ព័ត៌មាន

ក្រុមហ៊ុន Smart Axiata ដាក់​ដំណើការ​បច្ចេកវិទ្យា 4G LTE ដំបូង​គេ​បង្អស់​នៅ​កម្ពុជា

          ភ្នំពេញ ថ្ងៃទី22 ខែមករា ឆ្នាំ2014 ក្រុមហ៊ុន Smart Axiata បានប្រកាស​ដាក់​ដំណើរការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ដែលមាន​ឈ្មោះថា 4G LTE (ហ្វ​រ​ជី អិ​ល ធី អ៊ី) នៅ​ថ្ងៃទី22 ខែមករា ឆ្នាំ2014 សម្រាប់​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​តាមរយៈ​ប្រព័ន្ធ Smart (ស្មា​ត) ហើយ​ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​នាំមក​នូវ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​តាម​ទូរស័ព្ទ​ដែលមាន​ល្បឿន​លឿន​ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​មួយ​នេះ។ ពាក្យ​ពេញ​របស់ LTE គឺ Long Term Evolution ហើយ​វា​គឺជា​បច្ចេកវិទ្យា​គំរូ​ស្តង់ដារ​នៃ​ការទំនាក់ទំនង​ឥត​ខ្សែ​ជំនា​ន់ទី 4 ដែល​រចនា​ឡើងជា​ពិសេស សម្រាប់​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត តាម​ទូរស័ព្ទ​ដែល​អាចជួយ​បញ្ជូន​ទិន្នន័យ ក្នុង​ល្បឿន​រហូតដល់ 150mb ក្នុង ១វិនាទី ហើយ​អាច​លឿន​ជាង​ល្បឿន​បច្ចេកវិទ្យា 3G រហូតដល់ 10 ដង។ ជាមួយ 4G LTE របស់ Smart អ​អតិថិជន​ទាំងអស់​អាច​រីករាយ​ជាមួយ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​រហូតដល់ 55mb  ក្នុង១វិនាទី​នៅ​ដំណាក់កាល​ដំបូង​នាបច្ចុប្បន្ន​នេះ។

ការដាក់​ដំណើការ​ប្រើប្រាស់​នៅ​ថ្ងៃទី22 ខែមករា​នេះ ប្រព័ន្ធ​បច្ចេកវិទ្យា 4G LTE Zone របស់ Smart មាននៅ​តំបន់ 4G LTE ចំនួន 6 ដូចជា​នៅក្នុង​ណ​ហ្គា​វើ​ល, ផ្សារ​ទំនើប​សុ​វណ្ណា, ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា, អា​ផាត​មែន De Castle ទួលគោក, អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ការិយាល័យ​បំរើ​អតិថិជន Smart បឹងត្របែក។ នៅ​ខែ​មិនា ឆ្នាំ2014 នេះ​តំបន់ 4G LTE Zone នៅមាន​កន្លែង​ជាច្រើន​ទៀត​ដែល​នឹងត្រូវ​បានដាក់​ដំណើការ​រួមមាន​ផ្សារ​ទំនើប​សូរិយា, អគារ​ភ្នំពេញ​ថាវ​វឺ​រ៍, អគារ​វឌ្ឍនៈ​ថាវ​វឺ​រ៍, អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប។ នៅ​ត្រីមាស​ទី​ពីរ​ឆ្នាំ2014 នេះ​តំបន់ 4G LTE នឹងត្រូវ​បានដាក់​ដំណើការ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។image

image

លោក​ថូ​ម៉ាស ហ៊ុន ដែលជា​អគ្គនាយក​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា “ច្រើនជាង 90% នៃ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​តាមរយៈ​ទូរស័ព្ទ Smart Phone (ស្មា​ត​ហ្វូ​ន) និង Tablets ហើយ​អតិថិជន​ទាមទារ​អោយមាន​ការផ្ដល់ជូន​អ៊ី​ន​ធើ​ណិ​ត​ដែលមាន​ល្បឿន​លឿន​និង​រលូន។ 4G LTE អាចបំពេញ​តំរូវការ​នេះ​បាន តាមរយៈ​ការផ្ដល់ជូន​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​ដែល​លឿន និង​ល្អឥតខ្ចោះ​នេះ​បាន សម្រាប់​ការទាញយក និង​ការ​បង្ហោះ​នូវ​វីដេអូ​ដែលមាន​គុណភាព​ខ្ពស់ (High Definition) សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទស្សនា វីដេអូ និង​លេង​ហ្គេម​តាម​អ៊ី​ន​ធើ​ណិ​ត។

លោក​បាន​បន្តថា “Smart Axiata មាន​មោទនភាព​ណាស់​ដែល Smart Axiata ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​ក្នុងការ​នាំមក​នូវ​បច្ចេកវិទ្យា 4G LTE នេះ​មក​ប្រទេស​កម្ពុជា។ ប្រទេស​កម្ពុជា​ប្រសិនបើ​គិត​អំពី​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ចល័ត និង​ការប្រើប្រាស់​សេវាកម្ម​ទូរស័ព្ទ ហើយ​បើ​ប្រៀបធៀប​ជាមួយ​សេដ្ឋកិច្ច​របស់​ប​ញ្ដា​ប្រទេស​អភិវឌ្ឍន៍​ជាច្រើន​នានា តាមរយៈ​ការដាក់​ដំណើការ​បច្ចេកវិទ្យា 4G LTE នេះ​កម្ពុជា​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​សហគមន៍​ទូរគមនាគមន៍​លំដាប់ថ្នាក់​លេខ1រួចទៅហើយ! ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើម 4G LTE ជាមួយនឹង 4G LTE Zone ដែល​គ្របដណ្ដប់​តំបន់​ដែលមាន​តំរូវការ​អ៊ី​ន​ធើ​ណិ​ត​ខ្ពស់​សម្រាប់​យុវវ័យ និង​អ្នកធ្វើការ​វ័យក្មេង​ដែល​ពួកគាត់​ចូលចិត្ត​មកជួបជុំ​គ្នា នៅ​កន្លែង​ទាំងនោះ​ក្រៅពី​ចំណាយ​ពេលវេលា​នៅផ្ទះ​ធ្វើការ​និង​សិក្សា។ ការ​គ្របដណ្ដប់​របស់ 4G LTE នេះ​នឹង​ត្រូវបាន​ពង្រីក​ដើម្បី​គ្របដណ្ដប់​ទូទាំង​រាជធានី​ភ្នំពេញ​ជា​បន្តបន្ទាប់ នៅ​សប្ដាហ៍​និងខែក្រោយៗនេះ”

ដើម្បី​រីករាយ​ជាមួយ​អ៊ី​ន​ធើ​ណិ​ត ដែលមាន​ល្បឿន​លឿន​នេះ អតិថិជន Smart(ស្មា​ត) ទាំងអស់​ត្រូវមាន​ទូរស័ព្ទ​ដែល​អាច​ប្រើ​បច្ចេកវិទ្យា 4G LTE បាន​ហើយ​ប្ដូរ​ស៊ីម​កាត​ទៅជា​ស៊ីម​កាត 4G LTE និង​ភ្ជាប់​គម្រោង 4G LTE ដោយ​ចំណាយ​ត្រឹមតែ 5ដុល្លារ​ក្នុង​មួយខែ​តែប៉ុណ្ណោះ។ គម្រោង 4G LTE នេះ​ផ្ដល់ជូន​ទិន្នន័យ​ឥត​គិតលុយ​ដែល​បានផ្ដល់​ជូន​ក្នុង​គម្រោង អតិថិជន​អាច​បន្ត​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ជាមួយ​បច្ចេកវិទ្យា 4G LTE នេះ​ក្នុង​អត្រា​តម្លៃ​ធម្មតា 500KB/1សេន។ អតិថិជន​ក៍​អាច​ប្រើ​អ៊ី​ន​ធើ​ណិ​ត​ដោយ​គិតលុយ​ពី​គម្រោង Smart ល្អ កម្មវិធី Smart ដូរ​លុយ កម្មវិធី​តេ​ប៉ះ​សក់ និង​ទិន្នន័យ​បន្ថែមផ្សេងៗទៀត​ដូច​ធម្មតា​ដែរ។ អតិថិជន​បង់ប្រាក់​ប្រចាំខែ​ក៍​អាច​រីករាយ​ជាមួយ 4G LTE បាន​ដោយ​មិនចាំបាច់​ចុះកិច្ចសន្យា​ថ្មី។ គម្រោង​តម្លៃ Combo 48, 58 និង 68 អាច​ប្រើប្រាស់​បានជា​មួយ 4G LTE ដោយ​គ្រាន់តែ​ប្ដូរ​ស៊ីម​កាត​ទៅជា​ស៊ីម​កាត 4G LTE នៅ​គ្រប់​ការិយាល័យ​បំរើ​អតិថិជន (Smart Shop) ទាំងអស់​នៅ​រាជធានី​ភ្នំពេញ។ សម្រាប់​ពត៌មាន​អំពី 4G LTE Zones និង​ទូរស័ព្ទ​ដែល​អាច​ប្រើ​បច្ចេកវិទ្យា 4G LTE បាន​សូម​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh ឬ​ទូរស័ព្ទ​ទៅ 888 ឬ 010 200 888 ។

 Smart ជីវិត​រស់​រវើក