ព័ត៌មាន

ហេគឃ័រវាយប្រហារទៅលើក្រុមហ៊ុន Accenture តាមរយៈមេរោគ Lockbit 2.0 Ransomware និងទាមទារប្រាក់លោះចំនួន 50 លានដុល្លារអាមេរិក

ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់ពិភពលោកនោះគឺ Accenture ត្រូវបានហេគឃ័រវាយប្រហារតាមរយៈមេរោគចាប់ជំរិត  Lockbit 2.0 Ransomware ។ ក្រុមហ៊ុន Accenture កំពុងតែប្រតិបត្តិការជាមួយនឹងបុគ្គលិកជាង 500, 000 នាក់នៅជុំវិញពិភពលោកជាមួយនឹងទឹកប្រាក់ប្រមាណជាង 44.3 ពាន់លានដុល្លារអាមេរិក។

image

Accenture គឺជាក្រុមហ៊ុនដែលធំបំផុតក្នុងការអភិវឌ្ឍទៅលើវិស័យជាច្រើនដូចជាធនាគារ រដ្ឋាភិបាល បច្ចេកវិទ្យា ថាមពល ទូរគមនាគមន៍ និងជាច្រើនទៀត។ LockBit គឺជាក្រុមឧក្រិដ្ឋជននៅលើ Dark Web ដែលប្រើប្រាស់នូវមេរោគransomware-as-a-service (RaaS) ដែលស្រដៀងគ្នាទៅនឹងមេរោគ  REvil ។ ក្រុមហេគឃ័របានប្រើប្រាស់មេរោគចាប់ជំរិត  Lockbit Ransomware​ដើម្បីទាញយកទិន្នន័យរបស់ក្រុមហ៊ុន Accenture ដែលមានទំហំច្រើនជាង 6TB និងទាមទារប្រាក់លោះចំនួន 50 លានដុល្លារអាមេរិក។

image

ក្រុមហ៊ុនស៊ើបការណ៍ទៅលើឧក្រិដ្ឋកម្មអ៊ីនធឺរណិតឈ្មោះថា Hudson Rock រាយការណ៍ថា ក្រុមហ៊ុន Accenture បានរងការវាយប្រហារទៅលើកុំព្យូទ័ររបស់បុគ្គលិក និងដៃគូច្រើនជាង 2,500 គ្រឿង។ ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Cyble លើកឡើងនៅក្នុងរបាយការណ៍របស់ពួកគេថា អ្នកវាយប្រហារចូលទៅក្នុងប្រព័ន្ធខាងក្នុងរបស់ក្រុមហ៊ុននេះតាមរយៈបុគ្គលិកខាងក្នុង ឬ “Insider” ដែលជាផ្នែកមួយនៃស្ថាប័ននេះ។ ក្រុមហេគឃ័រគំរាមថា ប្រសិនបើមិនមានការបង់ប្រាក់លោះនោះទេ ទិន្នន័យរបស់ក្រុមហ៊ុននេះនឹងទម្លាយនៅលើអ៊ីនធឺរណិត។

ក្រុមហ៊ុន Accenture បញ្ជាក់ថា ក្រុមហ៊ុននៅមិនទាន់បង់ប្រាក់លោះទៅលើទិន្នន័យ និងប្រព័ន្ធដែលហេគឃ័របានលួចនោះទេ។ ក្រុមហ៊ុននេះក៏បានធ្វើការ Backup ទៅលើទិន្នន័យប្រតិបត្តិការទាំងអស់របស់ខ្លួនមកវិញបានផងដែរ៕