ព័ត៌មាន

សេចក្តីប្រកាសព័ត៌មានស្តីពី “សិក្ខាសិលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី​ ហត្ថលេខាឌីជីថល” នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

នៅព្រឹកថ្ងៃអង្គារ៍ ១៤ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៨ នេះ មានការរៀបចំសិក្ខាសិលាផ្សព្វផ្សាយអនុក្រឹត្យស្តីពីហត្ថលេខាឌីជីថល នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្រោមអធិបតីភាពរបស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមានការចូលរួមពីតួអង្គពាក់ព័ន្ធជាអាទិ៍ ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ប្រតិបត្តិករ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ប្រតិបត្តិករ និងបុគ្គលពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ប្រតិបត្តិករ វិស័យហិរញ្ញវត្ថុ និងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។

image

image

សិក្ខាសាលានេះត្រូវបានរៀបចំក្នុងគោលបំណងផ្សព្វផ្សាយអនុក្រឹត្យស្តីពីហត្ថលេខាឌីជីថលដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៧ និងបកស្រាយពន្យល់អំពីសារសំខាន់នៃហត្ថលេខាឌីជីថលសម្រាប់ប្រតិបត្តិការអនឡាញ។ ហត្ថលេខាឌីជីថល (Digital Signature) ប្រៀបបានទៅនឹងអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ប្រតិបត្តិការអនឡាញ ឬអ៊ិនធឺណិត។ ហត្ថលេខាឌីជីថលគឺជាធាតុផ្សំមួយដ៏សំខាន់ក្នុងការធ្វើឱ្យមានសន្តិសុខ និងសុត្ថិភាពតាមរយៈយន្តការ ការបញ្ជាក់ភាពត្រឹមត្រូវ (Authentication), សុចរិតភាព (Integrity), រក្សាការសម្ងាត់ (Confidentiality) និងការមិនអាចបដិសេធបាន (Non-Repudiation) ។

image

តាមរយៈនយោបាយកំណែទម្រង់សេវាសាធារណៈ រាជរដ្ឋាភិបាលបានកំពុងតែធ្វើទំនើបកម្មសេវាសាធារណៈដោយការបង្វែរនូវសេវាជួរមុខនានាទៅជាសេវាអនឡាញដែលក្នុងនោះមានដូចជា ប្រព័ន្ធចុះបញ្ជីយានយន្តរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ប្រព័ន្ធអ៊ី-វីសា (E-Visa) របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្ម និងវិញ្ញាបនប័ត្រប្រភពទំនិញ (CO) របស់ក្រសួងពាណិជ្ជកម្ម ប្រព័ន្ធអាស៊ីគូដារ (ASYCUDA) របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រព័ន្ធចុះបញ្ជីពន្ធដារ និងប្រព័ន្ធបង់ប្រាក់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ។ ល។ វិស័យឯកជនក៏បានប្រឹងប្រែងពង្រឹងទៅលើសេវារបស់ខ្លួនឱ្យកាន់តែសម្បូរបែប-ទំនើប និងឆ្លើយតបបានទាន់ពេលវេលាទៅតាមតម្រូវការអតិថិជនផងដែរ។ ដូចជានាពេលបច្ចុប្បន្ន គ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុបានបំពាក់បច្ចេកវិទ្យា “ធនាគារតាមប្រព័ន្ធអេឡិចត្រូនិក (e-banking)” និង “ធនាគារចល័ត (Mobile Banking”), ពាណិជ្ជករកាន់តែច្រើនឡើងៗចាប់ផ្តើមបង្វែរការធ្វើអាជីវកម្មរបស់ខ្លួនតាមបែបប្រពៃណីទៅជាការធ្វើអាជីវកម្មតាមប្រព័ន្ធអនឡាញ (ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ឬ E-Commerce) ហើយបច្ចេកវិទ្យាបង់ប្រាក់តាមប្រព័ន្ធអ៊ិនធឺណិតក៏នឹងកំពុងត្រូវបានអភិវឌ្ឍន៍ផងដែរពីសំណាក់ក្រុមហ៊ុននានា។

image

ដោយព្រះរាជាណាចក្រកម្ពុជាកំពុងតែធ្ពោះទៅកាន់ការផ្តល់សេវាសាធារណៈ និងការធ្វើពាណិជ្ជកម្មអនឡាញកាន់តែច្រើនឡើងៗ ហើយក្នុងនោះក្រុមហ៊ុន សហគ្រាស និងស្ថាប័នហិរញ្ញវត្ថុនឹងក្លាយជាគោលដៃនៃការវាយប្រហារពីសំណាក់ឧក្រិដ្ឋកម្មនានាជាអាទិ៍ ការលួចយកព័ត៌មានសម្ងាត់ពាណិជ្ជកម្ម ការលួចចម្លងកម្មសិទ្ធបញ្ញា ការបន្លំអត្តសញ្ញាណ និងការបន្លំឯកសារ ការបោកបញ្ឆោតក្នុងការផ្ទេរប្រាក់ជាដើម។ ការការពារសុវត្ថិភាព សន្តិសុខ សុចរិតភាព និងការកំណត់អត្តសញ្ញាណនៃអ្នកប្រើប្រាស់ប្រតិបត្តិការអនឡាញមានសារសំខាន់បំផុតក្នុងការធានាស្ថេរភាពនៃប្រព័ន្ធអេកូហិរញ្ញវត្ថុ។ ក្នុងន័យនេះ អនុក្រឹត្យស្តីពីហត្ថលេខាឌីជីថលនឹងក្លាយជាលិខិតូបករណ៍ដំបូងមួយក្នុងការចូលរួមចំណែកការពារសន្តិសុខ សុវត្ថិភាព និងភាពទុកចិត្តបាននៃប្រតិបត្តិការអនឡាញទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងអ្នកប្រើប្រាស់។ ហើយវាក៏ជាជំហានដំបូងនៃក្របខណ្ឌសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងការកសាងមជ្ឃដ្ឋាននៃការប្រើប្រាស់អ៊ិនធឺណិតនៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយទំនុកចិត្ត និងសន្តិសុខសម្រាប់កិច្ចការធុរកិច្ច ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការទំនាក់ទំនង៕