ព័ត៌មាន

វគ្គបណ្តុះបណ្តាលសាមសុង Tech Institute កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីនិស្សិតជំនាញបច្ចេកទេស

វគ្គបណ្តុះបណ្តាលបច្ចេកទេសសាមសុង Tech Institute ជំនាន់ទី3 នៅក្នុងវិទ្យាស្ថាន ជាតិពហុបច្ចេកទេសកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតជំនាញបច្ចេកទេស ខណៈពេលដែលក្រុមហ៊ុនសាមសុង កំពុងតែខិតខំចំណាយធនធានបន្ថែមទៀតចំពេាះកម្មវិធីនេះ។ 

image

លោកសាស្រ្តាចារ្យ ស្រី ភារុណ ដែលជាអ្នកសម្របសម្រួលថ្នាក់បរិក្ខារម៉ាស៊ីនត្រជាក់ បានឲ្យដឹងថា៖ «វគ្គបណ្តុះបណ្តាលនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិសិ្សតដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ព្រោះសិក្ខាកាមអាចសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាមួយនឹងគ្រឿងបរិក្ខារអេឡិកត្រូនិកទំនើបៗរបស់សាមសុង។ ជាពិសេសនិស្សិតដែលបញ្ចប់វគ្គនេះក៏ងាយស្រួលនឹងទទួលបានការងារជាងនិស្សិតផ្សេងទៀតផងដែរ។»

image

រយៈពេលជាង 2 ឆ្នាំបន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ 2014  មាននិស្សិតប្រមាណជាង 100នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ក្នុងចំណោមនិស្សិតជាង10 នាក់ បានទទួលការងារដ៏សមរម្យនៅក្រុមហ៊ុនសាមសុងក្នុងទីក្រុងភ្នំពេញ  ហើយមាននិស្សិតជាច្រើននាក់ទៀតដែលបានចេញទៅបម្រើការងារនៅតាមស្ថាប័នឯកជនផ្សេងៗទាំងក្នុងប្រទេស និងក្រៅ ប្រទេស។ 

image

លោក រ៉ាត ឌីណា និស្សិតឆ្នាំទី4 ផ្នែកអេឡិកត្រូនិកដែលកំពុងរៀនក្នុងវគ្គបណ្តុះបណ្តាលនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាពបំផុតដែលបានចូលរៀនក្នុងវគ្គមួយនេះ។ មិត្តភក្តិខ្ញុំជា ច្រើនបានសរសើរខ្ញុំដែលបានចូលរៀនក្នុងវគ្គមួយនេះ ព្រេាះចំនួននិស្សិតដែលអាចចូលរៀនបានគឹមានកំណត់។»

សម្រាប់វគ្គបណ្តុះបណ្តាលសាមសុង Tech Institute ជំនាន់ទី3នេះ ក្រុមហ៊ុនសាមសុងបាន ចំណាយធនធានបន្ថែមទៀត ដោយជ្រើសរើសនិស្សិតច្រើនជាងមុនរហូតដល់ទៅ80នាក់ឲ្យចូលរួមសិក្សា។

សាមសុងមិនត្រឹមតែជាក្រុមហ៊ុនឈានមុខគេនូវផលិតផលទូរស័ព្ទទំនើបនិងគ្រឿងបរិក្ខារអេឡិកត្រូនិកដ៏សម្បូរបែប​ប្រកបដោយគុណភាពខ្ពស់នៅក្នុងទីផ្សារប្រទេសកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុនសាមសុងក៏បានចូលរួមចំណែកបើកវគ្គបណ្តុះបណ្តាល សាមសុង Tech Institute ដែលជាវគ្គបណ្តុះបណ្តាលបច្ចេកទេសដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាក្រោមការឧបត្ថម្ភ និងរៀបចំឡើងដោយក្រុមហ៊ុនសាមសុង និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពធនធានមនុស្សនៅក្នុង ប្រទេសកម្ពុជា។

លោក ជី ជូឡុង ដែលជានិសិ្សតឆ្នាំទី2ផ្នែកបរិក្ខារម៉ាស៊ីនត្រជាក់បានឲ្យដឹងថា៖ «ខ្ញុំបានបដិសេធការងាររបស់ក្រុមហ៊ុនផ្សេងទៀតដើម្បីបានចូលរៀនក្នុងវគ្គមួយនេះ ព្រេាះសិស្សច្បងមុនៗ បាននិយាយថា វគ្គបណ្តុះបណ្តាលនេះផ្តល់សារៈប្រយោជន៍ល្អសម្រាប់អ្នកដែលចង់អភិវឌ្ឍចំណេះដឹងផ្នែកបច្ចេកទេសរបស់ខ្លួនឲ្យទាន់សម័យកាល។»

វគ្គបណ្តុះបណ្តាលបច្ចេកទេសសាមសុង Tech Institute ជំនាន់ទី3 មានរយៈពេល 4 ខែ គឺចាប់តាំងពីពាក់កណ្តាលខែមិថុនា ដល់ពាក់កណ្តាលខែតុលា ឆ្នាំ2016។ សិក្ខាកាមត្រូវបាន បង្រៀនទាំងទ្រឹស្តី និងការអនុវត្តន៍ជាមួយសម្ភារៈអេឡិកត្រូនិករបស់សាមសុងដែលរួមមានដូចជា៖ទូរទឹកកក ម៉ាសុីនបោកខោអាវ ថេបប្លេត ទូរស័ព្ទដៃ និងមា៉សុីនត្រជាក់ជាដើម។