនឹងការសន្យាថា និយោជិកនឹងទទួលបានប្រាក់រង្វាន់ថ្ងៃបុណ្យណូអែលនេះគឺគ្រាន់តែជាការសាកល្បងសុវត្ថិភាពកុំព្យូទ័រប៉ុណ្ណោះ។

អ្នកនាំពាក្យក្រុមហ៊ុន GoDaddy ដែលជាក្រុមហ៊ុនគ្រប់គ្រង Domain អ៊ីនធឺរណិតធំជាងគេនៅលើពិភពលោកបាននិយាយថា“ GoDaddy យកចិត្តទុកដាក់លើសុវត្ថិភាពនៃវេទិកាយ៉ាងម៉ឺងម៉ាត់បំផុត។ យើងដឹងថាបុគ្គលិកមួយចំនួននឹងមានការខកចិត្តចំពោះរឿងសន្យានៅក្នុងអ៊ីម៉ែលនេះ។ យើងសូមធ្វើការអភ័យទោស” ។ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋអារីហ្សូណា (Arizona) បានបន្ថែមថា“ នេះគឺគ្រាន់តែជាការតេស្តប៉ុណ្ណោះ។”

នៅក្នុងខែធ្នូនេះ បុគ្គលិកប្រហែល ៥០០ នាក់បានចុចលើអ៊ីម៉ែលដែលទទួលបានពីក្រុមហ៊ុនជាមួយនឹងការផ្តល់ប្រាក់រង្វាន់បុណ្យណូអែលចំនួន ៦៥០ ដុល្លារអាមេរិក ហើយស្នើឱ្យពួកគេបំពេញសំណុំបែបបទដោយមានព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ពីរថ្ងៃក្រោយមក វាមានសារផ្សេងទៀតបង្ហាញនៅក្នុងប្រអប់ទទួលសាររបស់ពួកគេ។ តាមអ៊ីម៉ែលរបស់ប្រធានសន្តិសុខ GoDaddy បានអោយដឹងថា“ អ្នកទទួលបានអ៊ីម៉ែលនេះពីព្រោះអ្នកបានចាញ់បោកនៅក្នុងការតេស្តទៅលើការបន្លំ (Phishing)” ។

គួរបញ្ជាក់ផងដែរថា បច្ចេកទេសនៃការក្លែងបន្លំ (Phishing) នេះដែលត្រូវបានប្រើយ៉ាងទូលំទូលាយដោយពួកហេគឃ័រនៅលើកុំព្យូទ័រជាមួយនឹងការផ្ញើអ៊ីម៉ែលទៅកាន់មនុស្សដែលគេស្គាល់ជាគោលដៅដើម្បីជ្រៀតចូលប្រព័ន្ធកុំព្យូទ័ររបស់ពួកគេ។ ការតេស្តទៅលើអ៊ីម៉ែលនេះបានធ្វើអោយបុគ្គលិកជាច្រើនមានការផ្ទុះកំហឹងផងដែរ ខណៈប្រជាជនអាមេរិករាប់លាននាក់បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិសេដ្ឋកិច្ចដែលជាប់ទាក់ទងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ នេះ៕

image