ព័ត៌មាន

សូមប្រយ័ត្ន! ចន្លោះប្រហោងមួយនៅក្នុងម៉ូឌឹមរបស់ក្រុមហ៊ុន Qualcomm អាចអោយហេគឃ័រលួចស្តាប់ការសន្ទនា ការលួចទិន្នន័យ និងលាក់មេរោគ malware

នៅថ្ងៃទី 9 ខែឧសភានេះ របាយការណ៍មួយចេញពី  Check Point Research បញ្ជាក់ថា ចន្លោះប្រហោងមួយដ៏មានគ្រោះថ្នាក់ត្រូវបានរកឃើញនៅលើបន្ទះឈីបជាច្រើនរបស់ក្រុមហ៊ុន Qualcomm ដែលអនុញ្ញាតអោយក្រុមហេគឃ័រអាចលួចស្តាប់ទៅលើការសន្ទនា ការលួចទិន្នន័យរបស់អ្នកប្រើប្រាស់ និងលាក់មេរោគ malware ថែមទៀត។ បន្ទះឈីប Mobile Station Modem (MSM) របស់ក្រុមហ៊ុន Qualcomm គឺទ្រទ្រង់នូវបច្ចេកវិទ្យា Wireless 5G។ ចន្លោះប្រហោងនៅក្នុង MSM នេះអាចត្រូវបានហេគពីចម្ងាយបានយ៉ាងងាយស្រួលតាមរយៈសារ SMS មួយប៉ុណ្ណោះ។

image

ពេលនេះ ស្មាតហ្វូនដែលប្រើប្រាស់នូវបន្ទះឈីប Qualcomm chipsets​ សុទ្ធតែអាចក្លាយជាគោលដៅនៃការវាយប្រហារពីហេគឃ័រ។ ចន្លោះប្រហោងនេះគឺកាន់តែគ្រោះថ្នាក់បំផុតសម្រាប់អ្នកប្រើប្រាស់ដែលមិនបានធ្វើការអាប់ដេតនូវ Patches សុវត្ថិភាព។ នៅពេលដែលហេគឃ័រចូលទៅកាន់ស្មាតហ្វូនដែលរងគ្រោះនេះ ពួកគេអាចស្តាប់ទៅលើការខល ការអានសារ និងដោះស៊ីមដើម្បីចូលទៅកាន់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នោះ។

image

នៅក្នុងសេចក្តីប្រកាសផ្លូវការមួយចេញពីក្រុមហ៊ុន Qualcomm និយាយថា បញ្ហានេះត្រូវបានជួសជុលតាមពីខែធ្នូ ឆ្នាំ 2020 តាមរយៈការអាប់ដេតទៅលើកម្មវិធី software ។ ប្រសិនបើអ្នកមិនទាន់បានធ្វើការអាប់ដេតសុវត្ថិភាពទៅលើស្មាតហ្វូន Android របស់អ្នកទេនោះ សូមធ្វើការអាប់ដេតភ្លាមៗទៅលើស្មាតហ្វូនរបស់អ្នក៕