ព័ត៌មាន

ក្រុមហ៊ុនទូរស័ព្ទចល័តរបស់ជប៉ុនបន្តលក់ឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុន Huawei

បន្ទាប់ពីការរឹតបន្តឹងលើការធ្វើពាណិជ្ជកម្មរបស់អាមេរិកលើក្រុមហ៊ុន Huawei ទីផ្សារក្រៅប្រទេសមួយចំនួនបានបោះបង់ចោលនូវការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei រួមទាំងប្រទេសជប៉ុន ហើយក្រុមហ៊ុនចែកចាយស្មាតហ្វូនមួយនេះឥឡូវនេះបានបន្តការលក់ឧបករណ៍អេឡិចត្រូនិករបស់ក្រុមហ៊ុន Huawei ឡើងវិញហើយ។

នៅថ្ងៃទី 2 ខែកក្កដានេះ ក្រុមហ៊ុនទូរស័ព្ទចល័ត IIJ (Internet Initiative Japan) បានចាប់ផ្តើមលក់ទូរស័ព្ទស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុន Huawei រួមទាំងស៊េរី P30 ផងដែរ នេះបើតាមការរាយការណ៍របស់ Nikkei Asia ។ នៅខែឧសភា នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មដែលរារាំងក្រុមហ៊ុននេះពីការទិញគ្រឿងបន្លាស់ និងកម្មវិធីកុំព្យូទ័រពីក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនរបស់សហរដ្ឋអាមេរិក។

បន្ទាប់ពីការសម្រេចចិត្តរបស់ក្រុមហ៊ុន Google បញ្ឈប់ការផ្តល់សេវាកម្មសូហ្វវែររួចមក វាក៏មានការលើកឡើងពីការព្រួយបារម្ភជាច្រើនសម្រាប់ក្រុមហ៊ុនលក់រាយ និងដៃគូពាណិជ្ជកម្ម ពួកគេបានឈប់ទិញស្តុកថ្មីៗក៏ដូចជាបោះបង់ចោលការបញ្ជាទិញថ្មីពីអ្នកប្រើប្រាស់ជាច្រើនផងដែរ។ បន្ទាប់ពីនេះមក នៅថ្ងៃទី 29 ខែមិថុនាលោក Trump ប្រកាសពីការលើកលែងការដាក់កំហិតពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុន Huawei ដែលក្រុមហ៊ុននេះនឹងត្រូវបានអនុញ្ញាតឱ្យបន្តការទិញរបស់ខ្លួនពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ ការសម្រេចចិត្តនេះបានបើកទ្វារថ្មីម្តងទៀតសម្រាប់ក្រុមហ៊ុន Huawei ។

អ្នកនាំពាក្យរបស់ IIJ និយាយថាដំណើរការសម្រេចចិត្ត “ទូលំទូលាយ” នៅពីក្រោយការផ្លាស់ប្តូរនៅថ្ងៃអង្គារនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាជាមួយក្រុមហ៊ុនផលិតជាច្រើនក៏ដូចជាយោបល់របស់លោក Trump ។ អ្នកនាំពាក្យរូបនេះនិយាយផងដែរថាក្រុមហ៊ុនបានទទួលការធានាពីក្រុមហ៊ុន Huawei ថា “ការធ្វើបច្ចុប្បន្នភាពផ្នែកទន់ និងសុវត្ថិភាពនឹងនៅតែអាចប្រើបានរហូតមកដល់ពេលនេះ” ៕

image

image