ព័ត៌មាន

ប្រព័ន្ធ Samsung Pay Mini មិនអាចដាក់ឱ្យដំណើរការបានទេនៅលើ iOS បន្ទាប់ពី Apple ច្រានចោលនៅលើ App Store

ប្រសិនបើលោកអ្នកនៅចងចាំកាលពីខែមីនាឆ្នាំនេះ វាមានរបាយការណ៍ជាច្រើនដែលបង្ហាញថាក្រុមហ៊ុន Samsung កំពុងតែធ្វើការទៅលើប្រព័ន្ធ Samsung Pay ដែលមានគោលដៅសម្រាប់ប្រើប្រាស់បាននៅលើទូរស័ព្ទផ្សេងដែលក្រៅពីត្រកូល Galaxy ពិសេសគឺសម្រាប់ iPhone ។ បើយោងតាមរបាយការណ៍ថ្មីមួយបានបញ្ជាក់ថា សេវាកម្មមួយនេះមានឈ្មោះថា Samsung Pay Mini ដែលនឹងមិនអាចដាក់ឱ្យដំណើរការបាននោះទេនៅលើប្រព័ន្ធប្រតិបត្តិការ iOS ។

image

របាយការណ៍នេះបានបញ្ជាក់ថា កម្មវិធីរបស់ក្រុមហ៊ុន Samsung ត្រូវបានដាក់នៅលើ App Store ប៉ុន្តែវាត្រូវបានច្រានចោលវិញដោយ Apple ។ វានៅមិនទាន់មានការបកស្រាយជាក់លាក់ណាមួយនោះទេអំពីរឿងនេះ ហើយក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូងនេះក៏បានសម្រេចចិត្តឈប់ដំណើរការប្រព័ន្ធនេះតែម្តងនៅលើ iOS ។

អ្នកតំណាងរបស់ក្រុមហ៊ុន Samsung និយាយថា “បន្ទាប់ពីក្រុមហ៊ុន Apple បានច្រានចោលនូវការចុះឈ្មោះរបស់ប្រព័ន្ធ Samsung Pay Mini ទៅកាន់ App Store យើងបានសម្រេចចិត្តដាក់ឱ្យដំណើរការតែសម្រាប់ស្មាតហ្វូនដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android OS តែប៉ុណ្ណោះ៕”