ព័ត៌មាន

បុរសជនជាតិចិនម្នាក់ជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំកន្លះដោយការដំណើរការសេវាកម្ម VPN ដោយគ្មានការអនុញ្ញាត

ខណៈពេលដែលប្រទេសចិនកំពុងតែបន្តការបិទទៅលើសេវាកម្មជាច្រើនដែលជួយពលរដ្ឋចិនជាច្រើនអាចឆ្លងកាត់ Great Firewall បាននោះ អាជ្ញាធរប្រទេសចិនសម្រេចកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំកន្លះដោយសារតែការលក់សេវាកម្ម VPN ដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវពីរដ្ឋាភិបាល។ កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលរបស់ប្រទេសចិនប្រកាសអំពីការហាមឃាត់ទៅលើសេវាកម្ម VPN ជាច្រើនដែលគ្មានការអនុញ្ញាត ហើយខ្លួនតម្រូវឱ្យក្រុមហ៊ុនមានអាជ្ញាបណ្ណត្រឹមត្រូវពីរដ្ឋាភិបាលដើម្បីបន្តដំណើរការនៅក្នុងប្រទេសនេះ។

image

 

ពលរដ្ឋចិនជាច្រើននៅក្នុងប្រទេសចិនតែងតែបង្កើតនូវសេវាកម្ម VPN និង Proxy Services ដើម្បីឆ្លងកាត់នូវ Great Firewall ដែលត្រូវគេស្គាល់ថា  Golden Shield project ដែលប្រើប្រាស់នូវល្បិចផ្សេងៗគ្នាដើម្បីត្រូតពិនិត្យមើលទៅលើអ៊ីនធើណិតនៅក្នុងប្រទេសនេះ។ គម្រោង Great Firewall project រារាំងទៅលើការចូលដំណើរការទៅលើគេហទំព័រកំពូលជាង ៥០​ នៅក្នុងវេបសាយជាង ១០០០ ដែលរួមមាន Facebook, Twitter, Dropbox, Tumblr, និង The Pirate Bay នៅក្នុងប្រទេសមួយនេះ។ VPN ជួយពលរដ្ឋចិនធ្វើការ Encrypt ទៅលើ Traffic នៃអ៊ីនធើណិត និងការលាក់អត្តសញ្ញាណ និងអំពីទីតាំងទិន្នន័យរបស់ពួកគេខណៈពេលដែលការចូលទៅកាន់វេបសាយទាំងនេះត្រូវដាក់កំហិត ឬការត្រួតពិនិត្យដោយប្រទេសចិនផ្ទាល់តែម្តង។

ដូចនេះដើម្បីរឹងបន្តឹងទៅលើការគ្រប់គ្រងនៅលើអ៊ីនធើណិតនោះ រដ្ឋាភិបាលរបស់ប្រទេសចិនប្រកាសនូវយុទ្ធនាការរយៈពេល ១៤ ខែក្នុងការចាប់ផ្តើមបោសសម្អាតនៅក្នុងខែមករា ហើយវានាំឱ្យមានការកាត់ទោសទៅលើលោក Wu Xiangyan ដែលជាពលរដ្ឋចិនមកពីតំបន់  Guangxi Zhuang ក្នុងការផ្តល់នូវអាជ្ញាបណ្ណ VPN Service ចាប់តាំងពីឆ្នាំ ២០១៣ រហូតដល់ខែមិថុនាដែលជួយឱ្យអ្នកប្រើប្រាស់ជាច្រើននាក់អាចដំណើរការល្មើសច្បាប់ឆ្លងកាត់ Great Firewall ។ លោក Xiangyang ត្រូវពិន័យជាទឹកប្រាក់ ៥០០០០០ យ័ន ($៧៦០០០) ដោយតុលាការនៅភាគខាងត្បូងនៃតំបន់ Guangxi ផងដែរ។

របាយការណ៍នេះបន្ថែមថា លោកក៏ត្រូវផ្តន្ទាទោសពីបទប្រមូលប្រាក់ចំណូលខុសច្បាប់ចំនួន ៧៩២ ៦៣៨ យ័ន ($១២០ ៥០០) ចេញពីអាជីវកម្មគ្មានអាជ្ញាបណ្ណរបស់ខ្លួនផងដែរ។ លោក Xiangyang ចាប់ផ្តើមលក់នូវសេវាកម្ម VPN នៅលើវេបសាយរបស់ខ្លួន វេបសាយទិញទំនិញដ៏ពេញនិយម Taobao (គ្រប់គ្រងដោយ Alibaba) និងនៅលើបណ្តាញសង្គមជាច្រើនទៀត។ នៅក្នុងខែមីនា ឆ្នាំមុននេះ ក្រុមហ៊ុនរបស់គាត់អះអាងនៅលើបណ្តាញសង្គម Twitter ថាមានជនបរទេសចំនួន ៨០០០ នាក់ និង ៥០០០ អាជីវកម្មកំពុងតែប្រើប្រាស់នូវសេវាកម្ម VPN របស់ខ្លួនដើម្បីបើកមើលវេបសាយជាច្រើនដែលបិទដោយប្រទេសចិននោះ។ នេះមិនមែនជាការកាត់ទោសលើកទីមួយនៅក្នុងប្រទេសចិនក្នុងការលក់សេវាកម្ម VPN ដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវនោះទេ។ ពលរដ្ឋចិនម្នាក់ទៀតឈ្មោះថា  Deng Jiewei ក៏កាត់ទោសជាប់ពន្ធនាគាររយៈពេល ៩ ខែ និងពិន័យជាទឹកប្រាក់ ៥០០០ យ័ននៅក្នុងខែមីនាក្នុងការលក់នូវ VPN ដែលគ្មានការអនុញ្ញាតនៅក្នុងគេហទំព័ររបស់គាត់។ នៅក្នុងខែកក្កដា ក្រុមហ៊ុន​Apple ក៏លុបចេញនូវកម្មវិធី VPN Apps ដ៏ពេញនិយមជាច្រើនដូចជា ExpressVPN និង Star VPN ចេញពី App Store នៅក្នុងប្រទេសចិនផងដែរដើម្បីគោរពតាមចំណាត់ការរបស់រដ្ឋាភិបាលចិនរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ៕