ព័ត៌មាន

ឧបករណ៍ដែលភ្ជាប់ជាមួយនឹងអ៊ីនធើណិតអាចទទួលរងនូវការហេគគ្រប់ពេល

សម្រាប់បច្ចេកវិទ្យាដែលមានការភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធើណិតដែលត្រូវគេស្គាល់ថាជា Internet of Things (IoT) គឺជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃនេះ ហើយវាក៏មានការប្រើប្រាស់នូវជំនួយការឆ្លាតវៃដូចជា Siri និង​ Alexa នៅក្នុងរថយន្តជាច្រើន នាឡិកា ម៉ាស៊ីនប្រើប្រាស់នៅក្នុងផ្ទះ អំពូលភ្លើង និងជាច្រើនទៀត។ ប៉ុន្តែវាមានរឿងដែលគួរឱ្យព្រួយបារម្ភជាច្រើនផងដែរដោយសារតែក្រុមហ៊ុនជាច្រើននៅមិនទាន់អាចធានាបានថាឧបករណ៍ទាំងនេះគឺមានសុវត្ថិភាពខ្ពស់នោះ។ ក្រុមឧក្រិដ្ឋជននៅលើបណ្តាញអ៊ីនធើណិតនៅតែអាចគ្រប់គ្រងទៅលើឧបករណ៍បច្ចេកវិទ្យាទាំងនេះបាន។

image

ថ្មីៗនេះ វាក៏មានការវាយប្រហារ Mirai ដែលជាមេរោគ botnet malware ដែលឆ្លងទៅកាន់គេហទំព័រធំៗជាច្រើននៅលើពិភពលោកនៅក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ លោក Nicole Eagan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Darktrace ប្រាប់ថា ឧក្រិដ្ឋជននៅលើប្រព័ន្ធអ៊ីនធើណិតអាចធ្វើការហេគចូលទៅគ្រប់គ្រងនៅកន្លែងណាមួយដោយប្រើប្រាស់ការហេគទៅលើបណ្តាញ Network ។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនចាប់ផ្តើមផ្តោតសំខាន់ទៅលើសមត្ថភាព និងភាពធន់នៃការប្រើប្រាស់នូវឧបករណ៍ IoT ប៉ុន្តែមិនសូវជាខ្វល់ខ្វាយទៅលើផ្នែកសុវត្ថិភាពនោះទេ ហើយនេះជាហេតុផលដែលឧបករណ៍ទាំងនោះទទួលរងគ្រោះនៃការហេគជាបន្តបន្ទាប់ផងដែរ។ វិធីល្អបំផុតសម្រាប់ការការពារទៅលើឧបករណ៍របស់អ្នកនៅលើបណ្តាញ Network នោះគឺការប្រើប្រាស់នូវ Firewall ហើយអ្នកត្រូវតែធ្វើបច្ចុប្បន្នភាពទៅលើ OS និង Software របស់អ្នកជាប្រចាំផងដែរ៕